នៅក្នុងវេទិកាថ្នាក់តំបន់លើកទី២ ស្ដីពីផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានសម្រាប់កម្ពុជា បានចែករំលែកនូវ «ឧត្តមានុវត្តន៍ដ៏សំខាន់ចំនួន ៣ ចំណុច» របស់កម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាននាពេលកន្លងមក។
ផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ដែលកម្ពុជាអនុវត្តនាពេលកន្លងមក រួមមាន៖ ទី១. ផ្ដោតលើប្រជាជន, បរិយាបន្ន, ចីរភាព, ភាពធន់, និងសហគមន៍ប្រកបដោយភាពយល់ដឹងនិងការការពារ ដោយសង្កត់ធ្ងន់បន្ថែមលើការកៀរគរធនធាន, ការសម្របខ្លួននិងជីវភាពរបស់ប្រជាជន, ការពិនិត្យតាមដាននិងការប្ដេជ្ញាចិត្តរបស់ស្ថាប័នទទួលបន្ទុក, ការរៀបចំឱ្យមានការវាស់វែងលទ្ធផលឆ្ពោះទៅរកការវាយតម្លៃលទ្ធផលរយៈពេលវែង និងលទ្ធផលជាក់ស្ដែងសម្រាប់ប្រជាជន, និងការចូលរួមរបស់ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។

ទី២. ការបញ្ជ្រាបក្របខ័ណ្ឌអាស៊ាន និងចំណុចអាទិភាពតំបន់ទៅក្នុងគោលនយោបាយ និងផែនការអភិវឌ្ឍន៍ជាតិ តាមរយៈការពង្រឹងអាទិភាពអាស៊ានដោយធ្វើសមាហរណកម្មទៅក្នុងក្របខ័ណ្ឌផែនការអភិវឌ្ឍន៍ជាតិ, បញ្ជ្រាបការប្ដេជ្ញាចិត្តរបស់អាស៊ានទៅក្នុងផែនការប្រតិបត្តិ និងផែនការថវិការបស់ក្រសួងតាមវិស័យ, ពង្រឹងប្រព័ន្ធពិនិត្យតាមដាន ការវាយតម្លៃ និងអភិវឌ្ឍជាប្រចាំ, ពង្រឹងការសម្របសម្រួលស្ថាប័ន ពិសេសអនុវិស័យដឹកនាំ និងគាំទ្រក្នុងការអនុវត្តចំណុចអាទិភាពស្របតាមវិធានយុទ្ធសាស្ត្រនិងគោលនយោបាយជាតិ, វិនិយោគបន្ថែមលើការពង្រឹងសមត្ថភាពស្ថាប័ននិងមូលធនប្រកបដោយចីរភាព, និងពង្រីកភាពជាដៃគូលើគ្រប់វិស័យ។
ទី៣. យន្តការអនុវត្ត ដែលផ្ដោតលើការធ្វើសវនកម្មផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានទៅក្នុងប្រព័ន្ធផែនការជាតិ, រៀបចំកិច្ចសម្របសម្រួលជាប្រព័ន្ធ, ទាញការអនុវត្ត និងការអភិវឌ្ឍឱ្យដល់សហគមន៍មូលដ្ឋាន, ពង្រឹងការពិនិត្យ តាមដាន វាយតម្លៃ និងការសិក្សាផ្អែកលើលទ្ធផលជាក់ស្ដែង និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំ និងមានធនធានសម្រាប់អនាគត។
សូមបញ្ជាក់ផងដែរថា វេទិកាថ្នាក់តំបន់លើកទី២ នេះ ធ្វើឡើងក្រោមប្រធានបទ «ការបញ្ជ្រាបផែនការយុទ្ធសាស្ត្រទៅកាន់ផែនការអភិវឌ្ឍថ្នាក់តំបន់ ថ្នាក់ជាតិ និងមូលដ្ឋាន» ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទាំង ១១ ប្រទេស, អគ្គលេខាធិការរងអាស៊ាន, សមាជិកក្រុមការងារអាដហុក (Ad-hoc), ប្រធានអនុវិស័យពាក់ព័ន្ធ ព្រមទាំងដៃគូសន្ទនា ដៃគូអភិវឌ្ឍន៍អាស៊ាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធជាច្រើនរូប។


វេទិកានេះ មានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន (១) ផ្សព្វផ្សាយសៀវភៅស្ដីពីទស្សនភាគីពាក់ព័ន្ធរបស់សហគមន៍សង្គម-វប្បធម៌អាស៊ាន (Compendium of ASCC Stakeholder Insights) ដល់អ្នកពាក់ព័ន្ធទាំងកម្រិតតំបន់ និងកម្រិតជាតិក្នុងការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន (២) ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ មេរៀនពិសោធន៍ និងឧត្តមានុវត្តន៍ ក្នុងការបន្ស៊ីផែនការ គោលនយោបាយអភិវឌ្ឍជាតិ និងសកម្មភាពអភិវឌ្ឍជាតិមូលដ្ឋានទៅនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រក្នុងតំបន់ (៣) ពង្រឹងការសម្របសម្រួលស្ថាប័នក្នុងចំណោមភាគីពាក់ព័ន្ធ និងអាស៊ានលើការអនុវត្តផែនការយុទ្ធសាស្ត្រ និង(៤) បង្កើតយុទ្ធសាស្ត្របញ្ជ្រាប និងរៀបចំទិសដៅសម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន៕













































































