ភ្នំពេញ ៖ ក្រុមបេក្ខនារីវ័យក្មេងរបស់កម្ពុជាចំនួន ៣ក្រុម បានឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតជាសាកលលោក (Global Semifinalists) ក្នុងកម្មវិធី «តិចណូវេសិនកម្ពុជា និងអនាគតទេពកោសល្យឌីជីថល ឆ្នាំ២០២៦» (Technovation Girls x Future Digital Talents 2026) ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបេក្ខជនចំនួន១៥ក្រុម។
ជ័យលាភីទាំង ៣ក្រុម ដែលនឹងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានទៅលើ ក្រុម LogicLoopers ជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតបឋមសិក្សា គម្រោងឈ្មោះ PiggyPal, ក្រុម Kesararam with Digital ជ័យលាភីជើងឯកថ្នាក់ជាតិ កម្រិតអនុវិទ្យាល័យ គម្រោងឈ្មោះ The Way of Safety និងក្រុម Impact Nexus ជ័យលាភីជើងឯកថ្នាក់ជាតិ ប្រជាប្រិយភាព គម្រោងឈ្មោះ CardiPop។
ការប្រកាសជ័យលាភី នៃការប្រកួតប្រជែងថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺជាកិច្ចសហការរវាង នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហគមន៍តិចណូវេសិនកម្ពុជា និងក្រុមហ៊ុន Tech for Kid Academy ដោយបានរួមបញ្ចូលគ្នារវាងកម្មវិធី Technovation Girls និង Future Digital Talents។ កម្មវិធីនេះ បានបើកឱកាសឱ្យកុមារ និងយុវជនកម្ពុជាបានសិក្សាស្រាវជ្រាវលើការសរសេរកូដ (Coding) ការអភិវឌ្ឍកម្មវិធីទូរស័ព្ទ (Mobile Apps) និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតជាដំណោះស្រាយច្នៃប្រឌិតឆ្លើយតបនឹងបញ្ហានានាក្នុងសហគមន៍។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា បានសម្តែងនូវការអបអរសាទរចំពោះបេក្ខជនទាំង ១៥ក្រុម ដែលបានឆ្លងផុតការជម្រុះរហូតមកដល់វគ្គផ្តាច់ព្រ័ត្រថ្នាក់ជាតិ ជាពិសេសគឺការកោតសរសើរចំពោះក្រុមកុមារីទាំង ៣ក្រុម ដែលបានរុញច្រានសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិក្នុងវគ្គ Global Semifinalists។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ការរៀនសូត្រផ្អែកលើគម្រោងជាក់ស្តែង (Project-Based Learning) រយៈពេលកន្លងមក មិនត្រឹមតែបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពាក់បំប៉ន «បំណិនសតវត្សទី២១» យ៉ាងសំខាន់ៗដូចជា ការគិតច្នៃប្រឌិត ការដោះស្រាយបញ្ហា ការធ្វើការជាក្រុម និងស្វ័យសិក្សា ដែលជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងមូលធនមនុស្សឌីជីថលសម្រាប់កម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនទាំងអស់ថា៖ *«ការចូលរួមក្នុងកម្មវិធីនេះ មិនមែនដើម្បីវាស់វែងតែចាញ់ ឬឈ្នះនោះឡើយ ប៉ុន្តែវាគឺជា «ជ័យជម្នះលើខ្លួនឯង» តាមរយៈការទទួលបាននូវបទពិសោធន៍ ការជះឥទ្ធិពលវិជ្ជមានដល់សហគមន៍ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ»។
គួរជម្រាបជូនថា ក្រុមដែលបង្ហាញសមត្ថភាពឆ្នើមក្នុងការប្រកួតថ្នាក់ជាតិ នឹងទទួលបានឱកាសធ្វើដំណើរទស្សនកិច្ចសិក្សានៅក្រៅប្រទេស។ ជាពិសេស ក្រុមយុវតីដែលឆ្លងផុតវគ្គជម្រុះកម្រិតពិភពលោក (Technovation Global) នឹងទទួលបានកិត្តិយសតំណាងឱ្យកម្ពុជា ទៅចូលរួមក្នុងកម្មវិធី World Summit ២០២៦ ដោយផ្ទាល់នៅទីក្រុង Bengaluru ប្រទេសឥណ្ឌា៕












































































