ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស ដោយបង្ហាញអំពីបទប្បញ្ញត្តិ ដែលបេក្ខជនត្រូវអនុវត្ត និងមិនត្រូវអនុវត្តក្នុងដំណើរការប្រឡង។
តាមប្រការ៤ នៃសេចក្តីប្រកាស អ្វីដែលបេក្ខជននឹងត្រូវអនុវត្តក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រួមមាន ៖
- ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង
- ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ សំពត់ពណ៌ខៀវ ឬខ្មៅ ដាក់ក្នុងខោ ឬសំពត់ ឱ្យបានត្រឹមត្រូវ
- ត្រូវយកបណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ ដែលមានបិទរូបថតថ្មី និងមានចុះហត្ថលេខានាយក នាយិកាសាលាបានត្រឹមត្រូវច្បាស់លាស់ ចំពោះបេក្ខជនចំណេះទូទៅ និងបេក្ខជនបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វៃរិនចំណេះទូទៅ និងបេក្ខជនស្វៃរិនបំពេញវិជ្ជា ត្រូវយកមកនូវសលាកបត្រ ឯកត្តជន ឬបណ្ណសម្គាល់ខ្លួនសិស្ស ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
- ត្រូវយកចូលក្នុងបន្ទប់ប្រឡងនូវសម្ភារៈប្រើប្រាស់ដែលក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាត បី៖ ប៊ិកពណ៌ខៀវ ខ្មៅដៃ បន្ទាត់ ដែកឈាន រ៉ាព័រទ័រ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅពេល នៅពេល ដំណើរការប្រឡង
- អនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមានសមត្ថកិច្ចថែរក្សាសណ្តាប់ធ្នាប់ក្នុង ការដកហូតសំណៅឯកសារ និងសម្ភារៈផ្សេងៗ ដែលក្រសួងមិនអនុញ្ញាតឱ្យយកចូលក្នុង មណ្ឌលប្រឡង ឬបន្ទប់ប្រឡង

- ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជា អង្គុយឱ្យចំតាមលេខតុដែលអនុរក្សបានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការដែលអនុរក្សបានចែកឱ្យ ប្រគល់សន្លឹកកិច្ចការជូនអនុរក្សវិញ ពេលដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ
- ត្រូវរក្សាសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យបានត្រឹមត្រូវនូវបទប្បញ្ញត្តិ ការប្រឡង។
ដោយឡែកប្រការដែលបេក្ខជនមិនត្រូវអនុវត្តវិញ រួមមាន ៖
- មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២
- មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធក្នុងមណ្ឌលប្រឡង
- មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង
- មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរស័ព្ទដៃ ឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមាន ប្រដាប់គិតលេខ វ៉ែនតាឆ្លាតវៃ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុប ពណ៌ស
- មិនត្រូវចូលក្នុងបន្ទប់ប្រឡងមុនពេលអនុរក្សហៅឈ្មោះ
- មិនត្រូវប្រើពាក្យសម្តី ឬអាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះក្នុងមណ្ឌល ប្រឡង ឬក្នុងបន្ទប់ប្រឡងដោយគម្រាមកំហែងលើបេក្ខជនដទៃ
- មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសម្តី ដោយកាយវិការចំពោះ អ្នកត្រួតពិនិត្យរបស់អ្នកមានសមត្ថកិច្ច ឬគណៈមេប្រយោគក្នុងការពិនិត្យស្រាវជ្រាវវើរក សំណៅឯកសារ និងសម្ភារៈផ្សេងៗ ដែលត្រូវហាមឃាត់មិនឱ្យយកចូលក្នុងមណ្ឌលប្រឡង
- មិនត្រូវប្រើពាក្យសម្តី និងអាកប្បកិរិយាដែលនាំឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការ ប្រឡង ឬធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គណៈមេប្រយោគ

- មិនត្រូវធ្វើចម្លើយវិញ្ញាសា នៅលើសន្លឹកកិច្ចការណាដែលគ្មានហត្ថលេខារបស់អនុរក្ស
- មិនត្រូវចម្លងប្រធានវិញ្ញាសាចូលក្នុងក្រដាសដទៃ និងមិនត្រូវបោះប្រធានវិញ្ញាសាចេញក្រៅ បន្ទប់ប្រឡងឡើយ
មិនត្រូវងើបឈរ ឬងាកឆ្វេង ស្តាំ កើតឈ្ងោកទៅមុខ បែរទៅក្រោយ ឬដើរចេញពីកន្លែង អង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
- មិនត្រូវសរសេរកិច្ចការហើយអានខ្លាំងៗឮដល់អ្នកជិតខាង ឬឆក់អូសទាញយកសន្លឹកកិច្ចការ របស់អ្នកដទៃដាក់ពីមុខ ឬដាក់ពីក្រោមសន្លឹកកិច្ចការរបស់ខ្លួនឡើយ
- មិនត្រូវប្តូរគ្នានូវសន្លឹកកិច្ចការ ឬក្រដាសព្រាង ឬផ្ទៀងផ្ទាត់ចម្លើយ ឬចម្លងគ្នា និងមិនត្រូវដាក់ សន្លឹកកិច្ចការឆ្ងាយពីមុខរបស់ខ្លួន បង្កឱ្យអ្នកដទៃមើល ឬអូសឆក់យកបាន
- មិនត្រូវធ្វើសញ្ញាសម្គាល់លើសន្លឹកកិច្ចការ ដើម្បីធ្វើឱ្យគេស្គាល់អាគតដ្ឋានរបស់ខ្លួន ដូចជា សរសេរអក្សរប្លែកពីតួអក្សរទាំងអស់ក្នុងកិច្ចការ ធ្វើសញ្ញាផ្សេងៗ ឬគូសបន្ទាត់ខុសប្រក្រតី ឬ សរសេររំលងបន្ទាត់ជាដើម
- មិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់ខ្លួន និងមិនត្រូវលាក់ ឬហែកសន្លឹកកិច្ចការរបស់អ្នកដទៃ
- មិនត្រូវបំផ្លាញ ឬធ្វើឱ្យខូចខាតសម្ភារៈក្នុងបន្ទប់ប្រឡង ដូចជាដោះទ្វារ បង្អួច ធ្វើឱ្យរបើក ជញ្ជាំង ក្ដារ ធ្វើឱ្យបែកតុ កៅអី ឬក្តារខៀនជាដើម
- មិនត្រូវឱ្យអ្នកដទៃប្រឡងជំនួស ឬសរសេរបំពេញបន្ថែមលើសន្លឹកកិច្ចការរបស់ខ្លួនជាដាច់ខាត៕













































































