បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាថ្មីទី១៥ របស់ខ្លួនកាលពីចុងសប្តាហ៍នេះ គឺ «សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ២០០៤ និងទល់មុខកងពលតូចដឹកជញ្ជូនលេខ៩៩)» ហើយសាលាផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន រួមនឹងទំនើបកម្មកម្មវិធីសិក្សា និងសេវាកម្មគាំទ្រសម្បូរបែប ដើម្បីជំរុញការសិក្សារបស់សិស្សានុសិ្សឱ្យទទួលលទ្ធផលល្អប្រសើរ។

នៅក្នុងឱកាសបើកសាខាថ្មីនេះផងដែរ សាលាមានផ្តល់ជូនអាហារូបករណ៍រហូតដល់ទៅ ៥០% ចំពោះការចុះឈ្មោះ ១០០នាក់ដំបូង ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៥ និង ៣០% សម្រាប់ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ព្រមទាំង ២៥% ចំពោះការចុះឈ្មោះជាក្រុមចាប់ពី ៣កម្មវិធីឡើងទៅ ចាប់ពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ។
លោក សុខ សីហា នាយកសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) បានឱ្យដឹងថា សាលារៀនវ៉េស្ទឡាញន៍ បានបើកដំណើរការសាខាថ្មីរបស់ខ្លួនជាបន្តបន្ទាប់ ហើយសាខាសាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) គឺជាសាខាទី១៥ ដែលផ្តល់ជូនសេវាកម្មអប់រំចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១២ ស្របតាមស្តង់ដារគុណភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា, កម្មវិធីមត្តេយ្យសិក្សាភាសាអង់គ្លេស, កម្មវិធីភាសាអង់គ្លេសសម្រាប់កុមារ និងកម្មវិធីភាសាចិន ព្រមទាំងកម្មវិធីសិក្សាបន្ថែម និងកម្មវិធីអមដែលមានស្តង់ដារអន្តរជាតិផងដែរ ។

លោកថា សាលារៀនវ៉េស្ទឡាញន៍ សាខាពោធិ៍ចិនតុង (ផ្លូវ ២០០៤) ក៏បានត្រៀមខ្លួន និងរៀបចំសេវាកម្មគាំទ្រជាច្រើន ដែលជួយជំរុញការសិក្សារបស់សិស្សានុសិស្សគ្រប់រូប ដែលមានដូចជា ៖ បន្ទប់មានផាសុកភាព បណ្ណាល័យស្រាវជ្រាវ ប្រព័ន្ធសុវត្ថិភាព ទីធ្លា ឧបករណ៍កម្សាន្ត បន្ទប់ពិនិត្យសុខភាព និងសេវាកម្មគាំទ្រជាច្រើនទៀត ។
ជាមួយគ្នានេះដែរ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍ថា សាលារៀនវ៉េស្ទឡាញន៍មាន៣ភាសា ចាប់ពីឥឡូវនេះទៅ មានចាប់តាំងពីមត្តេយ្យកម្រិត ២ ដែលសិស្សមានអាយុ ៤ឆ្នាំបង្រៀនពេញម៉ោង មានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ។ ឧកញ៉ាបណ្ឌិត បន្ថែមថា ភាសាខ្មែរ និងអង់គ្លេសត្រូវតែចេះឱ្យច្បាស់ បូកភាសាអ្វីមួយទៀត ហើយដែលយើងយកភាសាចិនជាគោល ព្រោះនៅក្នុងតំបន់បើនិយាយពីការរកស៊ីវិញ គឺមិនអាចអត់ចិនទេ ។

ឧកញ៉ាបណ្ឌិតបន្តថា បណ្តាញអប់រំរបស់យើង គឺដើម្បីចូលរួមដោះស្រាយបញ្ហាសង្គមក្នុងប្រព័ន្ធអប់រំ ។ យើងក៏មានបញ្ជូនសិស្សទៅរៀននៅក្រៅប្រទេសផងដែរ ដោយបណ្តាញសាលាមានដៃគូសាលាក្រៅប្រទេសជាង ២០០សាលាផងដែរ ទោះជាចង់ទៅរៀននៅប្រទេសកាណាដា អាមេរិក អូស្ត្រាលី ញូស៊ីឡែន ក៏បានដែរ ដោយយើងមានភ្នាក់ងារបញ្ជូនស្រាប់ និងប្រឹក្សាយោបល់ ។
ឧកញ៉ាបណ្ឌិត បញ្ជាក់ទៀតថា សាលាវ៉េស្ទឡាញន៍ រៀនតាមកម្មវិធីជាតិ បូកជាមួយកម្មវិធីអន្តរជាតិ ៣ទៀតជាផ្លូវការ គឺមេរៀននិយាយអំពីអភិវឌ្ឍន៍ផ្នត់គំនិត អត្តចរិតមនុស្ស ដោយទទួលអាជ្ញាបត្រពីអាមេរិក បូកនឹងរបៀបអប់រំបែបវប្បធម៌យើង និងអាជ្ញាបត្រពីសិង្ហបុរី និយាយអំពីចំណេះដឹងហិរញ្ញវត្ថុ ដែលបង្រៀនពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ ព្រមទាំងជំនាញឌីជីថល ដែលបានអាជ្ញាបត្រពីអង់គ្លេស។




សូមបញ្ជាក់ផងដែរថា សាលារៀនវ៉េស្ទឡាញន៍ គឺជាបណ្តាញគ្រឹះស្ថានអប់រំ របស់វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៨ និងមាន ២សាខា រហូតមកដល់ពេលបច្ចុប្បន្ននេះមានសាខាចំនួន ១៥ ក្នុងរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ និងមានសិស្សសរុប ១៧០០០នាក់ ។ ចំពោះទីតាំងសាលារៀនវ៉េស្ទឡាញន៍មាន ៖ សាខាសន្ធរម៉ុក សាខាទួលទំពូង សាខាច្បារអំពៅ សាខាទួលស្វាយព្រៃ សាខាទួលសង្កែ សាខាភ្នំពេញថ្មី សាខាដូនពេញ សាខាចំការដូង សាខាព្រែកលៀប សាខាបាត់ដំបង សាខាតាខ្មៅ សាខាក្រុងច្បារមន សាខាឈូកមាស សាខាឫស្សីកែវ និងសាខាពោធិ៍ចិនតុង៕






























