តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme – CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជនដែលចង់ពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញដឹកនាំក្នុងការអភិវឌ្ឍសហគមន៍ប្រកបដោយចីរភាព។
កម្មវិធីនេះគ្រប់គ្រងដោយ UnionAID សហការជាមួយ Khmer Farmer Products (KFP) នៅកម្ពុជា, PAKA នៅប្រទេសឡាវ និងសាកលវិទ្យាល័យ AUT នៅប្រទេសនូវែលសេឡង់។

កម្មវិធីសិក្សា
កម្មវិធីនេះរួមបញ្ចូលការសិក្សាតាមអនឡាញចំនួន ១៥០ ម៉ោង និងការសិក្សាដោយផ្ទាល់រយៈពេល ១៤ សប្តាហ៍ រួមមាន ៖ សិក្សាតាមអនឡាញ (១០០ ម៉ោង) ចាប់ពីខែសីហា និងសិក្ខាសាលារយៈពេល ២ សប្តាហ៍ក្នុងប្រទេសកម្ពុជា ឬឡាវ។ បន្ទាប់មកនឹងត្រូវសិក្សាពេញម៉ោងរយៈពេល ១២ សប្តាហ៍ នៅប្រទេស នូវែលសេឡង់ ចាប់ពីខែមីនា ឆ្នាំបន្ទាប់។
ជាមួយគ្នានេះ ក៏មានវគ្គភាសាអង់គ្លេសសម្រាប់ការអភិវឌ្ឍ (EDC) ដើម្បីញពង្រឹងសមត្ថភាពភាសាសម្រាប់ប្រើប្រាស់ក្នុងកម្រិតវិជ្ជាជីវៈ និងការសរសេរគម្រោងស្នើសុំថវិកា, បន្ទាប់ពីត្រឡប់មកពីនូវែលសេឡង់ សិក្ខាកាមនឹងទទួលបានថវិកាដើម្បីអនុវត្តគម្រោងខ្នាតតូចក្នុងសហគមន៍របស់ខ្លួន។
អត្ថប្រយោជន៍នៃកម្មវិធី
- សិក្សាពីគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការគិតជាប្រព័ន្ធ (Systems Thinking)។
- ចុះទស្សនកិច្ចនៅស្ថាប័នសំខាន់ៗក្នុងប្រទេសនូវែលសេឡង់ ដូចជា សភា និងគណៈកម្មការសិទ្ធិមនុស្ស។
- ស្វែងយល់ពីវប្បធម៌ និងវិធីសាស្ត្រអភិវឌ្ឍន៍របស់ជនជាតិដើម Māori។
- ទទួលបានការបណ្តុះបណ្តាលជំនាញដឹកនាំ ការគ្រប់គ្រងអង្គការ និងការតស៊ូមតិ។

លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជនដែលចាប់អារម្មណ៍ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖
- អាយុ៖ ចន្លោះពី ២០ ដល់ ៣៤ ឆ្នាំ។
- ការងារ៖ កំពុងបម្រើការងារក្នុងសហគមន៍ (CBO), អង្គការសង្គមស៊ីវិល (CSO), សហជីព ឬសហគ្រាសសង្គម។
- ការប្តេជ្ញាចិត្ត៖ បន្តការងារក្នុងសហគមន៍ ឬអង្គការសាម៉ីយ៉ាងតិច ១ ឆ្នាំក្រោយបញ្ចប់កម្មវិធី។
- ភាសាអង់គ្លេស៖ កម្រិតមធ្យម (ប្រហាក់ប្រហែល IELTS ៤.៥ ឬ TOEFL ៣២-៣៤) មិនចាំបាច់មាន- សញ្ញាបត្រផ្លូវការទេ នឹងមានការតេស្តនៅវគ្គសម្ភាសន៍។
- លិខិតឆ្លងដែន៖ មានលិខិតឆ្លងដែនដែលមានសុពលភាពរហូតដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៨។
សម្រាប់ការទទួលបានព័ត៌មានលម្អិតបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ [ UnionAID ] ។ បើទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦៕






























