ភ្នំពេញ – អ្នកបច្ចេកវិទ្យា ក៏ដូចជាសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែបានលើកឡើងដូចគ្នាថា បច្ចេកវិទ្យាអប់រំ ពិតជាមធ្យោបាយដ៏ល្អ និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្ស និស្សិត ក៏ដូចជាមនុស្សគ្រប់គ្នាអាចធ្វើការសិក្សា ក៏ដូចជាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ។
លើកឡើងនៅក្នុងសន្និសីទលើកទី៣ នៃសមាគមការអប់រំប្រៀបធៀបនៅកម្ពុជា លើកិច្ចពិភាក្សាស្ដីពីបច្ចេកវិទ្យាអប់រំ ជាមធ្យោបាយសម្រាប់ការសិក្សាក្រៅប្រព័ន្ធ រៀបចំដោយសាកលវិទ្យាល័យខេមតិច កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣កន្លងទៅនេះ លោក តាំង តូម៉េង ប្រធានផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យខេមតិច មានប្រសាសន៍ថា ចំពោះការសិក្សារបស់សិស្ស និស្សិតនៅក្នុងថ្នាក់មិនទាន់គ្រប់គ្រាន់នោះទេ គឺចាំបាច់ត្រូវសិក្សាស្រាវជ្រាវពីបច្ចេកវិទ្យាអប់រំមួយចំនួនបន្ថែមទៀត។ លោកបញ្ជាក់បន្ថែមថា នៅក្នុងបច្ចេកវិទ្យាអប់រំទាំងនោះ មានមេរៀនជាច្រើនដែលជួយឱ្យនិស្សិតអាចអភិវឌ្ឍខ្លួនបានកាន់តែប្រសើរ។
បើតាមលោក តាំង តូម៉េង ឪពុកម្ដាយ ឬអាណាព្យាបាលក៏ជាតួអង្គសំខាន់ក្នុងការគាំទ្រកូនៗឱ្យប្រើបច្ចេកវិទ្យាអប់រំដែលជួយដល់ការរីកចម្រើននៃការសិក្សារបស់កូនៗផងដែរ។
លោក តាំង តូម៉េង ប្រធានផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យខេមតិច
“ប្រសិនជាកូនចូលចិត្តលេងបច្ចេកវិទ្យា ឪពុកម្ដាយត្រូវតែចេះណែនាំកូនឱ្យលេងកម្មវិធីណាមួយដើម្បីជួយដល់ការសិក្សារបស់កូន”

លោក គៀង សុភា នាយកវាយតម្លៃការរៀន និងជាសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ មានប្រសាសន៍ថា បច្ចេកវិទ្យាអប់រំ អាចជួយមនុស្សគ្រប់គ្នាបង្កើនចំណេះដឹងបានដោយខ្លួនឯងដោយមិនផ្ដោតលើការសិក្សាតែនៅក្នុងសាលារៀន។ លោកបន្តថា បច្ចេកវិទ្យាអប់រំ ក៏បានផ្ដល់ភាពងាយស្រួលដល់មនុស្សគ្រប់គ្នាអាចសិក្សាស្រាវជ្រាវនូវចំណេះដឹងថ្មីៗ អំពីប្រធានបទសិក្សាចំរុះ និងសម្បូរបែប។ លើសពីនេះ គួរតែបង្កើតកម្មវិធីសិក្សាបច្ចេកវិទ្យាអប់រំ សម្រាប់យុវជនអាចចូលទៅសិក្សាព្រោះពួកគេពិតជាត្រូវការការគាំទ្រពីគ្រូបង្រៀន ឬសាស្រ្តាចារ្យ។
លោកសាស្ត្រាចារ្យ គៀង សុភា
“តាមបទពិសោធន៍ជាក់ស្តែង ខ្ញុំតែងចំណាយពេលរៀនដោយខ្លួនឯងតាមរយៈបច្ចេកវិទ្យាអប់រំតាមរយៈវេបសាយនៅក្នុងវគ្គសិក្សាមួយចំនួន ដូចជា EDX, Coursera ជាដើម”
បណ្ឌិត ព្រហ្ម សុភា ព្រឹទ្ធបុរសរងមហាវិទ្យាល័យវិស្វកម្ម និងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យខេមតិច លើកឡើងដែរថា នៅពេលដែលវិស័យឧស្សាហកម្មមួយចំនួនចាប់ផ្ដើមបត់ទៅរកបច្ចេកវិទ្យា AI មានន័យថា ការអប់រំ ក៏គួរតែផ្លាស់ប្ដូរក្នុងគោលបំណងជំរុញសិស្សចាប់យកបច្ចេកវិទ្យា ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យាទាំងនោះជំរុញឱ្យប្រសើរឡើងទាំងការរៀន និងការបង្រៀន។

សាស្ត្រាចារ្យជាន់ខ្ពស់ នៃសាកលវិទ្យាល័យខេមតិច បន្ថែមថា តាមរយៈបច្ចេកវិទ្យាអប់រំ គឺអាចទៅរួចដែលព័ត៌មានមួយចំនួននៅលើអ៊ីនធឺណែត និស្សិតអាចយកមកប្រើប្រាស់សម្រាប់ការសិក្សាតាមបែបគម្រោង ហើយអាចនិយាយបានថា និស្សិតរៀនបានលឿនជាងអ្វីដែលពួកគេរៀននៅតែក្នុងថ្នាក់រៀន។
បណ្ឌិត ព្រហ្ម សុភា បញ្ជាក់បន្ថែមថា ដើម្បីលើកទឹកចិត្តសិស្សអាចរៀនដោយខ្លួនឯងបាន យើងមានគោលបំណងលើកទឹកចិត្តនិស្សិតឱ្យចេះអំពីរបៀបសិក្សាផ្អែកលើគម្រោងស្រាវជ្រាវ។ ទន្ទឹមគ្នានេះ និស្សិតមានជម្រើសពីរក្នុងការសិក្សា គឺទី១.និស្សិតសិក្សានៅក្នុងថ្នាក់ជាមួយសាស្រ្តាចារ្យ ទី២. និស្សិតចុះហាត់ការបង្កើតគម្រោង ដោយជ្រើសរើសសិស្សដែលមានបំណងចង់ដោះស្រាយបញ្ហាតាមរយៈការបង្កើតជាគម្រោង អាចសិក្សាជាក្រុម ឬម្នាក់ឯង ដោយមានការដឹកនាំតម្រង់ទិសពីសាស្រ្ដាចារ្យ។
បណ្ឌិត ព្រហ្ម សុភា បញ្ជាក់បន្ថែមថា តាមរយៈបច្ចេកវិទ្យាអប់រំគឺអាចទៅរួចដែលព័ត៌មានមួយចំនួននៅលើអ៊ីនធឺណែត និស្សិតអាចយកមកប្រើប្រាស់សម្រាប់ការសិក្សាតាមបែបគម្រោង ហើយអាចនិយាយបានថានិស្សិតរៀនបានលឿនជាងអ្វីដែលពួកគេរៀននៅតែក្នុងថ្នាក់រៀន៕































