តើយុវជននឹងមានបញ្ហាអ្វីកើតឡើងបើគ្មានការគិតស៊ីជម្រៅ?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ការគិតបែបស៊ីជម្រៅ (Critical Thinking ) ជាមូលដ្ឋាននៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់មនុស្សដោយឆ្លងកាត់ការសាកសួរ ការវិភាគ ការបកស្រាយ ការវាយតម្លៃ និងវិនិច្ឆ័យទៅលើព័ត៌មានដែលទទួលបាន ។ សម្រាប់ការអប់រំនៅសតវត្សទី២១ ជំនាញគិតស៊ីជម្រៅកាន់តែសំខាន់សម្រាប់មនុស្សគ្រប់រូប ជាពិសេស យុវជន សិស្សានុសិស្ស ព្រមទាំងជួយសិស្សឱ្យមានគំនិតច្នៃប្រតិដ្ឋថ្មីជានិច្ច។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា ការគិតបែបស៊ីជម្រៅ (Critical Thinking ) ឬការគិតត្រិះរិះម៉ត់ចត់ មានសារៈសំខាន់ណាស់ ព្រោះកាលណាយើងមានការគិតម៉ត់ចត់ធ្វើឱ្យយើងមានការសន្និដ្ឋាន និងសម្រេចចិត្តបានត្រឹមត្រូវ។ ទន្ទឹមគ្នានេះ ការសន្និដ្ឋាន និងសម្រេចចិត្តបានត្រឹមត្រូវ ជួយធ្វើឱ្យយុវជនគេចផុតពីការចាញ់បោកអ្នកដទៃ ឬគ្រោះថ្នាក់ផ្សេងៗដែលអាចមានចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា

មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់បន្ថែមថា ការត្រិះរិះម៉ត់ចត់ សំដៅលើការគិតលើហេតុផល មានទិន្នន័យគ្រប់គ្រាន់ មុនពេលធ្វើសេចក្ដីសន្និដ្ឋានណាមួយ។ ទន្ទឹមគ្នានេះ ការគិតត្រិះរិះម៉ត់ចត់ ត្រូវមានភាពច្បាស់លាស់ ត្រូវចំបញ្ហា ភាពទាក់ទងគ្នា សមហេតុផល និងភាពពេញលេញជាដើម។ ប្រសិនយុវជនចង់រៀនសូត្រឱ្យមានការគិតត្រិះរិះមត់ចត់ ត្រូវរៀនមុខវិជ្ជាការគិតត្រិះរិះម៉ត់ចត់ដែលជាផ្នែកមួយរបស់ទស្សនៈវិជ្ជា ពោលគឺមុនសន្និដ្ឋាន ឬសម្រេចចិត្តបែបណាមួយ ត្រូវតែមានភាពសមហេតុផល និងមានទិន្ន័យពេញលេញគ្រប់គ្រាន់ច្បាស់លាស់។

បើតាម លោកបណ្ឌិត ឈត ប៊ុនថង នៅពេលយុវជនខ្វះការគិតម៉ត់ចត់ នាំឱ្យយុវជនក្លាយជាអ្នកបង្កបញ្ហាដល់សង្គម និងធ្វើការសម្រេចចិត្តមិនបានត្រឹមត្រូវ ដោយប្រើអំពើហិង្សា ឬការគិតបញ្ចប់ជីវិត ដោយសារមិនអាចដោះស្រាយបញ្ហា។ លើសពីនេះ កាលណាយុវជនខ្វះការគិតម៉ត់ចត់ នាំឱ្យយុវជនបំផ្លាញខ្លួនឯង បំផ្លាញគ្រួសារ បំផ្លាញសង្គម។ ដូច្នេះ យុវជនគួរមកតម្រង់ទិសសិក្សាទស្សនវិជ្ជាឱ្យមានការគិតម៉ត់ចត់ ដើម្បីបញ្ចៀសខ្លួនពីការចាញ់បោកជនខិលខូច។

