អ្នកជំនាញអប់រំ ៖ ក្នុងបរិបទសង្គមឌីជីថល គ្រូបង្រៀនកម្ពុជាត្រូវចេះប្រើបញ្ញាសិប្បនិម្មិត (AI)

វិស័យអប់រំ គឺជាវិស័យស្នូល ដែលជំរុញអរិយធម៌ប្រទេសមួយឱ្យថ្កុំថ្កើង ត្បិតវិស័យនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងមូលធនមនុស្សដែលជាធនធានចម្បងរបស់សង្គម ។ ក្នុងបរិបទដែលនិន្នាការបច្ចេកវិទ្យាកំពុងវិវត្តន៍ឥតឈប់ឈរ ការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចនាំឱ្យវិស័យអប់រំ ផ្លាស់ប្ដូររបៀបរៀន បង្រៀន និងដំណើរការស្ថាប័នអប់រំយ៉ាងឆាប់រហ័ស ។ ដូច្នេះ តើគ្រូបង្រៀនកម្ពុជា ត្រូវចេះប្រើ និងទទួលយកបច្ចេកវិទ្យានេះ ដើម្បីជាជំនួយការបំពេញការងារដែរ ឬទេ ?

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន ដល់ពេលហើយ ដែលគ្រូបង្រៀនកម្ពុជា ត្រូវចេះប្រើ និងទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ធ្វើជាជំនួយក្នុងការងារ។ ជាក់ស្តែង ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៥ និងគោលនយោបាយជាទិសដៅជាតិរបស់ក្រសួងអប់រំ ក៏មានផែនការក្នុងការធ្វើបរិវត្តន៍កម្មឌីជីថល កម្មវិធីសិក្សា និងការរៀនសូត្រផងដែរ។ 

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងអង្គុយស្រាវជ្រាវ ក្នុងបណ្ណាល័យ ហ៊ុន សែន ។

សម្រាប់លោកស្រី ប៉ែន សុគន្ធារី នាយិកាអនុវិទ្យាល័យ ថ្មតាព្រហ្ម ដែលជាសាលានៅទីជនបទ ដាច់ស្រយាលមួយ ក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បានលើកឡើថា លោកស្រីបានប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) រួចរាល់ហើយ និងបានចែករំលែកចំណេះដឹងនេះ ទៅដល់ក្រុមការងារ និងសិស្សទៀតផង។ លោកស្រីសង្កត់ធ្ងន់ថា បច្ចេកវិទ្យានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ចូលរួមក្នុងវិស័យអប់រំ។ ដូច្នេះ ដល់ពេលហើយ ដែលគ្រូបង្រៀនកម្ពុជា ត្រូវចេះប្រើបញ្ញាសិប្បនិម្មិត (AI) ។

ត្បិតសាលាខ្ញុំនៅទីជនបទដាច់ស្រយាល ប៉ុន្តែខ្ញុំនៅតែប្រើបញ្ញាសិប្បនិម្មិត (AI) , ភាគច្រើន ប្រើទៅលើការសិក្សា និងស្រាវជ្រាវ ឯកសារផ្សេងៗ ព័ត៌មាន កិច្ចការគ្រប់គ្រង​ដឹកនាំអង្គភាព។

លោកស្រី ប៉ែន សុគន្ធារី នាយិកាអនុវិទ្យាល័យ ថ្មតាព្រហ្ម

តើនឹងមានរឿងអ្វីកើតឡើង ប្រសិនបើគ្រូបង្រៀនបដិសេធមិនទទួលយកបច្ចេកវិទ្យា AI ?

លោកបណ្ឌិត សុខ សូត្រ យល់ឃើញថា ក្នុងបរិបទបច្ចុប្បន្ន ប្រសិនបើគ្រូមិនទទួលយកច្ចេកវិទ្យានេះ គាត់នឹងត្រូវបានកូនសិស្សមើលឃើញថា ជាមនុស្សហួសសម័យ លើកលែងតែគាត់ជាមនុស្សដែលមានលក្ខណៈពិសេសតែម្ដង ពាក់ព័ន្ធនឹងសិល្បៈក្នុងការនិយាយ និងបង្រៀន។

អ្នកដែលមិនប្រើបញ្ញាសិប្បនិម្មិត (AI) បន្តិចម្ដងៗនឹងក្លាយជាមនុស្សដែលហួសសម័យ ព្រោះអ្នកដែលកើតនៅអំឡុងឆ្នាំ ២០១០ មកដល់ពេលនេះពួកគេធំដឹងក្ដីប្រើបញ្ញាសិប្បនិម្មិត (AI) អស់ទៅហើយ។

លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

លោកស្រី ប៉ែន សុគន្ធារី លើកឡើងស្រដៀងនេះដែរថា គ្រូបង្រៀនបច្ចុប្បន្ន ប្រសិនបើមិនចេះបច្ចេកវិទ្យាបញ្ញាសិ​ប្បនិម្មិត (AI) នោះទេ គឺហាក់បីដូចជា កំពុងតែឈរនៅមួយកន្លែង ហើយដើរមិនទាន់ពិភពលោក ព្រោះបច្ចុប្បន្នពិភពលោក កំពុងតែវិវត្តន៍ដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ លោកស្រីនាយិការូបនេះបន្ថែមថា ទោះនៅតំបន់ជនបទ ប៉ុន្តែឥឡូវនេះសូម្បីតែសិស្សរបស់លោកស្រី ក៏អាចប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នេះគ្រប់គ្នា។​

ចំណេះដឹង ដែលគ្រូត្រូវមាន ដើម្បីប្រើបញ្ញាសិប្បនិម្មិត (AI)

លោក ស៊ីលី សុវណ្ណនី គ្រូបង្រៀននៃអនុវិទ្យាល័យកោះស្វាយ មានទីតាំងក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានចែករំលែកបទពិសោធន៍របស់លោកថា ថ្វីត្បិតតែ បញ្ញាសិប្បនិម្មិត (AI) មានប្រយោជន៍សម្រាប់ការងារ និងការបង្រៀន តែគ្រូបង្រៀនដែលចង់ប្រើប្រាស់ ត្រូវមានចំណេះដឹងភាសាអង់គ្លេស ការយល់ដឹងពីរបៀបប្រើប្រាស់ កម្មវិធីអ៊ីនធឺណិត ជាពិសេសគឺត្រូវដឹងពីគេហទំព័រ AI ជៀសវាងហានិភ័យលើសន្តិសុខផ្ទាល់ខ្លួន (គេហទំព័រអានាមិក)។ 

សម្រាប់លោកស្រី សុគន្ធារី ជាបទពិសោធន៍ជាក់ស្ដែង លោកស្រីមិនមែនជានិស្សិតផ្នែព័ត៌មានវិទ្យា ឬកុំព្យូទ័រនោះទេ ប៉ុន្តែ ដើម្បីប្រើបច្ចេកវិទ្យានេះ អ្នកប្រើប្រាស់មិនចាំបាច់មានលក្ខខណ្ឌអ្វីធំដុំឡើយ ដោយគ្រាន់តែអាចប្រើប្រាស់ទូរស័ព្ទដៃ ក៏ប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បាន។ 

ផលវិជ្ជមាន និងអវិជ្ជមាន នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ

ត្រង់ចំណុចនេះ លោកបណ្ឌិត សុខ សូត្រ បានរំលេចនូវចំណុចធំៗមួយចំនួន ៖ ផលវិជ្ជមានទី១ វានឹងធ្វើឱ្យការងារគ្រូបង្រៀនស្រួលជាងមុនច្រើន, ទី២ ធ្វើឱ្យវិធីបង្រៀនរបស់គាត់ត្រូវគ្នា និងវិធីរបស់កុមារ ដែលកំពុងធំដឹងក្ដីជាមួយនឹងបច្ចេកវិទ្យា, ទី៣ ខ្លឹមសារមេរៀនទាន់សម័យ, ទី៤ ធ្វើឱ្យគ្រូ និងសិស្សងាកចេញពីចំណេះដឹង ដែលគាត់អាចទន្ទេញចាំ មកជាចំណេះដឹង ដែលសំយោគជាមួយនឹងរឿងថ្មីៗ និងទី៥ ធ្វើឱ្យការរៀនពោរពេញដោយភាពរំភើបសម្រាប់សិស្ស ព្រោះពួកគេបានរកដោយខ្លួនឯង បានឃើញដោយខ្លួនឯង ហើយអាចយកមកជជែកពិភាក្សាគ្នាបាន។

ចំណែក ផលអវិជ្ជមានទី១ បច្ចេកវិទ្យានេះមានតម្លៃថ្លៃ ដើម្បីឱ្យមានច្ចេកវិទ្យាឌីជីថលនៅក្នុងថ្នាក់រៀន នៅក្នុងបណ្ណាល័យ នៅក្នុងសាលារៀន នៅក្នុងជីវិតរបស់សិស្សបាន វាទាមទារឱ្យមាន Wi-Fi, ភ្លើងអគ្គិសនី និងសម្ភារៈទំនើបៗ, ទី២ របស់ទាំងនេះ ងាយនឹងធ្វើឱ្យសិស្សញៀន ឬវ៉ក់, ទី៣ កាត់បន្ថយទំនាក់ទំនងអន្តរបុគ្គល និងបំណិនចិត្តសាស្ត្រសង្គម ដែលយើងត្រូវចេះមើលទឹកមុខគ្នា ចេះទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា, ទី៤ ត្រូវស៊ីពេលយូរ ដើម្បីឱ្យកម្មវិធីសិក្សា គ្រូបង្រៀន និងគណៈគ្រប់គ្រងសាលារៀន អាចមកតាមទាន់ប្រើបានជាប្រព័ន្ធមួយជាមួយគ្នា និងទី៥ យើងមិនទាន់ដឹងថា តើបញ្ញាសិប្បនិម្មិត (AI) ឆ្លាតវ័យបំផុតកម្រិតណានោះទេ អាចថានៅពេលដែលវាឆ្លាតវៃខ្លាំងបំផុត វាអាចច្នៃ ឬបំភ្លៃចំណេះដឹងទាំងនោះមកមនុស្សវិញ។

