លោក ឡន សីលបុត្រ អ្នកជំនាញជំនាន់ថ្មី នៅពីក្រោយកិច្ច​ពិធីមង្គលបែបខ្មែរពីដូនតា ក្នុងសង្គមខ្មែរសម័យទំនើប

ក្នុងយុគសម័យដ៏ទំនើបនេះ ខណៈដែលយុវជនភាគច្រើនកំពុងចាប់អារម្មណ៍ភាគច្រើននឹងវិស័យធុរកិច្ច និងបច្ចេកវិទ្យា មានយុវជនខ្មែរម្នាក់បានសម្រេចចិត្តដើរផ្ទុយពីនិន្នាការសង្គម ដោយងាកមកស្រាវជ្រាវ និងចងក្រងមរតកអរូបីដែលជិតបាត់បង់ នោះគឺ «សិល្បៈនៃការរៀបចំកិច្ចពិធីតាមបែបខ្មែរបុរាណ»។

មហាជនជាច្រើនពិតជា​បាន​ឃើញ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើរូបភាព ក៏​ដូចជា​វីដេអូ នៃពិធីមង្គលការដ៏ស្រស់ស្អាតរបស់កូនប្រុស លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ដែលរំលេចនូវរសនិយមខ្មែរយ៉ាងស្រគត់ស្រគុំ និងប្រណីតបំផុត, តាមពិតទៅភាពល្អប្រណីតនេះ កើតពីគោលគំនិតរបស់សាមីខ្លួនការទាំងពីរ និងមានការចូលរួមរៀបចំពីយុវជនខ្មែរមួយរូប គឺលោក ឡន សីលបុត្រ ដែលបានចំណាយទាំងគំនិត កម្លាំង ពេលវេលា និងធនធានជាងមួយទសវត្សរ៍ ដើម្បីសន្សំចំណេះជំនាញ និងអភិរក្សមត៌កវប្បធម៌អរូបិយខាងរៀបចំ “កិច្ចពិធី” តាមរបៀបខ្មែរពីអតីតកាល។

លោក ឡន សីលបុត្រ មានអាយុ ៣១ឆ្នាំ សព្វថ្ងៃជាគ្រូឧទ្ទេសផ្នែកទម្រង់សំណង់ប្រពៃណីខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ លោកក៏មានតួនាទីបន្ថែម ជាអ្នកប្រឹក្សាយោបល់មួយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើផ្នែកទំនៀមទម្លាប់ និងស្ថាបត្យកម្មផងដែរ។ ក្រៅពីការបង្រៀន និងតួនាទីបន្ថែមនេះ លោក សីលបុត្របានដាក់ចិត្តដាក់កាយដើម្បីបេសកកម្មមួយគឺការស្រាវជ្រាវនិងលើកតម្កើងការរៀបចំពិធីមង្គលបែបខ្មែរពីដូនតា ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ឱ្យមានការអនុវត្តសុះសាយឡើងវិញក្នុងសង្គមខ្មែរសម័យទំនើប។

បើតាមប្រវត្តិសិក្សា យុវជនរូបនេះជាអ្នកជំនាញស្ថាបត្យកម្ម និងធ្លាប់ជាសហស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្មមួយ ប៉ុន្តែ សីលបុត្រ មាននិស្ស័យជាមួយនឹងទំនៀមទម្លាប់ខ្មែរតាំងពីតូចក្រូចឆ្មារមកម្ល៉េះ។ ជាកូនច្បងក្នុងគ្រួសារមន្ត្រីរាជការខេត្តកំពង់ចាម ដែលជាខេត្តពោរពេញទៅដោយបេតិកភណ្ឌវប្បធម៌រូបិយ និងអរូបិយដ៏សម្បូណ៌បែប សីលបុត្រ ធំឡើងដោយរស់នៅជិតជីដូននិងទួត។ ផ្សំនឹងធម្មជាតិជាក្មេងដែលពូកែឆ្ងល់និងពូកែសួរផង កុមារាសីលបុត្រមានឱកាសបាននៅជិតចាស់ទុំច្រើន និងជ្រួតជ្រាបអំពីសញ្ញាណទំនៀមទម្លាប់ជាច្រើនពីលោកគ្រប់គ្នា។ ដូច្នេះ បើទោះជាបានចាប់ជំនាញស្ថាបត្យកម្មនៅថ្នាក់បរិញ្ញាបត្រក្ដី ក៏លោកនៅបន្តការសិក្សាផ្ទាល់ខ្លួន និងអនុវត្តការងារក្នុងផ្នែកទំនៀមទម្លាប់ជាទូទៅដដែល។ ក្រៅពីការសិក្សាក្នុងប្រទេស លោកក៏បានចូលរួមវគ្គសិក្សានិងផ្លាស់ប្ដូរបទពិសោធនៅក្រៅប្រទេសរួមមានប្រទេសបារាំង វៀតណាម ឡាវ ជាមួយនឹងអ្នកជំនាញមកពីប្រទេសនានារួមមានបារាំង វៀតណាម ឡាវ ជប៉ុន អាម៉េរិក និងអូស្ត្រាលីជាដើម។ បទពិសោធយ៉ាងទូលំទូលាយផ្នែកវប្បធម៌ខ្មែរ រួមនឹងការយល់ដឹងអំពីវប្បធម៌បរទេស បានក្លាយជាមូលដ្ឋានរឹងមាំសម្រាប់អ្នកជំនាញរូបនេះកត់សម្គាល់និងអួតបង្ហាញអំពីចំណុចពិសេស នៃរសនិយមខ្មែរ។

សេចក្ដីស្រឡាញ់ចំពោះពិធីមង្គលខ្មែរ

បើតាមអ្នកជំនាញរូបនេះ របៀបរបបចាស់ទុំខ្មែរក្នុងការរៀបចំកិច្ចពិធីមង្គលផ្សេងៗ រាប់តាំងពីលំដាប់លំដោយនៃពិធី ទិស ការប្រើប្រាស់ទីតាំង ការតែងលម្អ និងសម្ភារៈប្រើប្រាស់ សុទ្ធតែមានន័យខ្លឹមសារ និងផ្សាភ្ជាប់ទៅនឹងធម្មជាតិ ជំនឿ សាសនា និងការរស់នៅបែបសហគមន៍ ដែលបានវិវត្ត និងចេះចាំតគ្នាពីមួយជំនាន់ទៅមួយជំនាន់។ រសនិយមខ្មែរ ជាពិសេសក្នុងការតុបតែង និងប្រើប្រាស់សម្ភារៈ មានភាពសមទំនងនិងតុល្យភាព ទាំងពណ៌ រស និងក្លិន ដែលសព្វថ្ងៃកំពុងប្រឈមមុខនឹងការបាត់បង់បន្តិចម្ដងៗ។ ការបាត់បង់នេះ បើតាមលោក សីលបុត្រ គឺដោយសារមនុស្សជាច្រើនក្នុងសម័យទំនើបបាត់បង់ឱកាសក្នុងការរៀនសូត្រអំពីរបៀបរបបទាំងនេះតពីចាស់ទុំមក បូកផ្សំនឹងការបង្កើតថ្មីដែលប្រាសចាកគន្លងអារ្យធម៌ ដែលនាំឱ្យបាត់បង់ខ្លឹមសារដើម។ បញ្ហានេះ នាំឱ្យមានបញ្ហាផ្សេងៗទៀតដូចជាការបែងចែកមិនច្បាស់អំពីតួនាទីកិច្ចពិធី និងការយល់ច្រឡំរវាងមត៌កវប្បធម៌ខ្មែរ និងវប្បធម៌បរទេសជាដើម។

