ការជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្តក្រោយបញ្ចប់ថ្នាក់ទី១២ ពិតជាមានសារៈសំខាន់ណាស់សម្រាប់យុវជន។ ស្របគ្នានេះ លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Start Up Community បានលើកទឹកចិត្តឱ្យយុវជនពង្រឹងជំនាញឱ្យច្បាស់លាស់ និងចេះសន្សំផងសម្រាប់អនាគត។
លោក គីម ដារ៉ា លើកឡើងថា ក្នុងវ័យជាយុវជនត្រូវខិតខំរៀនឱ្យចេះ ឱ្យមានជំនាញ ហើយខិតខំធ្វើការ ដើម្បីពង្រឹងជំនាញឱ្យច្បាស់លាស់ ដោយកុំធ្វើការលេងៗ ព្រោះនាំឱ្យខាតពេលវេលាក្នុងការអភិវឌ្ឍសមត្ថភាព។ លោក គីម ដារ៉ា បន្តថា ពេលយើងចេះច្បាស់ជំនាញរបស់យើង យើងនឹងទទួលបានចំណូលកាន់តែច្រើន តែពេលទទួលបានចំណូល ត្រូវទម្លាប់ដកសន្សំយ៉ាងតិច ១០% មុនចាយ។ លើសពីនេះ ពេលចំណូលកើន ក៏ត្រូវបង្កើនការសន្សំដែរ ហើយដកលុយមួយចំនួនទៅវិនិយោគលើការរៀនបន្ថែម គឺរៀនជំនាញការងាររបស់យើង និងជំនាញគ្រប់គ្រងដឹកនាំ ព្រោះតួនាទីកាន់តែធំ ជៀសមិនផុតរឿងគ្រប់គ្រង និងដឹកនាំមនុស្សឡើយ។
ពេលជំនាញយើងខ្លាំង ហើយអាចគ្រប់គ្រង និងដឹកនាំបាន ចំណូលយើងកើនឡើងកាន់តែច្រើន ហេតុនេះយើងក៏អាចដកលុយមកសន្សំបានកាន់តែច្រើន
ស្ថាបនិកសាលាបង្វឹក Start Up Community បន្ថែមថា នៅពេលមានលុយច្រើនគួរសម យុវជនអាចទិញទ្រព្យសម្រាប់រយៈពេលវែងបាន ដូចជា ផ្ទះ ប្រសិនបើចាំបាច់ ដី ភាគហ៊ុន ឬសន្សំយកការប្រាក់នៅធនាគារ។ លោក គីម ដារ៉ា បន្តថា មនុស្សភាគច្រើនដួលពិបាកក្រោកឡើងវិញ ព្រោះពួកគេមិនបានពង្រឹងជំនាញតាំងពីពេលចាប់ផ្ដើម និយាយរួមគឺបណ្ដាលមកពីខ្សោយគ្រឹះ។ ហេតុនេះ ដើម្បីគ្រឹះមាំ យើងមិនត្រូវខ្លាចលំបាកនោះទេ គឺប្រឹងប្រែងលើជំនាញខ្លួនឯងឱ្យខ្លាំង ឱ្យចេះច្បាស់ ទើបធ្វើឱ្យខ្លួនឯងមានតម្លៃ។

លោក គីម ដារ៉ា ក៏បានណែនាំដល់យុវជនគួរផ្លាស់ប្ដូរផ្នត់គំនិតខុសឆ្គងបច្ចុប្បន្ន គឺជ្រើសរើសស្រណុកទោះបីជាខុសក៏ដោយ ហេតុនេះយើងត្រូវផ្លាស់ប្ដូរវាមកជ្រើសរើសធ្វើអ្វីដែលត្រូវធ្វើ ទោះបីវាលំបាកក៏ដោយ។
បើតាមគេហទំព័រ Saving Advice ដើម្បីជំរុញដល់ប្រសិទ្ធភាពនៃការសន្សំ គេមានគន្លឹះសាមញ្ញចំនួនបី ដែលរួមមាន ទី១. សាកល្បងសន្សំបែងចែកជាកញ្ចប់ៗ ៖ ការបែងចែកប្រាក់ចំណូល ឧទាហរណ៍ 50/30/20 ដើម្បីបណ្តុះទម្លាប់សន្សំ ទី២. ផ្តល់អាទិភាពលើការសន្សំជាមុន ទោះតិចក្ដី ច្រើនក្ដី ត្រូវតែអនុវត្តឱ្យបានទៀងទាត់ និងទី៣. ពិចារណារាល់កាក់សេនដែលចេញចូល ជំនួសឱ្យការអង្គុយនឹកស្តាយរាល់ការចាយវាយដែលខុសឆ្គងពីមុនៗ៕












































































