ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការរក្សាសុវត្ថិភាព និងភាពសម្ងាត់នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំនេះ ចាប់តាំងពីដំណាក់កាលរៀបចំវិញ្ញាសា រហូតដល់ថ្ងៃប្រកាសលទ្ធផល ដើម្បីធានាឱ្យបាននូវតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។
លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងអប់រំ តែងតែពង្រឹងនូវសុវត្ថិភាព ហើយនឹងបន្តយន្តការនេះបន្តទៅមុខ ដូចជាការរៀបចំវិញ្ញាសា ដោយក្រសួងជ្រើសរើសចេញពីសមាសភាពដឹកនាំរបស់ក្រសួង ដែលទទួលការទុកចិត្តខ្ពស់ពីថ្នាក់ដឹកនាំ ហើយក៏មានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចូលរួមត្រួតពិនិត្យតាំងពីដំណើរការដំបូង។ ”ហើយដើម្បីធានាតម្លាភាពនៅក្នុងដំណើរការនេះ គឺមិនមាននរណាម្នាក់មានសិទ្ធិប្រើប្រាស់ទូរស័ព្ទនោះទេ ហើយការងារដែលបំពេញគឺមានលក្ខខណ្ឌជាច្រើនដើម្បីរក្សាសុវត្ថិភាព និងភាពសម្ងាត់ នៃវិញ្ញាសាទាំងអស់នោះ“។
ដោយឡែកនៅដំណាក់កាលទី២ ដែលជាដំណើរការ មុនការប្រឡងមកដល់ ក្រសួងបានរៀបចំឱ្យមានការចូលរួមពីបុគ្គលិកអប់រំសំខាន់ៗ ក្នុងការធានាថា វិញ្ញាសាត្រូវបានដឹកទៅគ្រប់រាជធានីខេត្តក្រុងមុនដំណើរការប្រឡងដោយសុវត្ថិភាព និងធានាថា វិញ្ញាសាទាំងអស់ពិតជារក្សាបានយ៉ាងគត់មុត មិនមាននរណាម្នាក់បានបើកមើលមុនដំណើរការ នៃការប្រឡងនោះឡើយ។

លោកជំទាវបញ្ជាក់ថា បើនៅក្នុងដំណើរការ នៃការប្រឡងទៀតសោត មុនវិញ្ញាសាទាំងអស់ត្រូវបើក គណៈមេប្រយោគតែងតែយកវិញ្ញាសាទៅឱ្យសិស្សានុសិស្សពិនិត្យមើលនៅក្នុងថ្នាក់ ដើម្បីមើលថា ស្រោមសំបុត្រដែលបានបិទ ពិតជាបានបិទជិតត្រឹមត្រូវ សោរដែលបានចាក់ ពិតជាមិនមាននរណាម្នាក់បានបើកមើលមុន ដោយសិស្សានុសិស្សជាបេក្ខជនទាំងអស់ចូលរួមនៅក្នុងការចុះហត្ថលេខាទទួលស្គាល់នូវអ្វីៗដែលបេក្ខជនបានមើលឃើញ។
នៅក្នុងដំណើរការ នៃសំណេរវិញ បើតាមការបញ្ជាក់របស់លោកជំទាវ ឃួន វិច្ឆិកា អ្នកដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិច គឺមានតែគណៈមេប្រយោគទូទាំងប្រទេស ឬភាគីសំខាន់ៗដែលមានចំនួនកំណត់ប៉ុណ្ណោះ ដើម្បីធានាថា វិញ្ញាសាមិនត្រូវបានថត ឬក៏មិនមានបញ្ហាណាមួយកើតឡើងទាក់ទងទៅនឹងការបែកធ្លាយវិញ្ញាសា។ ”នៅក្នុងដំណើរការកែ ក៏ដូចគ្នាដែរ គឺនៅក្នុងមណ្ឌលកំណែទាំងមូល គឺមានតែប្រធានមណ្ឌលកំណែ និងប្រធានអប្បមា ទើបមានសិទ្ធិប្រើប្រាស់ទូរស័ព្ទដៃ ក្រៅពីប្រធានសន្តិសុខ រក្សាសន្តិសុខដែលតែងនៅផ្នែកខាងក្រៅនៃមណ្ឌលជាដើម”។
