រដ្ឋមន្រ្តី ៖ ក្រសួងអប់រំ ជំរុញការដាក់បញ្ជូល AI នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីលើកកម្ពស់ការធ្វើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់វិស័យអប់រំ

ក្នុងពិធីបើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ កំពុងជំរុញការដាក់បញ្ជូលបញ្ញាសិប្បនិម្មិត (AI) ក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដើម្បីលើកកម្ពស់ការធ្វើកំណែទម្រង់គ្រូបង្រៀន និងកំណែទម្រង់វិស័យអប់រំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា​ បញ្ញាសប្បនិម្មិត (AI) ដើរតួនាទីដ៏សំខាន់ ហើយបច្ចុប្បន្នបញ្ញារបស់ម៉ាស៊ីនក្នុងករណីខ្លះលើសពីបញ្ញារបស់មនុស្សរួចទៅហើយ, ប្រការនេះនឹងជះឥទ្ធិពលលើគ្រប់ទិដ្ឋភាពទាំងអស់លើវិស័យអប់រំ ដូច្នេះ តើកម្ពុជាត្រូវត្រៀមយ៉ាងណាដើម្បីចាប់យកបញ្ញាសិប្បនិម្មិត (AI) នេះ?

រដ្ឋមន្រ្តីក្រសួងអប់រំ សង្កត់ធ្ងន់ថា ដើម្បីចាប់យកបញ្ញាសិប្បនិម្មិត (AI) ចាំបាច់គឺត្រូវការធ្វើកំណែទម្រង់សាលារៀន ក៏ដូចជាកំណែទម្រង់វិស័យអប់រំគ្រប់ជ្រុងជ្រោយទាំងអស់។ ជាក់ស្ដែង ក្រសួងអប់រំ បានអនុវត្តសាកល្បងនូវបញ្ញាសិប្បនិម្មិត នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូមួយចំនួន ដូចជានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលគ្រូបង្រៀន (NIE) សាលាគរុកោសល្យរាជធានីភ្នំពេញ សាលាគរុកោសល្យបាត់ដំបង ក៏ដូចជានៅសាលារៀនជំនាន់ថ្មី ដែលទាមទារទាំងគ្រូត្រូវមានការបណ្ដុះបណ្ដាលគ្រប់គ្រាន់ ទាំងសិស្សត្រៀមលក្ខណៈក្នុងការប្រើប្រាស់ មានចំណេះដឹង ជាពិសេសខាងផ្នែកភាសាអង់គ្លេស ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធ គឺសាលារៀនត្រូវមានអ៊ីនធឺណែត។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បញ្ជាក់ថា បន្ទាប់ពីដាក់ឱ្យប្រើប្រាស់ AI ក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គឺអាចជួយដល់គ្រូក្នុងការរៀបចំមេរៀន កិច្ចតែងការបង្រៀន បង្កើតផែនការបង្រៀន និងមេរៀន និងសកម្មភាពបង្រៀន បង្កើតសំណួរវាយតម្លៃ និងលំហាត់អនុវត្ត រៀបចំឯកសារបង្រៀន។ មានន័យថា​ គ្រូមានភាពងាយស្រួលក្នុងការរៀបចំផែនការមេរៀន ដោយគ្រាន់តែសួរ ឬឱ្យ AI ធ្វើឱ្យ, នោះ AI នឹងរៀបចំផែនការបង្រៀនឱ្យបានយ៉ាងលឿន។ ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា បើទោះជាគ្រូបង្រៀនចាប់យកបានលឿន ក៏ប៉ុន្តែ AI ទាមទារការចំណាយយ៉ាងច្រើនទៅលើអ៊ីនធឺណិត បើប្រៀបធៀបជាមួយបច្ចេកវិទ្យាផ្សេងទៀត។ AI អាចប្រើក្នុងទូរស័ព្ទដៃបាន ដោយសារនៅកម្ពុជាប្រជាជនប្រមាណ ៩០ភាគរយប្រើទូរស័ព្ទដៃ ដូច្នេះមានលក្ខណៈអំណោយផល។ ប្រសិនបើប្រើប្រាស់តាមរយៈកុំព្យូទ័រអាចមានការលំបាក ដោយទាមទារនូវចំណាយមួយចំនួនផងដែរ។

យោងតាមការរីកចម្រើននៃបច្ចេកវិទ្យាផងដែរ គឺទាមទារឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្ស មានការអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍឥតឈប់ឈរ។ អ្នកសិក្សាក៏ត្រូវស្វែងយល់ និងប្រតិបត្តិក្រមសីលធម៌ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ។

“បើកម្ពុជាមិនចាប់យកបញ្ញាសិប្បនិម្មិតឱ្យបានលឿន ទៅថ្ងៃអនាគតគម្លាតនឹងកើនឡើង សមត្ថភាពគ្រូក៏នឹងខុសគ្នា…គ្រូដែលប្រើ AI និងគ្រូដែលមិនប្រើ AI, សិស្សប្រើ AI និងសិស្សមិនប្រើ AI, ហើយបញ្ហាប្រឈមក៏នៅតែមាន…”។

ជាមួយគ្នានេះ ឯឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ ក៏បានបានថ្លែងអំណរគុណដល់ UNESCO និង GPE ដែលបានគាំទ្រដល់ការធ្វើកំណែទម្រង់ទំនើបកម្មគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូចំនួន ១១នៅតាមខេត្ត ដែលបំពាក់ឧបករណ៍ ក៏ដូចជាកែលម្អវិធីសាស្រ្តបង្រៀន។ ហើយនាពេលអនាគតសាលាគរុកោសល្យខេត្ត គឺជាអ្នកជួយគាំទ្រដល់គ្រូបង្រៀនក្នុងការបង្រៀនខាងផ្នែកបំប៉នគ្រូ អំណានដំបូង និងគណិតវិទ្យា ក៏ដូចជាផ្នែកប្រឹក្សាគរុកោសល្យ ក៏ដូចជាបណ្ដុះបណ្ដាលនៃគ្រូបង្រៀនដែលកំពុងបម្រើការងារនៅតាមគ្រឹះស្ថានសិក្សា។

លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ និងមន្ត្រីទទួលបន្ទុកអង្គការយូណេស្កូ មានប្រសាសន៍ថា​ អង្គការយូណេស្កូ គឺជាដៃគូរយៈពេលវែង ដែលមានវត្តមានក្នងប្រទេសកម្ពុជា និងបានចូលរួមកិច្ចខិតខំប្រឹងប្រែងកំណែទម្រង់វិស័យអប់រំនៅប្រទេសកម្ពជា។ ជាមួយគ្នា តាមរយៈកម្មវិធីពង្រឹងការអប់រំគ្រុបង្រៀននៅកម្ពុជា (STEPCam) ដែលមានទឹកប្រាក់សរុបជាង ២៧លានដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសកលសម្រាប់ការអប់រំ យើងបាននិងកំពុងគាំទ្រក្រសួងដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្សតាមរយៈការពង្រឹងគុណភាពនៃការអប់រំ។ ជាពិសេស អង្គការយូណេស្កូបានប្តេជ្ញាចិត្តក្នុងការកសាងសមត្ថភាពវិជ្ជាជីវៈ និងសមត្ថភាពឌីជីថលរបស់គ្រូបង្រៀននៅកម្ពុជា តាមរយៈការវិនិយោគលើការអប់រំគ្រូបង្រៀនប្រកបដោយគុណភាព ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ប្រឹក្សាគរុកោសល្យ និងការលើកកម្ពស់សមត្ថភាពឌីជីថលរបស់គ្រូបង្រៀនសម្រាប់ការបង្រៀននិងររៀន និងការគ្រប់គ្រងការអប់រំឱ្យកាន់តែប្រសើរឡើង។

លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ និងមន្ត្រីទទួលបន្ទុកអង្គការយូណេស្កូ

តាមរយៈអ្នកជំនាញនិងឯកទេសសកម្រិតសកលរលោក អង្គការយូណេស្កូបច្ចុប្បន្នកំពុងគាំទ្រដល់ក្រសួងក្នុងការអភិវឌ្ឍក្របខណ្ឌសមត្ថភាពជាតិស្តីពីសមត្ថភាព ICT និង AI របស់គ្រូបង្រៀនជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា ផ្អែកលើក្របខ័ណ្ឌសកលរបស់យើងសម្រាប់ ICT និង AI និងបរិបទតាមរយៈការសិក្សាវាយតម្លៃយ៉ាងទូលំទូលាយ។ វិធីសាស្រ្តនេះធានាថា ក្របខណ្ឌសមត្ថភាពរបស់កម្ពុជាបានគិតគូរអំពីយេនឌ័រ បរិយាបន្ន វិសមភាពនៅតាមជនបទ និងទីក្រុង។ តាមរយៈការគាំទ្ររបស់ UNESCO ក្រសួងនឹងបន្តគៀងគរការគាំទ្រតាមរយៈវិធីសាស្រ្តពហុភាគីពីដៃគូផ្សេងទៀត រួមទាំងវិស័យឯកជន ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធ បរិក្ខារ និងការតភ្ជាប់អ៊ីធឺណិត ដែលជួយសម្រួលដល់សមាហរណកម្មប្រកបដោយប្រសិទ្ធភាព និងសីលធម៌វិជ្ជាជីវៈ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការបង្រៀន និងរៀននៅទូទាំងប្រទេសកម្ពុជា។

សូមជំរាបជូនថា សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ ដោយ​ចាប់ផ្តើមពីថ្ងៃទី១៧ ខែវិច្ឆិកា រហូត​ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ​ក្រោមប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌”។

បើតាម​ក្រសួងអប់រំ សន្និសីទនេះរៀបចំឡើងក្នុងគោលបំណង៖ ១) លើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ២) ផ្សារភ្ជាប់ ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយមានការធ្វើបទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះ ជាក់ស្តែង ៣) ការអប់រំឌីជីថល រួមមានបង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស, ៤) គំនិតផ្តួចផ្តើមសហការរួមគ្នា តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ ទស្សនៈវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន និង ៥) ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការ ស្វែងរកយុទ្ធសាស្ត្រកែលម្អ គុណវុឌ្ឍិគ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងាររបស់គ្រូបង្រៀន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលកូឡុំប៊ី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

រដ្ឋាភិបាលកូឡុំប៊ីប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ មកពីគ្រប់ប្រទេសទូទាំងពិភពលោក ឱ្យមានឱកាសសិក្សានៅសាកលវិទ្យាល័យផ្សេងៗក្នុងប្រទេសកូឡុំប៊ី សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបកណ៍ផ្ដល់ជូនការសិក្សា...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/04/2026

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2025

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី...

ឱកាស​សិក្សា​ឥតគិតថ្លៃ ស្តីពី «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក» សម្រាប់សហគ្រិនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2026

ដើម្បីពង្រឹងសមត្ថភាពឌីជីថលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសនៅកម្ពុជា សិក្ខាសាលាដ៏មានសារៈសំខាន់មួយនឹងត្រូវរៀបចំឡើងក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថល និងអាជីវកម្មអេឡិចត្រូនិក»។ កម្មវិធីនេះរៀបចំឡើងដោយមានការសហការពី...