ក្នុងចំណោមជនជាតិកូរ៉េខាងត្បូង ១០នាក់ ដែលរៀនចប់បណ្ឌិតឆ្នាំមុន មាន ៣នាក់គ្មានការងារធ្វើ ខណៈទិន្នន័យបង្ហាញថា ជិត ៥០ភាគរយ នៃអ្នកអត់ការងារទាំងនោះ មានអាយុក្រោម ៣០ឆ្នាំ, នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល។
ការសិក្សារបស់ Statistics Korea ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បង្ហាញថា ២៩,៦ភាគរយនៃបុគ្គលិក ១០,៤៤២ នាក់ ដែលបានទទួលសញ្ញាបត្របណ្ឌិតកាលពីឆ្នាំមុន គ្មានការងារធ្វើ។ នេះគឺជាអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុតសម្រាប់អ្នករៀនចប់ថ្នាក់បណ្ឌិត ចាប់តាំងពីកូរ៉េខាងត្បូងផ្ដើមប្រមូលទិន្នន័យក្នុងឆ្នាំ២០១៤។ នេះបើតាមការចេញផ្សាយរបស់ KBS World។

ការសិក្សាបានរកឃើញថា ២៦,៦ភាគរយ នៃអ្នកគ្មានការងារធ្វើកំពុងស្វែងរកការងារយ៉ាងសកម្ម ខណៈដែល ៣ភាគរយទៀត ត្រូវបានចាត់ថ្នាក់ថា អសកម្មផ្នែកសេដ្ឋកិច្ច។ អត្រាគ្មានការងារធ្វើ ទាំងអ្នកស្វែងរកការងារធ្វើ និងអ្នកអសកម្មផ្នែកសេដ្ឋកិច្ច នៅតែស្ថិតនៅចន្លោះពាក់កណ្ដាល ២០ភាគរយ ចាប់ពីឆ្នាំ២០១៤ ដល់ ២០១៨ ប៉ុន្តែបានកើនឡើងដល់ ២៩,៣ភាគរយ ក្នុងឆ្នាំ២០១៩ និងឈានដល់កម្រិតខ្ពស់បំផុត ២៩,៦ភាគរយកាលពីឆ្នាំមុន។
បើតាមក្រុមអាយុ អត្រាអត់ការងារធ្វើ សម្រាប់អ្នកកាន់សញ្ញាបត្របណ្ឌិត មានអាយុក្រោម ៣០ឆ្នាំ បានឈានដល់ ៤៧,៧ភាគរយ ដែលជាអត្រាខ្ពស់បំផុត ក្នុងប្រវត្តិសាស្ត្រនៃការស្ទង់មតិ។
យ៉ាងណាក៏ដោយ អត្រាអត់ការងារធ្វើនេះ ក៏មានលក្ខណៈខុសគ្នា ទៅតាមប្រភេទជំនាញដែរ ដោយនិស្សិតបញ្ចប់ការសិក្សាផ្នែកសិល្បៈ និងមនុស្សសាស្ត្រ ប្រឈមនឹងអត្រាខ្ពស់បំផុត គឺ ៤០,១ភាគរយ។ អត្រានេះ តាមពីក្រោយដោយ អ្នករៀនចប់ផ្នែកវិទ្យាសាស្ត្រធម្មជាតិ គណិតវិទ្យា និងស្ថិតិ ដែលមាន ៣៧,៧ភាគរយ និងវិទ្យាសាស្ត្រសង្គម សារព័ត៌មាន និងការសិក្សាព័ត៌មាន មានអត្រា ៣៣,១ភាគរយ។ នេះបើតាមការរាយការណ៍របស់ កាសែត Korea Times។
សម្រាប់វិស័យ ដែលអត្រាអ្នកអត់ការងារធ្វើ មានទាបបំផុត គឺ វិស័យសុខាភិបាល សុខុមាលភាព ការអប់រំ ការគ្រប់គ្រងពាណិជ្ជកម្ម និងច្បាប់។

និន្នាការនេះ បង្ហាញពីកង្វះការងារ ដែលមានគុណភាពខ្ពស់ និងការទទួលបានប្រាក់ខែខ្ពស់ ក្នុងប្រទេសកូរ៉េខាងត្បូង បើទោះបីជាបុគ្គលម្នាក់ៗ ទទួលបានការអប់រំកម្រិតខ្ពស់ក៏ដោយ។
ទីផ្សារការងារ របស់កូរ៉េខាងត្បូង បានធ្លាក់ចុះ ដោយសារតែកំណើននៃអស្ថិរភាពសេដ្ឋកិច្ច ដែលនាំឱ្យក្រុមហ៊ុននានា ផ្ដល់អាទិភាពលើការជួយបុគ្គលិកមានបទពិសោធន៍ ជាជាងអ្នកកំពុងស្វែងរកការងារ គ្មានបទពិសោធន៍៕






























