ក្នុងឱកាសចូលរួមពិធីបិទពិព័រណ៌ស្ទែម (STEM) ប្រចាំឆ្នាំលើកទី៣ នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង កាលពីរសៀលថ្ងៃទី១០ កក្កដា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា ឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ក្រសួងអប់រំ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការជំរុញសមត្ថភាពស្ទែមរបស់សិស្ស និងគ្រូបង្រៀនកម្ពុជា ឱ្យកាន់តែទូលំទូលាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេស និងសកលលោក។
ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសិក្សាឧត្តមានុវត្តន៍ នៃការអនុវត្តកម្មវិធី STEM នៅតាមសាលាជំនាន់ថ្មី(NGS) ទាំង ១៣សាលាទូទាំងប្រទេស ដែលបានផ្តល់ផលជះជាវិជ្ជមានជាច្រើនលើការអភិវឌ្ឍសមត្ថភាពគ្រូ និងអ្នកស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយបង្កើតលក្ខខណ្ឌនិងបរិស្ថានសមស្របសម្រាប់អភិវឌ្ឍសមត្ថភាពរបស់គ្រូ និងសិស្ស, ជាមួយគ្នាក៏ជំរុញការសិក្សាស្រាវជ្រាវលើមុខវិជ្ជា STEM ដោយផ្សារភ្ជាប់មុខវិជ្ជាទាំងនោះទៅក្នុងជីវភាពរស់នៅ និងការអប់រំបំណិនជីវិត និងការបង្កើនការចូលរួម និងប្រសិទ្ធភាពក្នុងការធ្វើសមាហរណកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ដោយពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។
រដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានបញ្ជាក់ដែរថា ក្រសួងក៏បានកំពុងបង្កបរិយាកាស នៃការអប់រំ និងអភិវឌ្ឍសមត្ថភាពស្ទែមដល់សិស្ស និងគ្រូបង្រៀន តាមរយៈការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង ការប្រើប្រាស់បច្ចេកវិទ្យាអប់រំ (EdTech) ផ្សេងៗ ដូចជា កម្មវិធីថ្នាលបឋមសិក្សា PLP ថ្នាលសាលាឌីជីថល (Sala Digital) ថ្នាលទូរសិក្សា (Durarseksa) និងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន តាមសាលារៀន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ឆ្ពោះទៅការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។
ពាក់ព័ន្ធទៅនឹងពិព័រណ៍ស្ទែម (STEM) ប្រចាំឆ្នាំ លើកទី៣ ក្រោមប្រធានបទ “សហថាមពល នៃការប្រើប្រាស់បច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិតក្នុងការបង្កើតគ្រូបង្រៀនឌីជីថលនៅកម្ពុជា” នៅវិទ្យាស្ថានគរុកោសល្យបាត់ដំបង ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ ដោយថា ប្រធានបទនេះ ពិតជាឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា សំដៅលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) លើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បាន លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំគ្រប់កម្រិតសិក្សា ជាពិសេសក្មួយៗគរុនិស្សិតដែលកំពុងត្រៀមខ្លួនក្លាយជាគ្រូបង្រៀននាពេលខាងមុខ សូមប្រឹងប្រែងអស់ពីសមត្ថភាពបន្តខិតខំរៀនសូត្រ ចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធដល់សិស្ស ដើម្បីធានាបាននូវការអប់រំប្រកបដោយគុណភាព និងសូមបន្តអភិវឌ្ឍសមត្ថភាព ចំណេះជំនាញរបស់ខ្លួនជាប់ជាប្រចាំ តាមរយៈការស្វ័យស្រាវជ្រាវ សរសេរសៀវភៅ អភិវឌ្ឍសមត្ថភាពភាសាបរទេស ជាពិសេសចេះប្រើប្រាស់ AI ដើម្បីអភិវឌ្ឍសមត្ថភាពឱ្យទាន់សម័យកាលរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ពង្រីកចំណេះដឹង និងបំពេញឱ្យបាននូវលក្ខខណ្ឌស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន៕






























