កាលពីថ្ងៃទី១២ ខែវិច្ឆិកា បណ្តាញសាលារៀនវេសឡាញ សហការជាមួយនិយ័តករមូលបត្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយដល់សិស្សានុសិស្ស ពី “ការលើកកម្ពស់ ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យមូលបត្រ”។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា បញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រដល់ប្អូនៗសិស្សានុសិស្ស គឺឱ្យពួកគេចេះរៀបចំផែនការ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីទទួលបាននូវសេរីភាពហិរញ្ញវត្ថុនាពេលអនាគត ជាពិសេសស្វែងយល់ពីការវិនិយោគក្នុងវ័យសិក្សា, ក្នុងនោះ ក៏ជួយពួកគេក្នុងការត្រៀមខ្លួនដើម្បីចាប់យកឱកាសការងារក្នុងសម័យឌីជីថល និងការស្វែងរកប្រាក់ចំណូលបន្ថែម តាមរយៈទីផ្សារមូលបត្រ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល លើកឡើងថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងទៀតដែលបានកំណត់ ព្រោះថា វិស័យមូលបត្រនឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់-ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។ ក្នុងនោះ កត្តាចំាបាច់ដែលមិនអាចខ្វះបាន គឺជាការចូលរួមពីប្អូនៗទាំងអស់គ្នា ដែលជាធនធានមនុស្សដ៏សំខាន់ និងជាទំពាំងស្នងឬស្សីក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ “ដូចនេះ ប្អូនៗត្រូវចងចាំថា ប្រទេសជាតិយើងរីកចម្រើនទៅមុខលឿន គឺត្រូវការការចូលរួមពីយើងទាំងអស់គ្នាជាចំាបាច់”។

លោក តែ ឡាយ អគ្គនាយករង និងប្រធាននាយកអប់រំ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ក្រុមហ៊ុនវេសឡាញ បានដឹងយ៉ាងច្បាស់អំពីសារៈសំខាន់ នៃចំណេះដឹងហិរញ្ញវត្ថុ សម្រាប់អនាគតរបស់សិស្សានុសិស្ស ដើម្បីរស់នៅក្នុងពិភពលោកមួយដែលទាមទារឱ្យមនុស្សគ្រប់រូបមានសមត្ថភាពសម្រេចចិត្តហិរញ្ញវត្ថុដោយឈ្លាសវៃ។ លោកថា បើគ្មានមូលដ្ឋានគ្រឹះនេះទេ ពួកគេអាចប្រឈមនឹងបញ្ហាជាច្រើនដូចជា ការគ្រប់គ្រងប្រាក់ចំណូលមិនបានល្អ ការធ្លាក់ក្នុងអន្ទាក់បំណុល ឬបាត់បង់ឱកាសក្នុងការបង្កើតទ្រព្យធន ។ ដូច្នេះហើយ ការបំពាក់នូវ អក្ខរកម្មហិរញ្ញវត្ថុ គឺស្មើនឹងការផ្តល់ជូននូវ សេរីភាព និងសុវត្ថិភាពហិរញ្ញវត្ថុ នាពេលអនាគតដល់ពួកគេ។
ប្រធាននាយកអប់រំ នៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ក៏បានសង្កត់ធ្ងន់ដែរថា ការអប់រំ មិនត្រឹមផ្តោតតែលើលទ្ធផលសិក្សាកម្មវិធីស្នូលតែមួយមុខនោះទេ ប៉ុន្តែការអប់រំលើបំណិនជីវិត និងការកសាងអត្តចរិត ក៏ជាផ្នែកដ៏សំខាន់ផងដែរ ដោយហេតុនេះហើយ ទើបកម្មវិធីសិក្សារបស់បណ្តាញសាលារៀនវេសឡាញ បានដាក់បញ្ចូលនូវកម្មវិធីសំខាន់ៗមួយចំនួនដូចជា កម្មវិធីចំណេះដឹងហិរញ្ញវត្ថុ MoneyTree ដែលបង្រៀនសិស្សានុសិស្សអំពីទម្លាប់នៃការសន្សំ, ការប្រើប្រាស់ថវិកាដោយមានគោលដៅ និងគំនិតជាសហគ្រិនភាព។ កម្មវិធីសេដ្ឋកិច្ច និងសហគ្រិនភាព ដែលជួយឱ្យសិស្សានុសិស្សយល់ពីយន្តការនៃទីផ្សារ សេដ្ឋកិច្ចជាតិ និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួន។

គួរជំរាបជូនថា សាលារៀនវ៉េស្ទឡាញន៍ និងនិយ័តករមូលបត្រកម្ពុជា ធ្លាប់បានសហការផ្សព្វផ្សាយ ពី “ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុនៃវិស័យមូលបត្រ” ទៅដល់សិស្សានុសិស្សចំនួន ៣លើក រួចមកហើយ ចាប់តាំងពីឆ្នាំ២០២២មក ដោយមានអ្នកចូលរួមសរុបចំនួន ៧៣១រូប៕





























