អតីតសិស្សនិទ្ទេស A យុវតី ស៊ា ដាឡែន ៖ ស្វ័យសិក្សា ជាគន្លឹះដើម្បីទទួលបាននិទ្ទេសល្អ ក្នុង​ការ​ប្រឡង​បាក់ឌុប

ភ្នំពេញ – យុវតី ស៊ា ដាឡែន ជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ បច្ចុប្បន្ន​ជានិស្សិត​ផ្នែកអក្សរ​សាស្រ្តអង់គ្លេស​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ហើយ​ក៏​ជានិស្សិត​ផ្នែកសេដ្ឋកិច្ច​ឌីជីថល នៃសាកលវិទ្យាល័យ​ជាតិគ្រប់គ្រងផងដែរ។ ដាឡែន និយាយថា ដើម្បី​ទទួលបាន​និទ្ទេស​ល្អ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប​នាពេលខាងមុខ គន្លឹះសំខាន់សម្រាប់​អ្នកត្រៀម​ប្រឡងបាក់ឌុប គឺ​ស្វ័យសិក្សា។

បើតាម​ការ​លើក​ឡើងរបស់​យុវតី ស៊ា ដាឡែន នៅពេលសិស្សរៀននៅសាលាជាមួយគ្រូ គឺអាចទទួលបានចំណេះដឹងត្រឹម ៧០% ដោយសិស្ស​មិនបានយល់ច្បាស់ពីមេរៀនអស់នោះទេ ប៉ុន្តែនៅពេលសិស្សយកមេរៀនមកអនុវត្តលំហាត់ខ្លួនឯង ធ្វើផ្ទាល់ដៃខ្លួនឯង ទើបដឹងថា យើងខ្វះខាតកន្លែងណាខ្លះ? ហើយយើងក៏អាចបំពេញចំណុចចខ្វះខាតនៅកន្លែងនោះបាន។

អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១ រូបនេះ បញ្ជាក់បន្ថែមថា រូបនាងធ្លាប់មានក្ដីស្រមៃចង់បាននិទ្ទេស A ហើយចាប់ផ្ដើមដាក់គោលដៅរៀនយកនិទ្ទេស A ចាប់តាំងពីរៀនចប់ថ្នាក់ទី១១។  ដាឡែន បន្តថា កត្តាដែលជំរុញឱ្យក្ដីស្រមៃរបស់ខ្លួនទទួលបានជោគជ័យ​ គឺ​ដោយសារ​កត្តាចំនួន៣ ទី១.កត្តាគ្រួសារ ៖ ក្នុងនាមជាកូនម្នាក់ចង់ឃើញឪពុកម្ដាយសប្បាយចិត្ត មានមោទនភាពលើកូន, ទី២. ក្ដីស្រមៃខ្លួនឯង ៖ មានក្ដីស្រមៃចង់បាននិទ្ទេស A ប្រសិនបាននិទ្ទសA យើងមានកិត្តិយស និងទទួលបានប្រាក់រង្វាន់ជាពិសេស និងទី៣. កត្តាទឹកចិត្តគ្រូបង្រៀន ៖ គ្រូបង្រៀន គាត់ខិតខំបង្រៀនសិស្សតាំងពីដើមឆ្នាំ ដល់ចុងឆ្នាំ គាត់តែងតែចង់បានឱ្យសិស្សរបស់គាត់ទទួលបាននិទ្ទេសល្អ ប្រសិនបើសិស្សប្រឡងបាននិទ្ទេស A លើមុខវិជ្ជារបស់គាត់ គាត់ក៏សប្បាយចិត្តលើលទ្ធផលមួយនោះ។

យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១

“នៅពេលបញ្ចប់ថ្នាក់ទី១១ ខ្ញុំចាប់ផ្ដើមសម្លឹងឃើញសិស្សច្បងរៀនថ្នាក់ទី១២ ទទួលបានជោគជ័យ ទទួលបាននិទ្ទេសល្អ ធ្វើឱ្យខ្ញុំមានកម្លាំងចិត្តមួយចង់ឱ្យរឿងទាំងនោះកើតមកលើខ្ញុំដែរ ទើបធ្វើឱ្យខ្ញុំខិតខំប្រឹងប្រែងរៀនសូត្រ ស្វ័យសិក្សា ដើម្បីទទួលបាននិទ្ទេសល្អដែរ”

