ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់ក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្រ្តីរាជការស៊ីវិលនាពេលកន្លងមកប្រកបដោយតម្លាភាព បរិយាបន្ន ប្រសិទ្ធិភាព និងយុត្តិធម៌។ សម្តេចបញ្ជាក់ថា ការប្រឡងប្រកបដោយភាពយុត្តិធម៌ បានផ្តល់ក្តីសង្ឃឹមទៅដល់អ្នកមានសមត្ថភាព ហើយក្តីសង្ឃឹមរបស់គាត់ក៏នឹងជះឥទ្ធិពលទៅដល់អ្នកផ្សេងៗទៀត។
សម្តេចធិបតីលើកឡើងថា បន្ទាប់ពីឆ្លងកាត់ការប្រឡង៤២លើក ពាក់ព័ន្ធក្រសួង ស្ថាប័ន ចំនួន៨ បានស្ដែងឱ្យឃើញថា ការធ្វើកំណែទម្រង់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ ទទួលបានការសាទរយ៉ាងខ្លាំងពីបេក្ខជនប្រឡង និងអាណាព្យាបាល។ សម្តេចធិបតីបញ្ជាក់ថា ក្នុងការប្រឡងជ្រើសរើសមន្រ្តីរាជការទាំង៨ ក្រសួង ស្ថាប័ន គឺមានបេក្ខជនចូលរួមប្រឡង ១២ម៉ឺននាក់ ប៉ុន្តែជ័យលាភី គឺយកតែ ៤១៩៧នាក់ប៉ុណ្ណោះ។ សម្តេចអះអាងថា បេក្ខជន១១ម៉ឺននាក់ បានធ្លាក់ដោយអស់ចិត្ត។

សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីថា ការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅក្រោមការរៀបចំរបស់ក្រសួងមុខងារសាធារណៈ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព យុត្តិធម៌ និងទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ពោល គឺពុំមានបាតុភាពណាមួយកើតឡើងទេ ស្របតាមគោលការណ៍ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ឪពុកម្តាយ អ្នកអាណាព្យាបាល ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល ជាពិសេសជឿជាក់មកលើការប្រឡងជ្រើសរើសមន្រ្តីរាជការ ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ “ខ្ញុំអរគុណបំផុតទៅដល់ឪពុកម្តាយ ទៅដល់បេក្ខជនផ្ទាល់ ដែលជ្រើសរើសចូលរួមនៅក្នុងយន្តការនេះ ដោយខិតខំរៀនសូត្រ ប្រឡងដោយសមត្ថភាពផ្ទាល់ខ្លួន ដោយមិនរត់ទៅរកច្រកអន្តរាគមន៍ផ្សេងៗដែលមិនស្មើរភាព”៕






























