ទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជាវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗ ចំនួន១២ ចូលរួមនាំយកនូវ ឱកាសការងារចំនួន ១២០៧ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយតំណាង ក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

កញ្ញា ព្រំ សិរីវីន អនុប្រធានផ្នែកជ្រើសរើសបុគ្គលិក របស់ ក្រុមហ៊ុន WOWNOW បានលើកឡើងថា កន្លងមកខាងក្រុមហ៊ុន ធ្លាប់បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ កាលពីចុងខែតុលា កន្លងទៅថ្មីៗនេះដែលមានយុវជន អ្នកស្វែងរកការងារយ៉ាងច្រើនកុះករបានចូលរួមនៅអគារពិព័រណ៍កោះពេជ្រ។ កញ្ញា សង្កេតឃើញថា NEA ពិតជាបានរួម ចំណែកក្នុងការងារជួយដល់ក្រុមហ៊ុនរបស់កញ្ញាទាំងតាមរយៈជួយជ្រើសរើសបុគ្គលិក និងជួយផ្សព្វផ្សាយដំណឹងជ្រើសរើស បុគ្គលិករបស់ក្រុមហ៊ុនដល់សាធារណៈជន និង អ្នកស្វែងរកការងារដែលមានសក្តានុពល។
សម្រាប់វេទិកាការងារនាថ្ងៃទី២៤ ខែវិច្ឆិកា មានក្រុមហ៊ុន WOWNOW នឹងមានឱកាសការងារចំនួន១៥ កន្លែង ដែលមានមុខជំនាញសំខាន់ៗដូចជា HR INTERN, IT, Customer Service, Head of Commercial ជាដើម។ មុខតំណែងទាំងនោះ មានទាំងការងារពេញម៉ោង និង ក្រៅម៉ោង។ អ្នកមាន បទពិសោធន៍ និងមិនមានបទពិសោធន៍ គឺអាចដាក់ពាក្យ បានទាំងអស់។ កញ្ញា ព្រំ សិរីវីន បានបញ្ជាក់ថា ក្រុមហ៊ុន នឹងផ្តល់ការបណ្តុះបណ្តាល បន្ថែមសម្រាប់អ្នកមិនទាន់មាន បទពិសោធន៍ ដល់អ្នកដែលបាន សម្ភាសន៍ជាប់ការងារជាមួយនឹងក្រុមហ៊ុនផងដែរ។

សម្រាប់ឱកាសដើម្បីទទួលបានការងារជាមួយ WOW NOW កញ្ញាបានឲ្យដឹងថា ពួកគាត់ត្រូវមានលក្ខណៈ ដូចជាចូល ចិត្តធ្វើការជាក្រុម មានអត្តចរិកស្លូតបូត ស្មោះត្រង់ គោរពពេលវេលា យកចិត្តទុកដាក់ក្នុងកិច្ចការងារ រួសរាយ រាក់ទាក់ ពិសេសត្រូវមានទំនួលខុសត្រូវក្នុងការងារ។ កញ្ញាបន្តថា សម្រាប់ថ្ងៃទី២៤ វិច្ឆិកា ខាងមុខនេះ សូមបងប្អូន សិស្សនិស្សិត និងជាបុគ្គលិកក្រុមហ៊ុនដែលមានបំណង ចង់រកការងារ ឬចង់ផ្លាស់ប្តូរការងារសូមនាំយកនូវប្រវត្តិរូប(CV) នឹងរៀបចំខ្លួនឱ្យបានស្អាតផងដែរ។
សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១២ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់ NEA នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ, ក្រុមហ៊ុន WOWNOW, ក្រុមហ៊ុន BS Land &home, Brown Coffee and Bakery, ក្រុមហ៊ុន ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន TH Group, ក្រុមហ៊ុន Century 21, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន SVI, ក្រុមហ៊ុន MinebeaMitsumi, ក្រុមហ៊ុន S SKECHERS និងក្រុមហ៊ុន AEON Cambodia។

វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្ត ក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕




