អ្នកជំនាញអប់រំ និងនិស្សិតជាង ៧ពាន់នាក់ គ្រោងនឹងជួបជុំគ្នានៅថ្ងៃស្អែក ក្នុង “វេទិកាឧត្ដមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” ដែលជាព្រឹត្តិការណ៍អប់រំធំប្រចាំឆ្នាំ មានគោលបំណងជំរុញឱ្យយុវជនទទួលបានព័ត៌មានអប់រំត្រឹមត្រូវ និងឱកាសអាហារូបករណ៍សម្រាប់បន្តការសិក្សានៅក្រៅប្រទេស។
វេទិកាឆ្នាំនេះរៀបចំក្រោមប្រធានបទ “ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត” ក្រោមអធិបតីភាពរបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដោយគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៣–២៤ ខែឧសភា ឆ្នាំ២០២៦ នាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
តាមការបញ្ជាក់របស់លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំសហព័ន្ធនិស្សិតកម្ពុជានៅបរទេសបានប្រាប់ AMS ថា វេទិកានេះគឺជាព្រឹត្តិការណ៍អប់រំដ៏ធំប្រចាំឆ្នាំ ដែលផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការទទួលបានព័ត៌មានអប់រំច្បាស់លាស់ និងស្វែងយល់ពីខ្លួនឯង ដើម្បីជួយក្នុងការជ្រើសរើសមុខជំនាញ និងទិសដៅអាជីពនាពេលអនាគត។
លោកបានបន្ថែមថា វេទិកានេះក៏ជាស្ពាននៃឱកាសអាហារូបករណ៍ ដោយមានបទបង្ហាញជាយុទ្ធសាស្ត្រ និងបច្ចេកទេសក្នុងការដាក់ពាក្យអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ដែលអាចជួយដល់ការសម្រេចចិត្តរបស់យុវជនឱ្យកាន់តែត្រឹមត្រូវ។
ព្រឹត្តិការណ៍នេះនឹងជួយជំរុញតម្រង់ទិសដល់យុវជន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ជាមូលធនមនុស្សដ៏មានសក្ដានុពល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ តាមរយៈការទទួលបានការអប់រំ
លោក ទិត ប៉ារូស អគ្គលេខាធិការរងប្រចាំសហព័ន្ធនិស្សិតកម្ពុជានៅបរទេស
លើសពីនេះ លោក ជា ធីរិទ្ឋ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា ដែលជាវាគ្មិនមួយរូបក្នុងព្រឹត្តិការណ៍នេះក៏បានប្រាប់ AMS ថា វេទិកានេះគឺជាព្រឹត្តិការណ៍សំខាន់ ដែលផ្តល់ឱកាសឱ្យសិស្សនិស្សិតទទួលបានបទពិសោធន៍ និងការយល់ដឹងបន្ថែម ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនមានសក្ដានុពលក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

សូមជម្រាបថា ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធី វេទិកានេះនឹងមានសកម្មភាពសំខាន់ៗជាច្រើន រួមមាន សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដោយមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនជាតិ និងអន្តរជាតិ។
កម្មវិធីនេះក៏នឹងប្រមូលផ្ដុំសិស្សានុសិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ តំណាងសាកលវិទ្យាល័យ ម្ចាស់អាហារូបករណ៍ ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញពីវិស័យផ្សេងៗផងដែរ៕





























