អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នឹងផ្តល់ជូន ៦០កន្លែង សម្រាប់សិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំសិក្សា២០២៦-២០២៧នេះ។
លក្ខខណ្ឌ នៃការជ្រើសរើស
១- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ថ្នាក់វិទ្យាសាស្រ្តពិត ដែលមាននិទ្ទេសមុខវិជ្ជាគណិតវិទ្យា ពី A ដល់ E និងមុខវិជ្ជារូបវិទ្យា ពី A ដល់ E (សម្រាប់ដាក់ពាក្យលើជំនាញ ស្ថាបត្យកម្ម តុបតែងលម្អ នៃស្ថាបត្យកម្ម និងគំនូរសារគមនាគមន៍)។
២- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ ឬសមមូល (សម្រាប់ការដាក់ពាក្យលើជំនាញឆ្លងកាត់ការប្រឡង តូរ្យតន្រ្តី ឯកទេសតន្រ្តីបុរាណ)
៣- បេក្ខជនបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ឬសមមូល (សម្រាប់ការដាក់ពាក្យលើជំនាញមិនឆ្លងកាត់ការប្រឡង)
៤- មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ខិតខំរៀនសូត្រ
៥- គោរពតាមការណែនាំ និងព្រមទទួលយកលក្ខខណ្ឌដែលមានចែងរបស់គណៈកម្មាធិការអាហារូបករណ៍ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជំនាញ និងព័ត៌មានទាក់ទងនឹងគ្រឹះស្ថានឧត្តមសិក្សា
ឆ្លងកាត់ការប្រឡង
-មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ចំនួន ១០កន្លែង
-មហាវិទ្យាល័យសិល្បៈសូនរូប (ជំនាញ តុបតែងលម្អ នៃស្ថាបត្យកម្ម និងគំនូរសារគមនាគមន៍) ចំនួន ១០កន្លែង
-មហាវិទ្យាល័យតូរ្យតន្រ្តី (ឯកទេសតន្រ្តីបុរាណ) ចំនួន ១០កន្លែង
មិនឆ្លងកាត់ការប្រឡង
-មហាវិទ្យាល័យសិល្បៈសូនរូប (ជំនាញវិចិត្រកម្ម និងចម្លាក់) ចំនួន ១០កន្លែង
-មហាវិទ្យាល័យបុរាណវិទ្យា ចំនួន ១០កន្លែង
-មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត (ឯកទេសតែងនិពន្ធ) ចំនួន ១០កន្លែង
អាហារូបករណ៍ផ្តល់ជូនសម្រាប់តែតម្លៃសិក្សា។ ការបង់ថ្លៃរដ្ឋបាល និងចំណាយផ្សេងៗ ជាបន្ទុករបស់សាមីខ្លួន និងត្រូវបង់ជូនគ្រឹះស្ថានឧត្តមសិក្សាផ្ទាល់នៅពេលចូលសិក្សា និងកំពុងសិក្សា។

ការដាក់ពាក្យស្នើសុំ
ដំណាក់កាលទី១ ៖ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡង ឬដាក់ពាក្យស្នើសុំ ជាមួយគណៈកម្មាធិការអាហារូបករណ៍ តាមរយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់គេហទំព័រ https://reg.amt.live/web/signup ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡង និងស្គេនបញ្ចូលឯកសារតម្រូវការដាក់ពាក្យដូចជា រូបថតទំហំ ៤ x ៦ (ផ្ទៃខាងក្រោយពណ៌ស ឬផ្ទៃមេឃ ជា File .JPG), អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត (File .PDF), សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ (File .PDF), វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់ដែលមានលំដាប់ពិន្ទុ (File .PDF)។ បន្ទាប់ពីបេក្ខជនដាក់ពាក្យស្នើសុំប្រឡងបានជោគជ័យនៅដំណាក់កាលទី១ បេក្ខជនត្រូវទាញយកសលាកបត្រឯកត្តជនពីប្រព័ន្ធអនឡាញខាងលើ ដើម្បីដាក់ពាក្យស្នើសុំប្រឡង ឬដាក់ពាក្យនៅដំណាក់កាលទី២។
ដំណាក់កាលទី២ ៖ បេក្ខជនដាក់ពាក្យជំនាញឆ្លងកាត់ការប្រឡង ត្រូវដាក់ពាក្យប្រឡងនៅសាកលវិទ្យាល័យដោយផ្ទាល់ ដែលអនុលោមតាមនីតិវិធីរបស់សាកលវិទ្យាល័យ និងត្រូវភ្ជាប់ទៅជាមួយនូវសលាកបត្រឯកត្តជន ដែលទទួលបាននៅដំណាក់កាលទី១។ ចំណែកបេក្ខជនដាក់ពាក្យជំនាញមិនឆ្លងកាត់ការប្រឡង ត្រូវរង់ចាំលទ្ធផលជាប់ស្ថាពរអាហារូបករណ៍ពីគណៈកម្មាធិការអាហារូបករណ៍ ទើបតម្រូវឱ្យដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យដោយផ្ទាល់ ដែលអនុលោមតាមនីតិវិធីរបស់សាកលវិទ្យាល័យ និងត្រូវភ្ជាប់ទៅជាមួយនូវសលាកបត្រឯកត្តជន ដែលទទួលបាននៅដំណាក់កាលទី១។
ការដាក់ពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥ល្ងាចជាកំហិត។ ការប្រឡងនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ ហើយកាលបរិច្ឆេទចូលរៀន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងការិយាល័យអាហារូបករណ៍ មានអាសយដ្ឋាន អគារលេខ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង៨ព្រឹក-៥ល្ងាច៕














































































