ភ្នំពេញ – ខណៈដែលសង្គមសេដ្ឋកិច្ចកំពុងតែវិវឌ្ឍទៅមុខ ដែលតម្រូវឱ្យបុគ្គលិក និយោជិតត្រូវមានកម្រិតជំនាញកាន់តែខ្ពស់ជាងមុន គេសង្កេតឃើញថា វិស័យឯកជនកាន់តែច្រើនចាប់ផ្តើមធ្វើការអភិវឌ្ឍសមត្ថភាពបុគ្គលិក និងថ្នាក់ដឹកនាំ ក្នុងទិដៅរក្សានិរន្តរភាពស្ថាប័នរបស់ខ្លួន។
លោក គុជ សាវ៉ាត នាយកគ្រប់គ្រងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) លើកឡើងថា កន្លងមក EDI បានផ្តល់សេវាកម្មវគ្គបណ្តុះបណ្តាលដល់ក្រុមហ៊ុន ស្ថាប័នរដ្ឋ អង្គការជាតិ និងអន្តរជាតិជាច្រើន ដោយឡែកនៅក្នុងថ្ងៃកម្មវិធីប្រកាសផែនការវគ្គបណ្តុះបណ្តាល និងជប់លៀងថ្លែងអំណរគុណដៃគូអាជីវកម្មកាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនជាង១០ បានសម្រេចចិត្តបន្តធ្វើកិច្ចសន្យា ក្នុងការទទួលសេវាកម្មបណ្តុះបណ្តាល និងប្រឹក្សាយោបល់ជាមួយ EDI សម្រាប់ឆ្នាំ២០២៣នេះបន្តទៀត ចំណែកស្ថាប័នមួយចំនួនទៀតក៏កំពុងគិតពិចារណាចុះកិច្ចសន្យាជាមួយ EDI ផងដែរ។
លោកបន្តថា ចំពោះវគ្គបណ្តុះបណ្តាលដល់ស្ថាប័នដៃគូរមានដូចជា ការគ្រប់គ្រងធនធានមនុស្ស គ្រប់គ្រងធុរៈកិច្ច ជំនាញផ្នែកលក់និងទីផ្សារ ភាពជាអ្នកដឹកនាំ គណនេយ្យនិងហិរញ្ញវត្ថុ ការគ្រប់គ្រងគំរោងនិងស្រាវជ្រាវ ការបណ្តុះបណ្តាលនិងអភិវឌ្ឍបុគ្គលិក ។
តាមប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា កុកហុក ប្រធានគម្រោងមូលនិធិអភិវឌ្ឍជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចកម្ពុជាហាក់មានកំណើនខ្ពស់ ដែលរុញច្រានឱ្យមានការប្រើប្រាស់សេវាកាន់តែមានកម្រិតជំនាញខ្ពស់ជាង ។ បើតាម ឯកឧត្តម ជា កុកហុក បច្ចុប្បន្នបើមើលទៅលើនិន្នាការពិភពលោក ពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការផ្លាស់ប្តូរ គួបផ្សំនឹងវិបត្តិសេដ្ឋកិច្ច ពីនេះទៅមុខ គឺនឹងមានការប្រកួតប្រជែង ដែលចាំបាច់ស្ថាប័ននីមួយៗត្រូវតែពង្រឹងជំនាញបុគ្គលិក ដែលជាយុទ្ធសាស្រ្តវែងឆ្ងាយ ក្នុងការអភិវឌ្ឍស្ថាប័នទៅមុខទៀត។

សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ២០០៧ ក្នុងការផ្តល់នូវសេវាកម្មអប់រំ ប្រឹក្សាយោបល់ និងសិក្សាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា ។ វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយនូវកម្មវិធីអប់រំ “ទម្លាប់ទាំង៧ របស់បុគ្គលឆ្នើម” នៃក្រុមហ៊ុន Franklin Covey Education មកពីសហរដ្ឋអាមេរិកផងដែរ៕































