ដើម្បីឆ្លើយតបទៅនឹងវិបត្តិតម្លៃប្រេងឥន្ទនៈជាសកល ក្នុងការកាត់បន្ថយចំណាយលើការធ្វើដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សិក្សាលើលទ្ធភាពឱ្យសិស្សានុសិស្សនៅទីប្រជុំជន ងាកមកសិក្សាតាមប្រព័ន្ធអនឡាញវិញ ប្រសិនបើស្ថានភាពវិបត្តិប្រេងឥន្ធនៈទូទាំងពិភពលោក បន្តស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា។
មានប្រសាសន៍ក្នុងពិធីសម្ពោធគម្រោងសាងសងធនធានទឹកចម្រុះ ហ្វូណនតេជោ កំណាត់ទី២ នៅខេត្តតាកែវ កាលពីថ្ងៃសៅរ៍ (១១ មេសា) សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បញ្ហាវិបត្តិប្រេងឥន្ធនៈ ធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការប្រចាំថ្ងៃ ការរស់នៅប្រចាំថ្ងៃ ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែគិតគូរ និងដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងប្រសិទ្ធភាព ។
នាយករដ្ឋមន្ត្រីកម្ពុជា សង្ឃឹមថា វិបត្តិតម្លៃប្រេងឥន្ធនៈ ដែលកើនឡើងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា នឹងមិននៅយូរអង្វែងតទៅទៀត ខណៈរាជរដ្ឋាភិបាល ត្រូវតែត្រៀមលក្ខណៈ ក្នុងការកាត់បន្ថយចំណាយទៅលើការធ្វើដំណើរ ដែលជាប់ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងវិធានការផ្សេងៗដែលនឹងគិតគូរ ជាពិសេសគិតគូរលើក្រុមគ្រួសារក្រីក្រ និងក្រុមគ្រួសារមានបញ្ហាមួយចំនួន។
លោក សឹម ឆៃ គ្រូបង្រៀននៃវិទ្យាល័យហ៊ុនសែន ត្រពាំងបី ខេត្តកំពត យល់ថា ការអនុវត្តឱ្យរៀនតាមប្រព័ន្ធអនឡាញនេះ ជាវិធានការមួយដ៏ល្អសម្រាប់ដោះស្រាយបញ្ហប្រឈមបណ្ដោះអាសន្ន ស្របពេលវិបិត្តប្រេងឥន្ធនៈឡើងថ្លៃជាសកល ដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។ ជាក់ស្ដែង ក្រសួងអប់រំ ក៏ធ្លាប់មានបទពិសោធន៍ឱ្យសិស្សសិក្សាតាមប្រព័ន្ធអនឡាញនៅពេលជួបវិត្តិកូវីដ-១៩។
គ្រូបង្រៀន នៃវិទ្យាល័យហ៊ុនសែន ត្រពាំងបី បញ្ជាក់ថា ការរៀនតាមប្រព័ន្ធអនឡាញអាចមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ដូច្នេះក្រសួងក៏អាចពិចារណាឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញផង និងរៀនដោយផ្ទាល់ផង ទៅលើមុខវិជ្ជាចាំបាច់មួយចំនួន ដូចជា កីឡា សិល្បៈ វិទ្យាសាស្រ្ត និងមុខវិជ្ជាត្រូវឱ្យអនុវត្តជាក់ស្ដែង ដើម្បីធានាលទ្ធផលសិក្សាសិស្ស និងរួមចំណែកសន្សំសំចៃប្រេងឥន្ទនៈទាំងគ្រូបង្រៀន និងសិស្ស។
«នៅវិទ្យាល័យដែលខ្ញុំបង្រៀន នៅជុំវិញសុទ្ធតែភ្នំ សិស្សខ្លះគាត់ពិបាកក្នុងការទំនាក់ទំនងគ្នា ដោយសារផ្ទះនៅតំបន់ដែលគ្មានសេវាអ៊ីនធឺណិត នៅសាលាទើបមានសេវាអ៊ីនធឺណិត.. ខ្ញុំអាចធ្វើការបង្រៀនតាមរយៈមធ្យោបាយពីរ បើសិស្សណាផ្ទះគាត់ឆ្ងាយ ហើយមានលទ្ធភាពរៀនតាមប្រព័ន្ធអនឡាញបាន អាចបង្កើតពួកគាត់ជាក្រុមតូចរៀនតាមអនឡាញ ហើយសិស្សនៅជិតដែលអាចមករៀននៅសាលាបាន អាចបង្កើតក្រុមរៀននៅសាលាផ្ទាល់បាន ដែលនេះជាវិធានការបង្រៀនមានប្រសិទ្ធភាព»។
លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ពាក់ព័ន្ធការសិក្សាលើលទ្ធភាពរៀនតាមប្រព័ន្ធអនឡាញនេះ ក្រសួងអប់រំ មានវិធានការជាក់ស្តែង បានព្រាងក្នុងសេចក្តីណែនាំរួចហើយ ដែលអាចចេញក្រោយចូលឆ្នាំខ្មែរ៕