សម្រាប់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community មានប្រសាសន៍ថា ការគិតស៊ីជម្រៅ គឺពិតជាសំខាន់ដែលអាចឱ្យយើងយល់ច្បាស់ពីការពិត ព្រោះកាលណាយើងឆាប់ជឿអ្វីដែលមិនបានដឹងពីហេតុផលច្បាស់លាស់ នាំឱ្យយើងមិនអាចបកស្រាយរឿងដែលកើតឡើង។ ទន្ទឹមគ្នានេះ កាលណា យុវជនមិនយល់ពីហេតុផល គឺងាយនឹងត្រូវគេបោកប្រាស់ បាក់ទឹកចិត្ត និងអស់សង្ឃឹម។ ដូច្នេះ មានតែការចេះថ្លែងយល់ពីការពិតប៉ុណ្ណោះ នឹងជួយឱ្យយុវជនគេចផុតពីការបោកប្រាស់ផ្សេងៗ។

ស្ថាបនិកសាលាបង្វឹក Startup Community បន្ថែមថា សម្រាប់មនុស្សដែលជួបនឹងស្ថានភាពជីវភាពលំបាកខ្លះ ច្រើនបន្ទោសទៅលើជោគវាសនាដែលនាំឱ្យខ្លួនក្រ ប៉ុន្តែមនុស្សដែលមានការគិតស៊ីជម្រៅ ដឹងថា ភាពក្រីក្រអាចបណ្ដាលមកពីការខ្វះចំណេះដឹង ឬមិនយល់ដឹងពីហិរញ្ញវត្ថុ ហើយមានតែបន្តការសិក្សារៀនសូត្រប៉ុណ្ណោះដែលនាំឱ្យគាត់អាចផ្លាស់ប្ដូរជោគវាសនាបាន។ ថ្មីៗនេះ យុវជនភាគច្រើនងាយចាញ់បោកអ្នកដទៃតាមប្រព័ន្ធអនឡាញ ដោយសារគ្មានការគិតបែបស៊ីជម្រៅ។ ដូច្នេះ បើយុវជនគ្មានការគិតស៊ីជម្រៅ នឹងនាំបញ្ហាដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

បើតាម លោក គីម ដារ៉ា ដើម្បីឱ្យមានការគិតស៊ីជម្រៅ យុវជនត្រូវរៀនគិតអំពី ហេតុ និងផលឱ្យបានច្រើន និងពិចារណាស្វែងរកការពិត។ កាលណា យើងទម្លាប់វិភាគ និងស្វែងរកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងជឿអ្វីមួយ ​នោះការគិតរបស់យើងកាន់តែស៊ីជម្រៅ។

លោក លី មុន្នីពុទ្ធិ គ្រូបង្វឹកពីរបៀបរៀន បានប្រាប់ឱ្យដឹងថា ការគិតស៊ីជម្រៅ គឺទៅតាមការសួរសំណួរស៊ីជម្រៅនោះដែរ។ ជា​ជាងចម្លើយ​ សំណួរល្អ​ គឺ​ជាអ្វី​ដែល​ដឹកនាំ​ការ​គិតរបស់យើង នៅលើការត្រិះរិះពិចារណា។ លោកបន្តថា មានគំរូបុរាណដ៏ល្អមួយដែលគេស្គាល់ថាជា “ការសួរបែបសូក្រាត” ដែលត្រូវបានគេយកមកប្រើអស់រយៈពេលជាង ២ពាន់ឆ្នាំមកហើយ។ ហើយសព្វថ្ងៃនេះ យើងនៅតែប្រើវាសម្រាប់អាជីវកម្ម ការច្នៃប្រឌិត ការពិគ្រោះបញ្ហាផ្លូវចិត្ត និងការបង្វឹកផងដែរ។

គ្រូបង្វឹកពីរបៀបរៀន រូបនេះ​ បញ្ជាក់បន្ថែមថា ការគិតស៊ីជម្រៅ គឺជារឿងសំខាន់ដែលមនុស្សគ្រប់រូបគួរមាន ដែលមិនទាក់ទងការរៀន ឬការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាអ្វីមួយដែលជួយដល់ជីវិតរស់នៅ។ ក្នុងនោះ វាអាចជួយឱ្យយើងគិតកាន់តែច្រើនមុនវិនិច្ឆ័យអ្វីមួយ ឬការរកដំណោះស្រាយ។ លោក លី មុន្នីពុទ្ធិ ក៏បានលើកឡើងអំពីភាពវាងវៃរបស់សូក្រាត ដែលជាទស្សនៈវិទូល្បីល្បាញ និងជាបុគ្គលដែលមានឧត្តមគតិ ដែលគាត់ជាមនុស្សដែលតែងតែសួរសំណួរ ហើយក៏ជួយឱ្យយើងអាចមានការគិតស៊ីជម្រៅកាន់តែល្អ។

