ការយល់ដឹងអំពីវិធីថែទាំសុខភាពផ្លូវចិត្តនឹងជួយយុវជនរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួនបានល្អ។ តាមរយៈការទទួលស្គាល់ពីតម្រូវការផ្នែកផ្លូវចិត្តខាងជំនឿ មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងរក្សាតុល្យភាពជីវិតបានល្អ នឹងធ្វើឱ្យជីវិតយុវជនប្រសើរឡើង, នេះជាការលើកឡើងរបស់ លោក ប៊ុន លឹមហ៊ួរ ជាអ្នកជំនាញចិត្តសាស្រ្ត និងជាសមាជិកសមាគមអ្នកចិត្តសាស្រ្តអាមេរិក។
បើតាមអ្នកចិត្តសាស្ត្ររូបនេះ មានគោលការណ៍ ៥ យ៉ាង ដែលអាចជួយយុវជន ជៀសផុត ពីវិបត្តិផ្លូវចិត្ត ដែលរួមមាន៖
១. ការបញ្ចេញអារម្មណ៍ ៖ រកមិត្តភក្ដិជជែកគ្នា ឬចែករំលែករឿងរ៉ាវក្នុងចិត្តជាមួយ អ្នកដែលអាចទុកចិត្តបាន។
២. ថែទាំសុខភាពផ្លូវកាយ ៖ ញ៉ាំអាហារសុខភាព គេងគ្រប់គ្រាន់ចន្លោះពី ៧ ទៅ ៨ម៉ោង និងអនុវត្តលំហាត់ ឬសកម្មភាពរាងកាយ មួយថ្ងៃយ៉ាងតិច ៣០នាទី។

៣. រកវិធីដោះស្រាយភាពតានតឹង ដោយខ្លួនឯង ៖ លោក លឹម ហួរ ថា ការដោះស្រាយអារម្មណ៍ស្ត្រេស ឬភាពតានតឹង អាចធ្វើតាមរយៈ ការធ្វើសកម្មភាពសិល្បៈ ការច្នៃប្រឌិតថ្មីៗ និងមានទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រឡាញ់។
៤. បង្កើតព្រំដែនសម្រាប់ខ្លួនឯង ៖ ចំណុចនេះ លោកថា ពេលខ្លះយុវជនត្រូវឆ្លើយតបខ្លួនឯងថា មិនអីទេ! នៅស្ងៀមស្ងាត់ ឬក៏មិនចាំបាច់ទាល់តែឆ្លើយឆ្លងជាមួយនរណាម្នាក់ និងនៅឆ្ងាយពីទូរស័ព្ទក្នុងខណៈពេលខ្លី។
៥. រកជំនួយ ៖ រកជំនួយ ក្នុងន័យនេះ លោកណែនាំឱ្យ យុវជន អាចទៅជួបអ្នកជំនាញ ស្រាវជ្រាវ ឬរៀនពីគន្លឹះជួយខ្លួនឯង អានសៀវភៅណែនាំ និងអនុវត្តអ្វី ដែលបានស្រាវជ្រាវ ជាប្រចាំ។
ស្របនឹងការលើកឡើងរបស់ លោក លឹម ប៊ុនហួរ អង្គការសុខភាពពិភពលោក បានផ្ដល់អនុសាស្ត្រថា ដើម្បីថែទាំផ្លូវចិត្តឱ្យបានល្អ យុវជន អាចអនុវត្តសកម្មភាពមួយចំនួន ដូចជា តាមដានសុខភាពផ្លូវកាយជាប្រចាំ ធ្វើសកម្មភាពដែលខ្លួនចូលចិត្ត ឬមានអារម្មណ៍រីករាយ ជជែកជាមួយមនុស្សដែលខ្លួនទុកចិត្ត ចៀសវាងសកម្មភាពគ្រោះថ្នាក់ចំពោះខ្លួនឯង និងអ្នកដទៃ និងចំណាយពេល ២នាទី ដើម្បីបន្ធូរអារម្មណ៍ ដោយបិទភ្នែកបន្តិចម្ដងៗ រួចដកដង្ហើមវែងៗ។

យ៉ាងណាក៏ដោយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុខភាពផ្លូវចិត្តបន្ថែមទៀត បើតាមលោក លឹមហួរ នៅតាមសាលារៀនរដ្ឋ និងឯកជន គួរមានក្លិបយុវជន ដែលបង្រៀនកុមារ និងយុវជន អំពីការអប់រំផ្លូវចិត្ត សម្មាធិ បំណិនជីវិត និងការគ្រប់គ្រងផ្លូវចិត្ត និងមានអ្នកជំនាញឯកទេស សុខភាពផ្លូវចិត្ត និងអ្នកសង្គមកិច្ច ជួយសាលានៅតាមសហគមន៍ ចាប់ពីកម្រិតបឋមសិក្សា ដល់វិទ្យាល័យ។ ហើយការផ្ដួចផ្ដើមគំនិត សំខាន់ៗ មានដូចជា ៖
- បញ្រ្ជាបការយល់ដឹងអំពី ការចិញ្ចឹមបីបាច់អប់រំកូន គួរតែមានការផ្សព្វផ្សាយឱ្យទូលាយ នៅតាមតាមសាលា និងមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត។
- បង្កើតកម្មវិធី ឬគោលការណ៍អន្តរាគមន៍បែបចិត្តសាស្រ្ត-ផ្លូវចិត្ត សម្រាប់កុមារ យុវវ័យឬយុវជន នៅតាមគ្រឹះស្ថានអប់រំទាំងអស់ (អន្តរាគមន៍បែបជាក្រុម និងបុគ្គល)។
- មានអន្តរាគមន៍ជាក់លាក់ ផ្នែកចិត្តចិត្តសាស្រ្ត-សង្គម និងរកជំនួយពីអ្នកជំនាញផ្លូវចិត្ត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។
- ការជួបជុំក្រុមយុវជន ជួយគាំទ្រគ្នាទៅមក(Peer Support Group) ហើយផ្តល់ការគោរព សេចក្តីថ្លៃថ្នូរ និងការរក្សាការសម្ងាត់ក្នុងក្រុម។
គួរជម្រាបជូនថា បញ្ហាផ្លូវចិត្តក្នុងចំណោមយុវជនកម្ពុជា បានកើនឡើងតាំងពីឆ្នាំ២០១៦មកម្ល៉េះ បើតាមអង្គការសុខភាពពិភពលោក ករណីធ្វើអត្តឃាតនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ហើយការកើនឡើងខ្លាំងគឺចាប់ពីឆ្នាំ២០១៨ ដោយមានអ្នកស្លាប់ក្នុងករណីធ្វើអត្តឃាតចំនួន ៨៣៦នាក់ ស្មើនឹង ១,០២ភាគរយនៃចំនួនអ្នកស្លាប់ ដោយជំងឺមិនឆ្លង១សែននាក់ ខណៈបច្ចុប្បន្នចំនួនអ្នកស្លាប់ដោយករណីអត្តឃាតបានកើនឡើងដល់ ៥,៨៧ ភាគរយ ដែលភាគច្រើនជាយុវជនអាយុចន្លោះពី១៥ឆ្នាំ ទៅ១៩ឆ្នាំ៕