​សម្រាប់ការ​រៀន​យក​និទ្ទេស A នេះ យុវតី ដាឡែន ក៏បាន​ជួប​នូវ​ឧបស័គ្គ​មួយ​ចំនួន​ផងដែរ ដោយកាលពី​ឆ្នាំ​២០២១ កំពុង​មាន​បញ្ហា​ជំងឺកូវីដ១៩ ដែល​តម្រូវ​ឱ្យ​នាង​ត្រូវ​រៀន​នៅផ្ទះ ដែលខុសពីរៀននៅសាលាផ្ទាល់បានជួបមុខលោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិ ប៉ុន្តែពេលរៀននៅផ្ទះម្នាក់ឯងធ្វើឱ្យនាង​កើតមានអារម្មណ៍ខ្ជិល ខណៈពេលខ្លះរៀនដាច់អ៊ីនធឺណិត ឬកំពុងរៀនសុខៗម្តាយ​ហៅឱ្យជួយធ្វើការងារផ្ទះ ធ្វើឱ្យមានការរំខាន និងពិបាកតាំងអារម្មណ៍រៀនមិនមូល។ យ៉ាងណាក៏ដោយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ដាឡែន ខំស្វែករកពេលវេលាស្ងប់ស្ងាត់ល្អ ដូចជាពេលយប់មិនសូវមានផលរំខានផ្សេងៗ ហើយម៉ោងរៀនដែលល្អបំផុត​សម្រាប់រូបនាង គឺចន្លោះម៉ោង ៧ដល់ម៉ោង១០យប់ ព្រោះម៉ោងនេះ ស្ងាត់ល្អអាចតាំងចិត្តរៀន និងធ្វើចិត្តឱ្យស្ងប់ដើម្បីអាចរៀនចូល។

ជាមួយ​គ្នានេះ បើតាម​យុវតីមកពីខេត្តត្បូងឃ្មុំរូបនេះថា ការរៀបចំកាលវិភាគរៀនមុនប្រឡងបាក់ឌុប ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ឱ្យ​ទទួល​បាននិទ្ទេស​ល្អ​ផងដែរ ព្រោះ​ការ​រៀបចំ​កាលវិភាគ ប្រៀបដូចជាផ្លូវនាំសិស្សឱ្យ​មានភាពច្បាស់លាស់ចំពោះខ្លួនឯង និងការសិក្សា។ សម្រាប់ ដាឡែន ផ្ទាល់ តែងរៀបចំកាលវិភាគលើមុខវិជ្ជារៀនខ្សោយ មិនសូវច្បាស់ ដោយដាក់ម៉ោងរៀនលើមុខវិជ្ជានោះឱ្យបានច្រើន ។

  យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១

“ខ្ញុំរៀនខ្សោយខាងផ្នែកមរៀនទន្ទេញ ដូច្នេះ ក្នុងមួយថ្ងៃខ្ញុំដាក់មេរៀនទន្ទេញឱ្យបានពីរភាគបី ហើយមួយភាគទៀត ខ្ញុំផ្ដោតសំខាន់ទៅលើមុខវិជ្ជាវិទ្យាសាស្រ្ត ដោយសារខ្ញុំឧស្សាហ៍អនុវត្តរាល់ថ្ងៃពីដើមឆ្នាំរហូតដល់ចុងឆ្នាំសិក្សា។ ខ្ញុំមានអារម្មណ៍ថា មានទំនុកចិត្តចំពោះមុខវិជ្ជាគិតលេខ ប៉ុន្តែចំពោះមេរៀនខ្ញុំរៀងខ្សោយ ដូច្នេះ ត្រូវផ្ដោតលើវាច្រើន”

អតីតសិស្សនិទ្ទេសA ឆ្នាំ២០២១ បន្ថែមថា ចំពោះមេរៀនទន្ទេញវិញ គឺចាប់ផ្ដើមទន្ទេញមេរៀនបីខែមុនពេលប្រឡង ដោយចាប់ផ្ដើមប្រមូលឯកសារផ្សេងៗដែលពាក់ព័ន្ធទៅនឹងមេរៀន មិនថាទិញឯកសារពីខាងក្រៅ ឬក៏សំណួរចម្លើយដែលមាននៅក្នុងសៀវភៅពុម្ភ ឯកសាររកបាននៅតាមសៀវភៅរបស់ក្រសួងផ្សេងៗ រៀបចំឱ្យមានលំដាប់ និងចាប់ផ្ដើមទន្ទេញមេរៀនពីមួយថ្ងៃទៅមួយថ្ងៃ ។ សម្រាប់ ដាឡែន ទោះ​មេរៀនច្រើនក៏ពិតមែនប៉ុន្តែសិស្សក៏មានពេលច្រើនក្នុងការទន្ទេញ ដោយកំណត់ខ្លួនឯងថា យ៉ាងហោចណាស់ទន្ទេញមេរៀនក្នុងមួយថ្ងៃឱ្យបាន ២សំណួរ។ ការ​ធ្វើដូចនេះ នៅពេល​ដល់ថ្ងៃប្រឡង នឹង​ធ្វើឱ្យយើងទន្ទេញបានច្រើនសំណួរ និងយល់ច្បាស់ពីមេរៀនកាន់តែច្រើនតាមនោះដែរ។