ខាងក្រោមនេះ ជាការសួរសំណួរចំនួន៦យ៉ាងដែលជួយឱ្យយើងមានការគិតស៊ីជម្រៅ រួមមាន៖

ទី១. សំណួរសួរបញ្ជាក់៖ ប្រសិនបើនៅលើវេទិកាណាមួយគេនិយាយអំពីប្រធានបទណាមួយ យើងអាចលើកជាសំនួរសួរបញ្ជាក់ថា ហេតុអ្វីបានជានិយាយបែបហ្នឹង? តើអ្នកអាចពន្យល់បន្ថែម ឬលើកជាឧទាហរណ៍បានដែរឬទេ? ដូច្នេះ យើងអាចសុំព័ត៌មានបន្ថែមដើម្បីដឹងថា ហេតុអ្វីបានជាគេហ៊ាននិយាយបែបនេះ ដើម្បីឱ្យយើងយល់កាន់តែច្រើន។ កាលណាយើងសុំព័ត៌មានកាន់តែច្រើនធ្វើឱ្យយើងកាន់តែយល់ពីការគិតរបស់គេកាន់តែស៊ីជម្រៅផងដែរ។ កាលណាយើងឃើញកាន់តែស៊ីជម្រៅ យើងអាចឃើញរឿងរ៉ាវមួយចំនួនទាក់ទងនឹងគំនិតមួយចំនួនផងដែរ។

ទី២. សំណួរលក្ខណៈប្រឆាំង ៖ ជាសំណួរបែបជជែកដេញដោល ដោយសួរសំណួរបន្ថែមអំពីរឿងរ៉ាវទាំងនោះ។ ឧទាហរណ៍ថា មនុស្សម្នាក់និយាយលើឆាកថា លុយមិនអាចទិញសុភមង្គលបាន។ ដូច្នេះ សំណួរដែលយើងអាចសួរបានគឺ តើអាចមានកាលៈទេសៈណាដែលលុយអាចទិញសុភមង្គលបានទេ? នោះយើងនឹងចាប់ផ្ដើមយល់ និងគិតស៊ីជម្រៅនៅចំណុចនោះ។

លោក លី មុន្នីពុទ្ធិ គ្រូបង្វឹកពីរបៀបរៀន

ទី៣. សំណួរសុំភស្ដុតាងទាក់ទងអ្វីដែលគេនិយាយ ៖ ដោយសារបច្ចុប្បន្ន មានភាពងាយស្រួលក្នុងការស្វែងរកទិន្ន័យ ឬឯកសារមួយចំនួននៅក្នុងអ៊ីនធឺណិត នោះយើងអាចទៅស្វែងរកឱ្យកាន់តែដឹងច្បាស់អំពីអ្វីដែលគេលើកឡើងពិតដែរ ឬអត់? ដូច្នេះ គឺពិតជាសំខាន់នៅពេលមាននរណាម្នាក់ចែករំលែកអ្វីមួយនៅក្នុងបណ្ដាញសង្គម នោះយើងអាចសុំភស្ដុតាង តើអ្វីដែលគេនិយាយបានមកពីណា? ហេតុអ្វីគេហ៊ាននិយាយថារឿងនោះបែបហ្នឹងមែន? ហើយមានភស្ដុងតាងណាខ្លះ ដែលលុយអាចទិញសុភមង្គលបាន? នោះយើងអាចចាប់ផ្ដើមគិតស៊ីជម្រៅ និងមើលទាំងសងខាង ដោយមិនមែនជជែកដេញដោល ដើម្បីការពារគំនិតរបស់យើងទេ ប៉ុន្តែជាការសួរសំណួរ ពិភាក្សា ដើម្បីរកអ្វីមួយពិត និងជាក់លាក់។