ដោយបានឃើញពីបញ្ហាទាំងនេះ លោក ឡន សីលបុត្រ បានយកចិត្តទុកដាក់អភិរក្ស និងផ្សព្វផ្សាយទំនៀមទម្លាប់កិច្ចពិធីមង្គលខ្មែរ។ លោកបានចំណាយពេលវេលាជាច្រើនក្នុងការស្រាវជ្រាវ តាមរយៈការស្វែងរកអាន និងបកស្រាយឯកសារចាស់ៗ ក្បួនខ្នាតក្នុងសាស្ត្រាស្លឹករឹត និងក្រាំង បូកផ្សំនឹងការចុះទៅតាមភូមិស្រុកដែលនៅរក្សាប្រពៃណីបានច្រើន ដើម្បីអង្កេតកិច្ចពិធីនានាប្រកបដោយភាពល្អិតល្អន់និងក្ដីគោរពស្រឡាញ់។ កិច្ចការនេះមិនមែនជាការងាយស្រួលឡើយ។ ឧទាហរណ៍ ពេលខ្លះត្រូវចាប់កាន់សម្ភារៈ ធ្វើដោយផ្ទាល់ដៃទើបយល់ ពេលខ្លះលោកត្រូវអានសាស្ត្រា រួចយកទៅសួរចាស់ទុំឬអង្កេតកិច្ចពិធី ទើបអានសាស្ត្រាសារទៅសារមក ទើបអាចយល់ច្បាស់អំពីរបៀបរៀបចំកិច្ច ព្រមទាំងសារៈសំខាន់និងខ្លឹមសារនៃកិច្ច។ លោកបានចំណាយទាំងពេលវេលានិងថវិកាផ្ទាល់ខ្លួនដើម្បីការសិក្សាទាំងនេះផង និងវិនិយោគលើការប្រមូលនិងដំឡើងគ្រឿងសម្ភារៈប្រើប្រាស់ដែលឆ្លុះបញ្ចាំងនូវរសនិយមខ្មែរ។

ការពាំនាំអត្តសញ្ញាណខ្មែរឱ្យលេចធ្លោក្នុងសង្គមកម្ពុជាសម័យទំនើប

ចំពោះលោក សីលបុត្រ ការអភិរក្សមរតក នៃការរៀបចំកិច្ចមង្គលបែបខ្មែរ ត្រូវតែអនុវត្តតាមរយៈការធ្វើកិច្ចពិធីទាំងនោះជាក់ស្ដែងឱ្យត្រឹមត្រូវតាមសណ្ដាប់វប្បធម៌។ ប៉ុន្តែ លោកជួបបញ្ហាប្រឈមក្នុងការអនុវត្តនេះ ដោយសារសាមីម្ចាស់ពិធីដែលមានគំនិតដូចលោកមានតិច ហើយលោកត្រូវការពេលវេលាដើម្បីពន្យល់អំពីសារៈសំខាន់ និងគុណតម្លៃនៃរបៀបរបបដែលបានរៀនចេះចាំពីចាស់ទុំមក។ ប៉ុន្តែ ជារឿយៗតែងតែមានសាច់ញាតិ មិត្តភក្ដិ សហការី ឬសាមីម្ចាស់ពិធីដែលមានក្ដីស្រឡាញ់ចំពោះរសនិយមខ្មែរ ដែលផ្ដល់ឱកាសឱ្យលោកបានយកវិជ្ជាទាំងឡាយមករៀបចំឱ្យចេញជារូបរាងឡើង។ តួយ៉ាងដូចជាពិធីមង្គលការដែលមហាជនបានឃើញថ្មីៗនេះ អនុវត្តបាន ក៏ដោយសារតែម្ចាស់ពិធីមានក្ដីស្រឡាញ់ និងការជ្រួតជ្រាបលើកិច្ចការនេះ។

