ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) បានក្លាយជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីជជែកដេញដោលយុវជនវគ្គផ្តាច់ព្រ័ត្រ (Youth Debate) ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» រៀបចំដោយក្រសួងពាណិជ្ជកម្ម។ កម្មវិធីជជែកដេញដោលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយអមជាមួយ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» ដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០»។
ក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ (CamEd) គឺជាក្រុមបដិសេធ ដែលត្រូវប្រកួតជាមួយ ក្រុមនិស្សិតមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ជាក្រុមស្រប លើប្រធានបទ «កម្ពុជាគប្បីផ្តល់អាទិភាពលើការក្លាយជាអ្នកនាំចេញសេវាកម្មតាមប្រព័ន្ធឌីជីថល ជាជាងការពង្រីកការនាំចេញទំនិញរូបវន្តដែលគាំទ្រដោយប្រព័ន្ធឌីជីថល នៅត្រឹមឆ្នាំ២០៣០»។

ជាលទ្ធផល ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ ជាក្រុមបដិសេធ ទទួលបានជ័យលាភីលេខ១ ពីការប្រកួត ដែលមានសមាជិក ៤នាក់ រួមមាន កញ្ញា ណាត សូលីតា, កញ្ញា ចៅ យិញហ្វុង, លោក មាស ណារ៉ា និងកញ្ញា ហេង លាងឆេង។ សម្រាប់ជ័យលាភីលេខ២ បានទៅលើ ក្រុមនិស្សិតមកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងជ័យលាភីលេខ៣ បានទៅលើ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។
សម្រាប់ការប្រកួតនេះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានសហការរៀបចំ និងផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមប្រកួតប្រជែងយ៉ាងផុសផុល។

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា វេទិកានេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការជំរុញការចូលរួមរបស់យុវជនជំនាន់ក្រោយ ឱ្យមានការសន្ទនា ផ្លាស់ប្តូរគំនិត និងពង្រីកការយល់ដឹងស៊ីជម្រៅអំពីសក្តានុពលនៃ “ពាណិជ្ជកម្មឌីជីថល” ដែលជាមូលដ្ឋានគ្រឹះឆ្ពោះទៅរកការកសាងអនាគតសេដ្ឋកិច្ចឌីជីថលដ៏ឆ្លាតវៃ និងរឹងមាំសម្រាប់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម កឹម ស៊ីថន បានអបអរសាទរចំពោះ ក្រុមនិស្សិតមកពីវិទ្យាស្ថានខេមអេដ ជាក្រុមបដិសេធ ដែលបានដណ្ដើមជ័យលាភីលេខ១ ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ បន្ទាប់ពីបានតទល់មតិយ៉ាងស្វិតស្វាញប្រកបដោយហេតុផលច្បាស់លាស់។

រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផល និងស្មារតីនៃការប្រកួតប្រជែងនៅថ្ងៃនេះ នឹងក្លាយជាចលករជំរុញឱ្យយុវជនកម្ពុជាកាន់តែច្រើន បន្តស្វែងយល់ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលជាតិឱ្យកាន់តែរីកចម្រើននាពេលអនាគត។
គួរជម្រាបជូនថា កម្មវិធីជជែកដេញដោលយុវជន «ពាណិជ្ជកម្មឌីជីថលកម្ពុជា» ត្រូវបានរៀបចំឡើងដើម្បីបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា៕













































