ទី៤. ការគិតវិភាគផ្សេងមួយទៀត ៖ ប្រសិនបើមានរឿងណាមួយដែលគេបង្ហាញមានចំណុចល្អ និងចំណុចអាក្រក់ នោះយើងអាចរកមើលឱ្យឃើញចំណុចមួយផ្សេងទៀត។ សំណួរដែលយើងអាចសួរ តើមនុស្សម្នាក់ផ្សេងអាចមើលឃើញពីរឿងនោះបែបណាដែរ? ឧទាហរណ៍ថា គេនិយាយថា លុយមិនអាចទិញសុភមង្គលបាន។ ដូច្នេះ យើងអាចមើលទៅបងប្អូនដែលមិនសូវមានប្រាក់កម្រៃច្រើន បើយើងឱ្យលុយគាត់១លានដុល្លារតើគាត់អាចមានសុភមង្គល ឬអត់? នោះយើងអាចមើលឃើញហើយថា លុយអាចជួយគាត់សម្រាប់យកទៅរកស៊ី ចំណាយថ្លៃសុខភាពជាដើម ហើប្រហែលជាអាចបង្ហាញថា លុយអាចទិញសុភង្គលបាន។ ផ្ទុយទៅវិញ ប្រសិនមនុស្សម្នាក់ជាអ្នកមាន ហើយយើងឱ្យលុយគាត់១លានដុល្លារដូចគ្នា តើគាត់សប្បាយចិត្តជាងមុនឬអត់? ប្រហែលជាគាត់សប្បាយចិត្តជាងមុនបន្តិច ឬអត់សោះ។ ដូច្នេះ យើងនឹងចាប់ផ្ដើមកត់សម្គាល់មួយថា លុយអាចទិញសុភមង្គលបាន ប៉ុន្តែវាមានកម្រិតរបស់វា។ យើងអាចគិតពិចារណាបានថា តើមនុស្សផ្សេងៗអាចមើលឃើញពីបណ្ហានេះដូចម្ដេច? ប្រសិនគេមានលក្ខណៈជីវិតផ្សេង ឬកំពុងធ្វើអ្វីមួយផ្សេង ឬមកពីប្រទេស ឬតំបន់ណាមួយផ្សេង យើងនឹងចាប់ផ្ដើមឃើញបញ្ហានោះច្រើនជាងមុន។

ទី៥. សួររកផល បើបែបនេះនឹងមានអ្វីកើតឡើង ៖ ប្រសិនបើអ្វីដែលគេលើកឡើងត្រូវ តើអាចកើតរឿងផ្សេងឬអត់? ប្រសិនបើលុយអាចទិញសុភមង្គលបាន តើមានរឿងអ្វីកើតឡើង? ប្រសិនបើយើងឱ្យលុយទៅនរណាម្នាក់ ហើយគេមានសុភមង្គល បន្ទាប់មកទៀត តើជីវិតគេនឹងទៅជាបែបណាទៀត? នេះជាសំណួរដែលទាក់ទងនឹងផលដែលអាចប៉ះពាល់ផ្សេងទៀត ដែលយើងមិនអាចមើលឃើញ។

ទី៦. សួរទាក់ទងនឹងសំណួរ៖ តើរឿងនោះសំខាន់ឬអត់ដែលយើងចំណាយពេលក្នុងការពិភាក្សា? ហេតុអ្វីយើងនិយាយទាក់ទងចំណុចនេះ? តើចំណុចនេះ​វាទាក់ទងគោលបំណងនៃការពិភាក្សាឬអត់? ដូច្នេះ សំណួរដែលសួរខ្លួនឯង និងសួរអ្នកដទៃ ធ្វើឱ្យការគិតកាន់តែស៊ីជម្រៅបន្ថែមទៀត និងយល់ដឹងពីអ្វីដែលគេនិយាយកាន់តែច្រើន។ បើចង់ឱ្យការគិតកាន់តែស៊ីជម្រៅល្អ យើងត្រូវសួរសំណួរកាន់តែល្អ ព្រោះអ្នកដែលពូកែគិតស៊ីជម្រៅ មិនសូវជឿ ដោយសារតែគេគិតម៉ត់ចត់ និងតាមទារភស្ដុតាងច្បាស់លាស់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...