នៅក្នុងន័យនេះ លោកជំទាវសង្កត់ធ្ងន់ថា ការអនុញ្ញាតឱ្យប្រើប្រាស់គ្រឿងអេឡិចត្រូនិច គឺមានចំនួនកំណត់ ហើយអនុញ្ញាតឱ្យតែអ្នកដែលទទួលខុសត្រូវខ្ពស់នៅមណ្ឌល ឬកន្លែងនីមួយៗ ហើយរៀងរាល់ដំណើរការទាំងអស់តែងតែចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU)។ លោកជំទាវថា ក្រៅពីមានចូលរួមផ្ទាល់ពី ACU ក៏មានបំពាក់កាម៉េរ៉ា ដើម្បីតាមដានពិនិត្យផងដែរ។
ចំណែកនៅដំណាក់កាលនៃការស្រង់ពិន្ទុវិញ លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងក៏ធ្វើការងារយ៉ាងគត់មត់ និងរក្សាភាពសម្ងាត់រហូតដល់ចុងបញ្ចប់ នៃការប្រកាសលទ្ធផល។

ចំពោះករណីមានបុគ្គល ឬភាគីណាមួយល្មើសនឹងបទបញ្ញត្តិ បុគ្គលរូបនោះនឹងត្រូវតែទទួលទោសទៅតាមការកំណត់របស់ក្រុមប្រឹក្សាវិន័យ។ នោះមានន័យថា នៅក្រោយពេលប្រឡងបាក់ឌុបទាំងមូលចប់ ក្រសួងអប់រំយុវជន និងកីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នឹងរៀបចំក្រុមប្រឹក្សាវិន័យមួយ ដើម្បីពិនិត្យមើលរឿងរ៉ាវដែលកើតមានទាំងអស់ ហើយកំណត់រួមគ្នាលើកម្រិតវិន័យ។ លោកជំទាវ ឃួន វិច្ឆិកា បញ្ជាក់ថា ប្រសិនបើរកឃើញ បុគ្គលិកអប់រំចូលរួមក្នុងដំណើរការកំណែ និងសំណេរទាំងអស់ ប្រព្រឹត្តិកំហុស ពួកគេត្រូវអនុវត្តទោសក្នុងសហលក្ខន្តិកៈមន្រ្តីរាជការ តែបើទោសទណ្ឌមួយចំនួនពាក់ព័ន្ធទៅនឹងផ្នែកច្បាប់ ដែលត្រូវពិនិត្យ នោះនឹងត្រូវដាក់ទោសទៅតាមច្បាប់ជាធរមាន។
ស្របគ្នានេះដែរ បើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងអប់រំ ដែលទើបចេញផ្សាយកាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៦ ក្រសួងបានហាមដាច់ខាតនូវការថតរូប ថតវីដេអូ ថតចម្លង បង្ហោះ ចែកចាយ ឬផ្សព្វផ្សាយតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ នូវប្រធានវិញ្ញាសាប្រឡង សន្លឹកកិច្ចការបេក្ខជន អត្រាកំណែ និងសន្លឹកស្រង់ពិន្ទុ ក្នុងអំឡុងពេលដំណើរការសំណេរ ដំណើរការកំណែ ដំណើរការស្រង់ បូក និងផ្ទៀងផ្ទាត់ពិន្ទុ ព្រមទាំងមុនការប្រកាសលទ្ធផលប្រឡង។ ហើយបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់នេះ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងបទប្បញ្ញត្តិជាធរមាន ហើយអាចប្រឈមនឹងវិធានការវិន័យ ឬវិធានការផ្លូវច្បាប់ តាមករណីនីមួយៗ៕












































































