ការមិនខ្វល់ខ្វាយពីសន្តិសុខតាមអ៊ីនធឺណិត មិនមែនជះផលអវិជ្ជមានតែទៅកាន់ខ្លួនឯងម្នាក់នោះទេ ប៉ុន្តែក៏ធ្វើឱ្យមនុស្សជុំវិញខ្លួន ព្រមទាំងសហគមន៍ទាំងមូល រងផលប៉ះពាល់ដូចគ្នា។ យ៉ាងណាបើមានសុវត្ថិភាព តែម្នាក់ឯង ក៏ពុំមែនជាសុវត្ថិភាពដែលស្ថិតស្ថេរនោះដែរ ហេតុនេះហើយទើបចាំបាច់ត្រូវការឱ្យបុគ្គលគ្រប់រូបត្រូវមានចំណេះដឹង និងដឹងពីរបៀបប្រើប្រាស់រក្សាសន្តិសុខតាមអ៊ីនធឺណិត។
តាមរយៈ Search inform បានឱ្យដឹងថា ការរួមគ្នារក្សាសន្តិសុខតាមអ៊ីនធឺណិត បានរួមចំណែកការពារ ការគំរាមគំហែង និងការក្លែងបន្លំនានា ជាពិសេសក្នុងបរិបទការងារ ការធ្វើអាជីវកម្ម និងអ្នកដែលត្រូវការប្រើប្រាស់បណ្តាញសង្គមរៀងរាល់ថ្ងៃ។ ហើយដើម្បីបង្កើនជំនាញក្នុងការថែរក្សាសន្តិសុខតាមអ៊ីនធឺណិត ត្រូវការឱ្យបុគ្គលម្នាក់ៗ ចូលវគ្គបណ្តុះបណ្តាលបន្ថែម អាន និងសិក្សាស្វែងយល់អំពីកត្តាប្រឈមមួយចំនួនដែលកើតមានថ្មីៗនៅក្នុងសង្គមអនឡាញ និងការទម្លាប់អនុវត្តន៍នូវបច្ចេទេស ឬចំណេះដឹងដែលបានសិក្សាកន្លងមក។
តើត្រូវបណ្តុះទម្លាប់ ឬធ្វើបែបណា ដើម្បីរក្សាសន្តិសុខតាមអ៊ីនធឺណិត ដើម្បីជាការរួមចំណែកជំរុញផាសុកភាព និងសុវត្ថិភាពឌីជីថលក្នុងសហគមន៍?
ការរួមចំណែកផ្អែកលើភាពជាក់ស្ដែង ៖ ការផ្តើមសកម្មភាពគំរូ ការបន្តសិក្សារៀនសូត្រអំពីរបៀបប្រើប្រាស់បច្ចេកវិទ្យា និងការបញ្ជ្រាបចំណេះដឹងទៅកាន់សហគមន៍ ទាំងដោយផ្ទាល់ និងដោយប្រយោល សុទ្ធសឹងតែជាអាទិភាពតម្រូវការក្នុងសម័យបច្ចេកវិទ្យា និងក្នុងបរិយាកាសមួយដែលត្រូវការប្រើប្រាស់អ៊ីនធឺណិតស្ទើរតែគ្រប់វិនាទី។

បន្ថយហានិភ័យទៅកាន់ខ្លួនឯងនិងសហគមន៍ ៖ សន្តិសុខតាមអ៊ីនធឺណិតក្នុងរយៈពេលវែងកើតមានទៅបាន ត្រូវការឱ្យសហគមន៍ទាំងមូលមានការសហការគ្នា និងបង្កើនសមត្ថភាពក្នុងការការពារ។ ហើយភាពវិជ្ជមាននៅពេលដែលរួមគ្នាពង្រឹងសន្តិសុខតាមអ៊ីនធឺណិត គឺបានការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយសុវត្ថិភាពមិនថា កុំព្យូទ័រ ឬក៏ទូរស័ព្ទដៃ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃដទៃៗទៀត។ ជាងនេះទៅទៀត ក៏អាចការពារពីការបាត់បង់ទិន្នន័យ និងការគំរាមកំហែងពីមជ្ឈដ្ឋានមិនល្អទាំងឡាយ។

សកម្មភាពជំរុញសុវត្ថិភាព និងគំរូល្អក្នុងសហគមន៍ ៖ កាលដែលធ្វើជាគំរូល្អ ក្នុងការប្រើប្រាស់បណ្តាញសង្គមដោយមានសុវត្ថិភាព គឺជាការដាស់តឿនស្មារតីទាំងខ្លួនឯង ក៏ដូចជាមនុស្សជុំវិញ ក្នុងការកាត់បន្ថយការចាញ់បោកតាមអនឡាញ ឬការកេងប្រវ័ញ្ចតាមប្រព័ន្ធអនឡាញដោយប្រការណាមួយ។ សកម្មភាពសាមញ្ញៗដែលចាប់ផ្តើមពីឥឡូវៗបាន គឺតាមរយេៈការប្រើប្រាស់លេខកូដសម្ងាត់ដែលរឹងមាំ ការធ្វើបច្ចុប្បន្នភាពលើឧបករណ៍ដែលខ្លួនប្រើប្រាស់ប្រចាំថ្ងៃ និងសកម្មភាពក្នុងការរាយការណ៍ស្វែងរកជំនួយនៅពេលកត់សម្គាល់ពីហានិភ័យណាមួយដែលគ្រោងនឹងកើតមាន។ ឧទារហណ៍ចុងលើប៊ូតុងរាយការណ៍(Report )ភ្លាមៗ រៀងរាល់ពេលមានការបញ្ជូលឱ្យក្លាយទៅជាសមាជិកក្រុម Telegram ពាក់ព័ន្ធនឹងការឆបោកឱ្យវិនិយោគប្រាក់, ត្បិតវាជាសកម្មភាពតិចតួច ប៉ុន្តែវាជាការរួមចំណែកពីអ្វីដែលលោកអ្នកអ្នកធ្វើបាន ហើយការរួមចំណែកទាំងអស់នេះ បានច្រើនទៅៗ នោះក៏នឹងជំរុញឱ្យមានទម្លាប់នៃការជួយជ្រោមជ្រែងគ្នាក្នុងសហគមន៍៕






