កន្លងមកនេះ លោក សីលបុត្រ ធ្លាប់រៀបចំពិធីឆ្លងវ័យរបស់ខ្មែរ រួមមានពិធីកាត់សក់បង្កក់ឆ្មប បញ្ចូលម្លប់ បញ្ចេញម្លប់ មង្គលការអាពាហ៍ពិពាហ៍ តាំងពីស៊ីស្លាភ្ជាប់ពាក្យ រហូតដល់មង្គលការធំ កិច្ចសាសនារួមមានពិធីចម្រើនព្រះជន្មនិងអភិសេកព្រះ ព្រមទាំងពិធីមង្គលផ្សេងទៀតដូចជាឡើងផ្ទះជាដើម។ បន្តិចម្ដងៗ លោកបានដកពិសោធនិងយល់កាន់តែច្បាស់អំពីទំនៀមខ្មែរ និងក្លាយជាអ្នកជំនាញមួយដែលមានស្នាដៃល្អប្លែក ជាទីយកចិត្តទុកដាក់ក្នុងចំណោមអ្នកស្រឡាញ់វប្បធម៌។

ក្រៅពីការអភិរក្សមត៌កដូនតា លោក ឡន សីលបុត្រ បានគូសបញ្ជាក់ថា ជម្រើសប្រើប្រាស់សម្ភារៈនិងរបៀប របប តុបតែង និងធ្វើកិច្ចពិធីបែបខ្មែរពីមុន ក៏មានបច្ច័យល្អជាច្រើនទៀតដែរ ដូចជាការចូលរួមប្រើប្រាស់ផលិតផលដែលមានក្នុងស្រុក ការរួមគ្នាការពារអត្តសញ្ញាណដែលជាចំណុចពិសេសរបស់ខ្មែរក្នុងចំណោមវប្បធម៌នៅអាស៊ីអាគ្នេយ៍ និងការការពារបរិស្ថានផងដែរ។ លោកបានដំណាលរឿងមួយថា នៅក្នុងកម្មវិធីផ្លាស់ប្ដូរបទពិសោធសិក្សា មានម្ដងនោះ អ្នកស្រាវជ្រាវបរទេសម្នាក់បានសរសើរនំអន្សមខ្មែរថា ជាវិទ្យាសាស្ត្រវេចខ្ចប់ម្ហូបអាហារដ៏អស្ចារ្យ ដោយសារស្លឹកវេចនំនិងខ្សែចងនំបម្រើតួនាទីទាំងពេលវេចខ្ចប់ និងពេលបរិភោគ។ ពេលវេច ស្លឹកជាកញ្ចប់ ខ្សែសម្រាប់ចង។ ពេលបរិភោគ ខ្សែសម្រាប់កាត់នំ ស្លឹកសម្រាប់កាន់ហូបមិនប្រឡាក់ដៃ ហើយទាំងស្លឹកនិងខ្សែមិនបំពុលបរិស្ថានទៀត។ នេះជាឧទាហរណ៍មួយ នៃភាពសមទំនងនៃវប្បធម៌ប្រពៃណី ដែលបានតមកច្រើនជំនាន់ ពោលគឺគ្រប់លក្ខខណ្ឌ មិនលើស មិនខ្វះ។

បំណងប្រាថ្នានិងសំណូមពរ

លោក ឡន សីលបុត្រ មានបំណងប្រាថ្នាចង់ឃើញប្រជាពលរដ្ឋខ្មែរគ្រប់រូបស្រឡាញ់ និងថែរក្សាប្រពៃណីតពីដូនតា ជាពិសេសក្នុងការរៀបចំកិច្ចពិធីមង្គលនានា។ ឆ្លៀតឱកាសនេះ លោកបានស្នើសូមផ្ញើសារជាសំណូមពរដល់​យុវជនទាំងអស់ថា ប្រពៃណីដ៏ថ្លៃថ្លារបស់ខ្មែរពិតជាមានគុណតម្លៃជ្រាលជ្រៅ សក្ដិសម និងគ្រប់គ្រាន់ ដែលយើងគ្រប់គ្នាជាបច្ឆាជនជំនាន់ក្រោយគប្បីយកចិត្តទុកដាក់រៀនសូត្រឱ្យបានស៊ីជម្រៅ នោះយើងនឹងឃើញតម្លៃពិត ហើយគប្បីអនុវត្តបន្ត កុំបីកែប្រែឱ្យប្រាសចាកក្របខណ្ឌដើម ទាំងមិនបានយល់នោះឡើយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។