តើគ្រូនៅជនបទម្ពុជា អាចពិបាកទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឬទេ? 

របាយការណ៍ បច្ចេកវិទ្យាក្នុងវិស័យអប់រំនៅតំបន់អាស៊ីអាគ្នេយ៍ – ករណីសិក្សាអំពីកម្ពុជា របស់អង្គការយូនីស្កូ បានប្រៀបធៀបអំពីភាគរយនៃការប្រើឧបករណ៍អេឡិចត្រូនិច របស់អ្នកនៅទីជនបទ និងភ្នំពេញបានបង្ហាញថា  ម៉ាស៊ីនព្រីន ៖ ជនបទ ០% ភ្នំពេញ ១%, កុំព្យូទ័រ ៖ ជនបទ ៩% ភ្នំពេញ ២៣%, ចានផ្កាយរណប ៖ ជនបទ ៤% ភំ្នពេញ ០%, កាមេរ៉ា ៖ ជនបទ ១% ភ្នំពេញ ១%, គ្រឿងចាក់ភ្លេង ៖ ជនបទ ៣% ភ្នំពេញ ៦%, ម៉ាស៊ីនចាក់វីដេអូ ៖ ជនបទ ១៣% ភ្នំពេញ ១៥%, ទូរទស្សន៍ ៖ ជនបទ ៧៧% ភ្នំពេញ ៩៥%, វិទ្យុ ៖ ជនបទ ២៩% ភ្នំពេញ ២៦%, ទូរស័ព្ទ ​៖ ជនបទ ៨៩% ភ្នំពេញ ៩៦%។ ដោយផ្អែកលើទិន្នន័យនេះ យើងឃើញថា គម្លាតនៃចំនួនអ្នកប្រើប្រាស់ទូរស័ព្ទនៅទីជនបទ និងទីក្រុង មិនខុសគ្នាឆា្ងយនោះទេ។ ដូច្នេះ​ ប្រសិនបើអ្នកនៅជនបទ ចង់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺពួកគាត់អាចធ្វើបាន តាមរយៈទូរស័ព្ទដៃ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត សុខ សូត្រ។

លោកស្រី ប៉ែន សុគន្ធារី នាយិកាអនុវិទ្យាល័យ ថ្មតាព្រហ្ម ក្នុងឯកសណ្ឋានជាគ្រូបង្រៀន កំពុងប្រជុំនិស្សិតសាកលវិទ្យាល័យភ្នំពេញ ចុះកម្មសិក្សា ។

ខណៈលោក សុវណ្ណនី និងលោកស្រី សុគន្ធារី ដែលជាគ្រូបង្រៀននៅសាលារៀនជនបទ យល់ឃើញដូចគ្នាថា គ្រូនៅជនបទកម្ពុជា អាចទទួលយកបច្ចេកវិទ្យាបាន ប៉ុន្តែមានបញ្ហាតិចតួច ពាក់ព័ន្ធនឹងសេវាអ៊ីនធឺណិត។ យ៉ាងណាក៏ដោយ អ្នកស្រី សុគន្ធារី បង្ហាញដំណោះស្រាយថា ក្នុងករណីដែលមិនមានសេវាអ៊ីនធឺណិតគ្រប់គ្រាន់ យើងអាចប្រើ Wi – Fi ចល័ត ប៉ុន្តែតាមរយៈបទពិសោធន៍លោកស្រី ការប្រើដុំ Wi-Fi ចល័ត មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ។ ដូច្នេះលោកស្រី បានទំនាក់ទំនងទៅក្រុមហ៊ុនសេវាទូរស័ព្ទ ដើម្បីឱ្យខាងក្រុមហ៊ុនជួយដំឡើងសេវាទូរស័ព្ទ នៅក្បែរសាលា ដើម្បីជួយសម្របសម្រួលសេវាអ៊ីនធឺណិតដល់សាលារៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង២១០នាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន និងគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររងចំនួន២១០កន្លែង...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...