យុវតី ស៊ា ដាឡែន អតីតសិស្សនិទ្ទេស A ឆ្នាំ២០២១

“តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ អំឡុងពេលប្រឡង អ្វីដែលសំខាន់យើងត្រូវរៀបចំខ្លួនឱ្យមានរួចជាស្រេច មិនមែនមុនមួយអាទិត្យប្រឡងទើបយើងចាប់ផ្ដើមមើលមេរៀន ព្រោះក្នុងពេលមួយសប្ដាហ៍យើងមិនអាចមើលមេរៀនអស់ទេ ហើយសំខាន់ធ្វើឱ្យយើងភ័យ។ ដូច្នេះ យើងត្រូវត្រៀមខ្លួនឱ្យបានរួចជាស្រេចមិនថា រយៈពេលមួយឆ្នាំ បួនខែ ឬបីខែមុនពេលប្រឡង ក៏យើងអាចត្រៀមខ្លួនទាន់ដែរ”

សម្រាប់បទពិសោធន៍​របស់ ដាឡែន មុនថ្ងៃប្រឡងសិស្សានុសិស្សត្រូវតែដឹងថា ខ្លួនខ្លាំងមុខវិជ្ជាអ្វី? ខ្សោយមុខវិជ្ជាអ្វី? ដូច្នេះ​បើខ្សោយមុខវិជ្ជាណា គឺត្រូវតែផ្ដោតលើមុខវិជ្ជានោះឱ្យបានខ្លាំង ព្រោះ​ប្រសិនបើប្រឡង​មុខវិជ្ជាផ្សេងៗខ្លាំងហើយ ប៉ុន្តែបែរជាមកធ្លាក់លើមុខវិជ្ជាណាមួយ វានឹងធ្វើឱ្យពិន្ទុចាប់ផ្ដើមទាញឱ្យធ្លាក់តាមនោះដែរ។ ដាឡែន បន្តថា មុនពេលប្រឡង សិស្សានុសិស្សកុំភ្លេចថែរក្សាសុខភាពឱ្យសោះ ហើយមួយថ្ងៃមុនប្រឡងកុំញ៉ាំអ្វីផ្ដេសផ្ដាសដូចជាម្ជូរ ដែលធ្វើឱ្យឈឺពោះ ក្អួត ឬក៏កុំផឹកអ្វីដែលធ្វើឱ្យគេងមិនលក់ក្នុងមួយយប់មុនពេលប្រឡង។ ដោយ​ឡែក​អំឡុងពេលប្រឡងវិញ ត្រូវតាំងចិត្តឱ្យស្ងប់ កុំភ័យ កុំតក់ស្លុត កុំខ្លាចវិញ្ញាសា ឃើញលំហាត់ណាចេះ ត្រូវធ្វើលំហាត់នោះមុន ហើយសំណួរណាចេះយើងអាចសរសេរចម្លើយចំពោះសំនួរនោះមុន និងកុំសរសេរអ្វីផ្ដេសផ្ដាសដែលអាចហៅថាជាសញ្ញាសម្គាល់។

យុវតី ស៊ា ដាឡែន ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុបខាងមុខនេះ សូម​ត្រៀមខ្លួនឱ្យបានរួចជាស្រេច ខំប្រឹងរៀនអំឡុងពេលដែលយើងនៅមានពេលមើលមេរៀន ហើយត្រូវថែសុខភាពឱ្យបានល្អ ។ លើសពីនេះ កុំដាក់សម្ពាធលើខ្លួនឯងដល់ថ្នាក់រៀនដាច់យប់ រៀនរហូតដល់ភ្លេចបាយភ្លេចទឹក ព្រោះការដាក់សម្ពាធលើខ្លួនឯងអាចធ្វើឱ្យប៉ះពាល់ផ្លូវអារម្មណ៍ និងធ្វើឱ្យបានបញ្ហាសុខភាពផ្សេងៗ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាស​អាហារូបករណ៍​៥៥កន្លែង​ទៅ​សិក្សា​នៅ​ប្រទេសថៃ ពី​គម្រោងអាហារូបករណ៍​ព្រះអង្គម្ចាស់​ក្សត្រី​ សិរិថន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ​បាន​ប្រកាស​ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​មាន​បំណង​ចង់បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ​​នៅ​ព្រះរាជាណាចក្រ​ថៃ ដោយ​ពេលនេះ គម្រោង​ព្រះ​រាជូបត្ថម្ភ​ដល់ព្រះរាជាណាចក្រ​កម្ពុជា...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ក្រសួងអប់រំជ្រើសរើសកុមារីចូលរួមប្រកួតកម្មវិធីតិចណូវេសិនកម្ពុជា ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ជ្រើសរើសសិស្សនារីអាយុពី៨ ដល់១៨ឆ្នាំ ចូលរួមប្រកួតកម្មវិធីតិចណូវេសិន កម្ពុជា ឆ្នាំ២០២៥ ដើម្បីបង្កើនបរិមាណក្មេងស្រីបញ្ចប់ការសិក្សាលើជំនាញកុំព្យូទ័រ ។ កម្មវិធីនេះ ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍកម្មវិធី...