ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ ខែសីហា ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជាក់ថា ដំណើរការប្រឡងត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដើម្បីធានាយុត្តិធម៌ និងតម្លាភាព ខណៈភ្លៀងធ្លាក់បន្តិចបន្តួចនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន មិនបានប៉ះពាល់ដល់ដំណើរការប្រឡងឡើយ។
ថ្លែងនៅក្នុងពិធីបើកការប្រឡងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ស្ថានភាពការប្រឡងឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនបន្តិច ខណៈក្រសួងបានត្រៀមផែនការទប់ទល់នឹងបញ្ហាអាកាសធាតុ និងហានិភ័យផ្សេងៗដែលអាចកើតឡើង។
ឯកឧត្តម ហង់ ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងបានតាមដានស្ថានភាពអាកាសធាតុជាប្រចាំ ហើយប្រសិនបើមានតំបន់ណាមួយប្រឈមនឹងទឹកជំនន់ ឬទឹកលិចដែលអាចប៉ះពាល់ដល់ការប្រឡង ក្រសួងនឹងផ្លាស់ប្ដូរទីតាំងប្រឡងភ្លាមៗ។ តាមខេត្តនីមួយៗ ក៏មានផែនការរួចជាស្រេចសម្រាប់ដោះស្រាយស្ថានភាពបែបនេះផងដែរ។
ឯកឧត្តមបន្តថា ក្រសួងក៏បានរឹតបន្តឹងការត្រួតពិនិត្យសម្ភារៈ និងឯកសារដែលបេក្ខជនអាចយកចូលមណ្ឌលប្រឡង ដើម្បីទប់ស្កាត់ការនាំយកសំណៅឯកសារមិនអនុញ្ញាតចូលក្នុងបន្ទប់ប្រឡង។
ដំណាក់កាលសំណេរ យើងហាមឃាត់មិនឱ្យយកប្រធានវិញ្ញាសាចេញពីបន្ទប់ប្រឡង មិនឱ្យថត និងមិនឱ្យបង្ហោះ ដើម្បីធានាការជឿទុកចិត្ត និងទប់ស្កាត់ភាពរញ៉េរញ៉ៃ។ ទីមួយ គឺពង្រឹងសណ្តាប់ធ្នាប់ និងវិន័យ ហើយទីពីរ យើងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតចំពោះករណីណាដែលរំលោភបទបញ្ជា
ឯកឧត្តមបន្តថា នៅដំណាក់កាលកំណែ ក្រសួងនឹងបន្តពង្រឹងការកែវិញ្ញាសាឱ្យកាន់តែសុក្រឹត ខណៈដំណាក់កាលបញ្ចូលពិន្ទុ នឹងមានការត្រួតពិនិត្យឡើងវិញជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយកំហុសឱ្យបានតិចបំផុត។
ឯកឧត្តម ហង់ ជួន ណារ៉ុន បានប្រៀបធៀបថា ស្ថានភាពឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន។ កាលពីឆ្នាំ២០២៥ សិស្សមួយចំនួននៅតំបន់រងផលប៉ះពាល់ដោយអាកាសធាតុ និងទឹកជំនន់ ក្នុងខេត្តឧត្តរមានជ័យ ព្រះវិហារ និងបន្ទាយមានជ័យ បានជួបការលំបាកក្នុងការសិក្សា ដោយសិស្សខ្លះថែមទាំងត្រូវរៀននៅលើគោយន្ត។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីធានាភាពយុត្តិធម៌ និងតម្លាភាពនៃការប្រឡងឆ្នាំនេះ ក្រសួងបានអញ្ជើញអង្គភាពពាក់ព័ន្ធចូលរួមត្រួតពិនិត្យគ្រប់ដំណាក់កាល ជាពិសេសដំណើរការរៀបចំ ថតចម្លង និងគ្រប់គ្រងវិញ្ញាសា ព្រមទាំងមានវិធានការតឹងរឹងចំពោះអ្នកដែលរំលោភបទបញ្ជាប្រឡង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពយុត្តិធម៌នៃការប្រឡង គឺជាចំណុចសំខាន់សម្រាប់លើកទឹកចិត្តសិស្សឱ្យខិតខំរៀន និងគ្រូឱ្យខិតខំបង្រៀន។ ប្រសិនបើការប្រឡងគ្មានយុត្តិធម៌ សិស្សអាចបាត់បង់ទំនុកចិត្ត និងងាកទៅពឹងផ្អែកលើមធ្យោបាយផ្សេងៗ ដូចជាទូរសព្ទ ដើម្បីចម្លងក្នុងពេលប្រឡង ដែលអាចប៉ះពាល់ដល់គុណភាពអប់រំទាំងមូល។
ឯកឧត្តម ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា មន្ត្រី ACU ជាង៤,០០០នាក់ បានត្រៀមខ្លួនសម្រាប់ចូលរួមឃ្លាំមើលដំណើរការប្រឡងឆ្នាំនេះ។ ឯកឧត្តមថា ដូចបណ្តាឆ្នាំកន្លងមក មន្ត្រី ACU នឹងបន្តឃ្លាំមើលដំណើរការប្រឡងយ៉ាងតឹងរ៉ឹង ដើម្បីធានាឱ្យការប្រឡងប្រព្រឹត្តទៅដោយយុត្តិធម៌ និងតម្លាភាព។

ដោយឡែក បេក្ខនារី ចាន់ ពេជ្រការ៉ូនីន បាននិយាយថា នាងមានអារម្មណ៍រំភើបផង និងភ័យផងចំពោះការប្រឡងឆ្នាំនេះ ប៉ុន្តែនាងបានត្រៀមខ្លួនរួចជាស្រេច បន្ទាប់ពីខិតខំរៀនតាំងពីដើមឆ្នាំ។ នាងក៏បានកត់សម្គាល់ថា ការត្រួតពិនិត្យសម្ភារៈ និងឯកសារនៅច្រកចូលមណ្ឌលប្រឡងមានភាពតឹងរ៉ឹង។
បេក្ខនារីរូបនោះនិយាយថា «ខ្ញុំភ័យបង ព្រោះជាការប្រឡង ប៉ុន្តែត្រូវតែប្រឹងប្រែង។ ខ្ញុំសង្ឃឹមថានឹងជាប់ ព្រោះបានខិតខំរៀនតាំងពីដើមឆ្នាំ ហើយពេលដើរចូលមណ្ឌលប្រឡង ក៏មានការត្រួតពិនិត្យសម្ភារៈ និងឯកសារយ៉ាងតឹងរ៉ឹង»។
សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែសីហា ឆ្នាំ២០២៦ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់។ ក្រសួងបានរៀបចំមណ្ឌលប្រឡងសរុប ២៤៤មណ្ឌល ស្មើនឹង ៦,២០៧បន្ទប់ប្រឡង៕











































































