នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការផ្ទេរចំណេះដឹងពីគ្រូ ទៅសិស្សទេ តែចាំបាច់ត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់សិស្ស។ នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងទិវាគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១”។
ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា នៅក្នុងបរិបទបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានបច្ចេកវិទ្យាឌីជីថល អ៊ីនធឺណិត បញ្ញាសិប្បនិមិត្ត និងទិន្នន័យកម្រិតធំ បានធ្វើឱ្យការងារមួយចំនួនមិនមានភាពឋិតថេរដូចពីមុននោះទេ ដោយការងារមួយចំនួនទៀតបាននិងកំពុងត្រូវបានជំនួសដោយម៉ាស៊ីន ខណៈការងារថ្មីក៏កំពុងកើនឡើង, ដូច្នេះសាលារៀនមិនអាចផ្តោតត្រឹមដំណើរការផ្ទេរចំណេះដឹងពីគ្រូ ទៅសិស្ស ឬរៀនត្រឹមតែការប្រឡងប៉ុណ្ណោះទេ ប៉ុន្តែសាលារៀនត្រូវរៀបចំសិស្សឱ្យមានសមត្ថភាពគិតវិភាគ ដោះស្រាយបញ្ហា សហការជាមួយអ្នកដទៃ ធ្វើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព មានភាពច្នៃប្រឌិត មានទំនួលខុសត្រូវ និងអាចរៀនដោយខ្លួនឯងបាន។

ក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធជំរុញឱ្យការសិក្សាកាន់តែល្អប្រសើរ ឯកឧត្តម ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការផ្លាស់ប្តូរគ្រូបង្រៀនគឺជាកិច្ចការដ៏ចាំបាច់មួយ ដោយសារគ្រូបង្រៀនគឺជាបេះដូងនៃការរៀនសូត្រ ដូច្នេះយើងត្រូវវិនិយោគទៅលើគ្រូបង្រៀនជាបន្តបន្ទាប់ មិនមែនត្រឹមតែរយៈកាលនៃការបណ្តុះបណ្តាលគ្រូដំបូងនោះទេ ប៉ុន្តែត្រូវធ្វើឡើងពេញមួយអាជីពការងាររបស់គាត់។
ស្របតាមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១” ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រូបង្រៀនសតវត្សទី២១ មិនគួរត្រឹមតែជាអ្នកផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែគ្រូបង្រៀនត្រូវក្លាយជាអ្នកច្នៃប្រឌិត ណែនាំ អ្នកជំរុញលើកទឹកចិត្ត អ្នកបំភ្លឺ និងអ្នកជំរុញការផ្លាស់ប្តូរ គ្រូបង្រៀនត្រូវបង្កើតបរិយាកាសដែលសិស្សអាចសួរសំណួរ ស្វែងរកចម្លើយ ពិភាក្សា សហការ ស្រាវជ្រាវ សាកល្បង និងរៀនសូត្រពីបទពិសោធន៍របស់ខ្លួនផងដែរ៕












































































