ជាឱកាសសម្រាប់និស្សិតកម្ពុជាដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្រៅប្រទេស ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុងប្រកាសជ្រើសរើសនិស្សិតបរទេសទៅសិក្សានៅប្រទេសអ៉ីតាលី។
បេក្ខជន បេក្ខនារី ដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើអាហារូបករណ៍ ត្រូវរៀបចំឯកសារចាំបាច់មួយចំនួនដូចជា ប្រតិចារិកសិក្សា និងវិញ្ញាបនបត្រ, សញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញភាសាអង់គ្លេស ( IELTS, TOEFL ឬសញ្ញាបត្រផ្សេងៗ), ច្បាប់ចម្លងលិខិតឆ្លងដែន, ប្រវត្តិរូបសង្ខេប (CV), សេចក្តីថ្លែងការណ៍អំពីគោលបំណង ឬលិខិតលើកទឹកចិត្ត, លិខិតអនុសាសន៍ (សម្រាប់បេក្ខជនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត)។ សម្រាប់បេក្ខជន បេក្ខនារីស្នើពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ, សម្រាប់អ្នកស្នើពាក្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ, សម្រាប់អ្នកស្នើថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជនអន្តរជាតិមកពីគ្រប់សញ្ជាតិ។
គួរជម្រាបថា កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ គឺអាស្រ័យទៅតាមកម្មវិធីសិក្សារបស់ជំនាញ និងកម្រិតដែលបេក្ខជនជ្រើសរើស។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា អាចចូលទៅកាន់ https://www.unitn.it/it/internazionale ។

បេក្ខជនដែលមានបំណងដាក់ពាក្យអាហារូបករណ៍ ត្រូវធ្វើតាមដំណាក់កាលចំនួន៥ដូចជា៖
១. ជ្រើសរើសកម្មវិធីសិក្សា ៖ បេក្ខជនត្រូវស្រាវជ្រាវ និងជ្រើសរើសកម្មវិធីសិក្សាដែលអាហារូបករណ៍ផ្ដល់ឱ្យនៅសាកលវិទ្យាល័យ Trento តាមកម្រិតដែលផ្ដល់ រួមមាន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត។
២. រៀបចំឯកសារចាំបាច់ ៖ បេក្ខជនត្រូវរៀបចំឯកសារចាំបាច់ឱ្យបានគ្រប់ទៅតាមតម្រូវការដែលអាហារូបករណ៍កំណត់ (មានបញ្ជាក់នៅខាងលើ)។
៣. ការដាក់ពាក្យឯកសារ (Submit your application) ៖ បេក្ខជនត្រូវដាក់ពាក្យស្នើសុំតាម Online តាមរយៈ University of Trento ។ បេក្ខជនត្រូវពិនិត្យឱ្យបានហ្មត់ចត់នូវឯកសារដែលបំពេញ។
៤. អាហារូបករណ៍ និងការជ្រើសរើស ៖ ក្រោយដាក់ពាក្យ បេក្ខជន បេក្ខនារី នឹងទទួលបានដំណឹងពីអាហារូបករណ៍នៅពេលភាគីអាហារូបករណ៍ធ្វើការវិនិច្ឆ័យរួចរាល់។ ការវិនិច្ឆ័យបេក្ខជនអាហារូបករណ៍ នឹងត្រូវពឹងផ្អែកលើ គុណសម្បត្តិ ឯកសារចាំបាច់ផ្សេងៗរបស់បេក្ខជន។
៥. ការជូនដំណឹង ៖ បេក្ខជន បេក្ខនារី នឹងទទួលបានដំណឹងចុងក្រោយ ដែលអាចបញ្ជាក់ថា សាម៉ីខ្លួននឹងមានសិទ្ធទៅវគ្គបន្ត។

សម្រាប់ព័ត៌មាបន្ថែមអាចចូលទៅកាន់ https://nspscholarships.com/university-of-trento-scholarships/ ៕































