ជាឱកាសសម្រាប់សិស្សានុសិស្សដែលនឹងបញ្ចប់ថ្នាក់ទី១២នៅពេលខាងមុខនេះ ហើយចង់បន្តការសិក្សានៅឧត្តមសិក្សា ពេលនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) កំពុងជ្រើសរើសនិស្សិតឱ្យចូលរៀនឆ្នាំទី១ កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររង សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដោយផ្តល់អាហារូបករណ៍ ១០០% រហូតដល់ទៅ ២១០កន្លែង។
សម្រាប់កម្រិតវិស្វករ វិទ្យាស្ថាននឹងផ្តល់ជូនចំនួន ៩០កន្លែង សម្រាប់ដេប៉ាតឺម៉ង់ ទេពកោសល្យអគ្គិសនី និងថាមពល (៣០នាក់), ដេប៉ាតឺម៉ង់ ទេពកោសល្យសំណង់ស៊ីវិល (៣០នាក់) និង ដេប៉ាតឺម៉ង់ ទេពកោសល្យគីមី និងចំណីអាហារ (៣០នាក់)។
ដោយឡែកកម្រិតបរិញ្ញាបត្ររង សិក្សារយៈពេល២ឆ្នាំ នឹងផ្តល់ជូនចំនួន ១២០កន្លែង រួមមានជំនាញ វិស្វកម្មដំឡើង និងថែទាំមេកាត្រូនិច (៣០នាក់), វិស្វកម្មគូរប្លង់ និងត្រួតពិនិត្យគ្រឿងផ្គុំសំណង់ស៊ីវិល (៣០នាក់), វិស្វកម្មកែច្នៃ និងវិភាគអាហារ (៣០នាក់), វិស្វកម្មផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញទឹកក្នុងអគារ (៣០នាក់)។
លក្ខខណ្ឌនៃការជ្រើសរើស
សម្រាប់កម្រិតវិស្វករ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល (ផ្តល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន)។ ដោយឡែកកម្រិតបរិញ្ញាបត្ររង បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឬសញ្ញាបត្រសមមូល (បេក្ខជនអាចផ្តល់សញ្ញាបត្រថតចម្លងនៅពេលដាក់ពាក្យចូលរៀន)។

កាលបរិច្ឆេទទទួល និងកន្លែងដាក់ពាក្យ
បេក្ខជនត្រូវដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ដែលមានទីតាំងស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់កម្រិតវិស្វករ និងចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ សម្រាប់កម្រិតបរិញ្ញាបត្ររង។
សំណុំលិខិតសម្រាប់ដាក់ពាក្យ
បេក្ខជនត្រូវមាន ៖
-ពាក្យសុំចុះឈ្មោះ (១ច្បាប់)
-ជីវប្រវត្តិសង្ខេប (១ច្បាប់)
-រូបថត 4x6 ថតថ្មី (៣សន្លឹក)
-ច្បាប់ចម្លងសញ្ញាបត្របណ្តោះអាសន្ន ឬព្រឹត្តិបត្រពិន្ទុ ដោយមានច្បាប់ដើមបង្ហាញ (១ច្បាប់)
សម្រាប់ព័ត៌មានផ្សេងៗ សូមទំនាក់ទំនងទៅកាន់វិទ្យាស្ថាន តាមរយៈទូរសព្ទលេខ 012 321 684៕













































































