នៅពេលដែលអាកាសធាតុឡើងកម្ដៅខ្លាំង រាងកាយរបស់យើងងាយនឹងបាត់បង់ជាតិទឹកតាមរយៈញើស ដែលជាកត្តាធ្វើឱ្យតម្រងនោមត្រូវធ្វើការធ្ងន់ធ្ងរជាងមុនក្នុងការចម្រោះកាកសំណល់។ ក្រៅពីការទទួលទានទឹកស្អាតជាប្រចាំ ការជ្រើសរើសភេសជ្ជៈជំនួយសុខភាពដែលមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងអេឡិចត្រូឡីត (Electrolytes) អាចជួយកាត់បន្ថយការរលាក និងថែរក្សាតម្រងនោមឱ្យមានសុខភាពល្អ។
ខាងក្រោមនេះជាភេសជ្ជៈធម្មជាតិ ៥ ប្រភេទ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានដើម្បីសុខភាពតម្រងនោម៖
ទឹកស្អាត ៖ ទឹកស្អាតនៅតែជាជម្រើសល្អបំផុតដែលមិនអាចខ្វះបាន។ ការទទួលទានទឹកបានគ្រប់គ្រាន់ជួយឱ្យតម្រងនោមច្រោះជាតិពុល និងបញ្ចេញកាកសំណល់តាមទឹកនោមបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ វាក៏ជួយពង្រាវកំហាប់រ៉ែក្នុងទឹកនោម ដែលកាត់បន្ថយហានិភ័យនៃការកកើតក្រួសក្នុងតម្រងនោមបានយ៉ាងច្រើន ជាពិសេសនៅពេលអាកាសធាតុក្តៅ។

ទឹកក្រូចឆ្មារ ៖ ក្រៅពីជួយកាត់បន្ថយកម្ដៅ ក្រូចឆ្មារសម្បូរទៅដោយអាស៊ីតស៊ីទ្រិក (Citric acid)។ សារធាតុនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជាតិកាល់ស្យូមមិនឱ្យភ្ជាប់ជាមួយសារធាតុរ៉ែផ្សេងទៀតក្នុងទឹកនោម ដែលជួយកាត់បន្ថយការកកើតគ្រីស្តាល់ និងគ្រួសក្នុងតម្រងនោម។ ការចិតក្រូចឆ្មារបន្ទះៗដាក់ក្នុងទឹក ឬច្របាច់ទឹកក្រូចឆ្មារលាយទឹកសុទ្ធដោយមិនថែមស្ករ គឺជាជម្រើសដ៏ប្រសើរ។
ទឹកដូងខ្ចីធម្មជាតិ ៖ ទឹកដូងសម្បូរដោយអេឡិចត្រូឡីតធម្មជាតិ រួមមានប៉ូតាស្យូម សូដ្យូម និងម៉ាញេស្យូម។ ជាតិស៊ីត្រាត (Citrate) នៅក្នុងទឹកដូងអាចជួយការពារកុំឱ្យរ៉ែផ្សេងៗកកជាដុំគ្រួសបាន។
(ការកត់សម្គាល់៖ ដោយសារទឹកដូងមានកម្រិតប៉ូតាស្យូមខ្ពស់ អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ ឬត្រូវកម្រិតជាតិប៉ូតាស្យូម គួរតែពិគ្រោះជាមួយគ្រូពេទ្យមុននឹងទទួលទានជាប្រចាំ)។
ទឹកឪឡឹកស្រស់ ៖ ឪឡឹកមានជាតិទឹករហូតដល់ជាង ៩០% ដែលជាប្រភពផ្តល់ជាតិទឹកយ៉ាងលឿនដល់រាងកាយ។ ផ្លែឈើនេះសម្បូរទៅដោយសារធាតុលីកូពីន (Lycopene) និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយកាត់បន្ថយការរលាក និងការពារកោសិកាពីការខូចខាត។ ឪឡឹកក៏មានប្រសិទ្ធភាពជួយបញ្ចុះទឹកនោមកម្រិតស្រាល ជួយជំរុញការបញ្ចេញជាតិប្រៃលើសពីរាងកាយផងដែរ។ គួរទទួលទានផ្លែស្រស់ ឬកិនដោយមិនបន្ថែមស្ករ។

តែបៃតង (Green Tea) ៖ តែបៃតងសម្បូរទៅដោយសារធាតុ Polyphenols ជាពិសេសគឺ EGCG ដែលជួយកាត់បន្ថយការរលាក និងស្ត្រេសអុកស៊ីតកម្ម (Oxidative stress) ដែលជាមូលហេតុបង្កឱ្យខូចខាតតម្រងនោម។ តែបៃតងក៏ជួយរក្សាតុល្យភាពជាតិទឹក និងអេឡិចត្រូឡីតផងដែរ។ ទោះជាយ៉ាងណា គួរទទួលទានក្នុងកម្រិតមធ្យម និងចៀសវាងពិសារនៅពេលល្ងាច ឬយប់ ដោយសារវាមានផ្ទុកជាតិកាហ្វេអ៊ីន។
អ្នកជំនាញផ្នែកសុខភាពបានបញ្ជាក់ថា គ្មានភេសជ្ជៈណាអាចមកជំនួសទឹកស្អាត ឬប្រើជាថ្នាំព្យាបាលជំងឺតម្រងនោមនោះឡើយ។ ការថែរក្សាតម្រងនោមឱ្យមានសុខភាពល្អពិតប្រាកដ ទាមទារឱ្យមានការទទួលទានទឹកស្អាតឱ្យបានគ្រប់គ្រាន់ គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករ កាត់បន្ថយការញ៉ាំប្រៃ និងរក្សាទម្ងន់ឱ្យបានត្រឹមត្រូវ៕














































































