ជំងឺព្រួយបារម្ភពីការខូចខាតរាងកាយរំខានដល់ការរស់នៅនិងការបំពេញការងារប្រចាំថ្ងៃ

ភ្នំពេញ អ្នកមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយ ឬភាសាអង់គ្លេសថា Body Dysmorphic Disorder – Dysmorphophobia តែង​ផ្តោតលើការយកចិត្តទុកដាក់ខ្លាំងជ្រុលទៅលើគ្រប់ផ្នែកនៃរាងកាយ ។ អ្នកជំងឺនេះតែ​បារម្ភខ្លាំងជ្រុលពីស្លាកស្នាមលើស្បែកបន្តិចបន្តួច ដោយគិតថាកំពុង​ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការងារប្រចាំថ្ងៃ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា​ ​ឯកទេសសុខភាព​ផ្លូវ​ចិត្ត និង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ចិត្ត​សង្គម​អន្ដរ​វប្បធម៌ TPO បានលើកឡើងថា អ្នកជំងឺចាប់អារម្មណ៍ខ្លាំងពីរាងកាយ ឬមុខមាត់ ដែលគាត់ជឿថាមានភាពអាក្រក់មើល ។ អ្នកមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើផ្នែកផ្សេងៗនៃរាងកាយ ដោយជឿជាក់ថា រាងកាយមិនមានសោភ័ណ្ឌភាព ព្រួយបារម្ភ ឬអន្ទះសារពេលរាងកាយប៉ះពាល់ចំណុចណាមួយ ។

អ្នកជំនាញខាងជំងឺផ្លូវចិត្តរូបនេះ បានបន្តថា ការព្រួយបារម្ភនេះជួនកាលរហូតនាំឱ្យអ្នកជំងឺលែងហ៊ានឆ្លុះកញ្ចក់ទៀតផង ដោយសារបញ្ហានេះ អ្នកជំងឺអាចស្វែងរកការវះកាត់កែសម្ជស្ស (plastic surgery) ម្តងហើយ ម្តងទៀត ដើម្បីកែលំអរនូវអ្វីដែលគ្មាននណាម្នាក់បានឃើញ ឬចាប់អារម្មណ៍ពីភាពមិនប្រក្រតីនោះសោះ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា ៖

“ប្រសិនជាមនុស្សមានបញ្ហាទាំងអស់នេះ កុំព្រួបារម្ភព្រោះជំងឺនេះជាជំងឺអាចព្យាបាលជាដោយការផ្តល់ប្រឹក្សាផ្លូវចិត្ត និងការប្រើប្រាស់ឱសថបាន”

ទន្ទឹមនឹងគ្នាផងដែរ តាមការចុះផ្សាយរបស់គេហព័រនៃគ្លីនិក Cleveland បានបង្ហាញថា ជំងឺនេះប៉ះពាល់ដល់មនុស្សគ្រប់ភេទ វាមាននិន្នាការចាប់ផ្តើមក្នុងកំឡុងវ័យជំទង់ ឬពេញវ័យដំបូង ហើយនោះ​ជា​វ័យ​ដែល​កុមារ​ចាប់​ផ្ដើម​ប្រៀបធៀប​ខ្លួន​ឯង​នឹង​អ្នក​ដទៃ។ ចំណុច​ដែល​បារម្ភ​បំផុត​សម្រាប់​អ្នក​មាន​ជំងឺ​នេះ​រួម​មាន ភាពមិនល្អឥតខ្ចោះនៃស្បែក រួមទាំងស្នាមជ្រួញ ស្នាមមុន និងស្នាមជាំ សក់ រួមទាំងក្បាល ឬដងខ្លួន ឬទំពែកមុខ ដងខ្លួនមិនស្អាត ព្រមទាំងបញ្ហាក្រពះ និងពោះវៀន។

លើសពីនេះ អ្នកដែលមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយអាចនឹងមើលខ្លួនឯងថា “អាក្រក់” មិនចង់ការងារ ឬសាលា ព្រោះមិនចង់ឱ្យអ្នកដទៃឃើញពួកគេ ជៀសវាងការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយនេះ គឺជាជំងឺផ្លូវចិត្តមួយក្នុងចំណោមជំងឺផ្លូវចិត្តដទៃទៀត។ ជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយប៉ះពាល់ដល់មនុស្សប្រហែល ១នាក់ក្នុងចំណោម ៥០នាក់។ នៅ​សហរដ្ឋ​អាមេរិក មនុស្ស​ប្រមាណ​ពី ​៥​លាន​ទៅ​ ១០​លាន​នាក់​មាន​ជំងឺ​នេះ។ អ្នកដែលមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយប៉ះពាល់អាចស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីរោគសញ្ញារបស់ពួកគេ ហើយប្រហែលជាមិនបានទទួលការធ្វើរោគវិនិច្ឆ័យទេ៕