យោងតាមទិន្នន័យក្នុងឆ្នាំ២០២៥ បានបង្ហាញថា សិស្ស-និស្សិតដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រហូតដល់ ៨៧,៤% ទទួលបានឱកាសការងារភ្លាមៗ បន្ទាប់ពីបញ្ចប់ការសិក្សាត្រឹមតែរយៈពេល ៣ ខែប៉ុណ្ណោះ។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យសិស្សនិស្សិតដែលរៀន TVET ងាយទទួលបានឱកាសការងារ?
នៅក្នុង Podcast «កញ្ចក់ទិព្វ» របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុំ សុចិន្តា អ្នកនាំពាក្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានប្រសាសន៍ថា ការណ៍នេះអាចមកពីកត្តា ២ សំខាន់ គឺ ទី១ ការផ្គត់ផ្គង់កម្លាំងពលកម្មជាមួយអ្នកបច្ចេកទេសនៅក្នុងសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងមានចន្លោះប្រហោងនៅឡើយ ដែលនេះជាឱកាសមួយអាចធ្វើឱ្យអ្នករៀនជំនាញបច្ចេកទេសងាយទទួលបានការងារធ្វើ បើទោះបីជាខ្លួនកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរៀនសូត្រក៏ដោយ, ទី២ គឺពាក់ព័ន្ធការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្ម។

លោក ស៊ុំ សុចិន្តា បន្ថែមទៀតថា វិទ្យាស្ថាន ដែលជាគ្រឹះស្ថានបណ្តុះបណ្តាល TVET តែងតែពង្រឹងគុណភាពនៃការបណ្តុះបណ្តាលធ្វើយ៉ាងណាអាចឱ្យសិស្សសិក្សាចេញទៅក្លាយទៅជាមនុស្សមានគុណភាព ជាមូលធនមនុស្សមានតម្រូវការខ្ពស់ មានទាំងចំណេះដឹងច្បាស់លាស់ ជំនាញត្រឹមត្រូវ ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈ។ ទាំងអស់នេះ គឺជាអាថ៍កំបាំងដ៏ធំបំផុតរបស់សិក្ខាកាម ឬក៏និស្សិត TVET។
មួយវិញទៀត សាលា TVET តែងមានកិច្ចសហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនឯកជនជាច្រើន ដូច្នេះនៅពេលសាលាបញ្ជូនសិស្សឱ្យចុះកម្មសិក្សា មានន័យថា ក្រុមហ៊ុនដៃគូទាំងនោះ អាចសម្លឹងមើលលក្ខណៈសម្បត្តិរបស់សិស្សបានមុនបណ្តើរៗរួចទៅហើយ ដែលធ្វើឱ្យសិស្សបញ្ចប់ការសិក្សារួចមានឱកាសទទួលការងារធ្វើកាន់តែខ្ពស់។

អ្នកនាង ឃូ លីហ៊ុង ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីធីវី ម៉ូធ័រ ឯ.ក បានលើកឡើងដែរថា កត្តាសិស្ស TVET ដែលចេញទៅមិនប្រឈមបញ្ហាគ្មានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សា គឺទាក់ទងនឹងវិស័យឧស្សាហកម្ម និងផលិតកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសាលា និងវិស័យឯកជន ព្រោះបច្ចុប្បន្នមានក្រុមហ៊ុន រោងចក្រឧស្សាហកម្មជាច្រើនបាននិងកំពុងកកើតឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យឱកាសការងារមានកាន់តែច្រើនសម្រាប់សិស្ស និស្សិត។
“កត្តាសំខាន់បំផុត គឺខ្លួនឯង ថាតើចំណេះជំនាញមានពិតប្រាកដដែរឬទេ ព្រោះមិនមែនបានន័យថារៀនទទួលបានសញ្ញាបត្រហើយអាចទទួលបានការងារធ្វើនោះទេ អ្វីសំខាន់ គឺសមត្ថភាពពិត និងជំនាញទន់ ការគោរពវិន័យ ក៏ដូចជាការមានឆន្ទៈនៅក្នុងការធ្វើការងារជាដើម”
ក្រៅពីនេះ ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុន ជីធីវី ម៉ូធ័រ លើកទឹកចិត្តឱ្យសិស្ស TVET គួររៀនបន្ថែមនូវ ជំនាញភាសា ព្រមទាំងជំនាញកុំព្យូទ័រ ដែលនេះក៏ជាហេតុជំរុញឱ្យសិស្សមិនបារម្ភរឿងគ្មានការងារធ្វើផងដែរ៕














































































