សកម្មភាព ជួយសម្រាលបន្ទុកកុំឱ្យមានការបំពុលទៅក្នុងផែនដី ឬជួយទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ក៏ដូចជាកាត់បន្ថយកម្ដៅផែនដី ពុំមែនជាកិច្ចការសាមញ្ញដែលមនុស្សធម្មតាអាចធ្វើបាននោះទេ។ យ៉ាងណាមិញ ផ្តើមពីយើងទាំងអស់គ្នាដើម្បីភពផែនដី បានរួមចំណែកដល់ការទប់ស្កាត់ការកើនឡើងកម្ដៅភពផែនដីមួយផ្នែកដែរ គឺតាមរយៈជួយកាត់បន្ថយការបំភាយឧស្ម័នដោយទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ យោងតាម BBC បានបង្ហាញវីធីសាស្រ្តប្រាំពីរចំណុច ដែលអាចរួមចំណែកជួយសន្សំថាមពលផែនដីនៅឆ្នាំ២០២៥។
១. ទម្លាប់ទទួលទានប្រភេទអាហារដែលមានដាំដុះលើដី ៖ នៅឆ្នាំ២០២៣ សត្វប្រមាណ ៣៨ ពាន់លានក្បាល ត្រូវបានសម្លាប់ ដើម្បីផ្គត់ផ្គង់ជារបបអាហាររបស់មនុស្ស។ ក្នុងចំណោមសត្វ ដែលគេបានរាប់ទាំងនោះមានដូចជា សត្វគោ សត្វជ្រូក សត្វមាន់ និងសត្វជៀម។ សកម្មភាពនេះ បណ្តាលឱ្យមានការកើនឡើងកម្តៅផែនដី តាមរយៈការបំភាយឧស្ម័ន ដូច្នេះការមានទម្លាប់បរិភោគដំណាំដាំដុះនៅលើដី និងផ្លាស់ប្តូរអាកប្បកិរិយាដែលទម្លាប់បរិភាគសាច់សត្វក្នុងកម្រិតច្រើន គួរតែប្តូរមកទម្លាប់នៃការកាត់បន្ថយបន្តិចម្តងៗ។ ងាកទៅមើល កាលពីឆ្នាំ ២០២២ វិញ យោងតាម BBC Earth បានបង្ហាញឱ្យឃើញដែរថា អ្នកដែលមានទម្លាប់ជ្រើសយករបបអាហារបួស ក៏នៅមានការបំភាយឧស្ម័នដែរតែក្នុងកម្រិតទាប។

២. ប្រើប្រាស់រថភ្លើងជំនួសឱ្យជើងហោះហើរ ៖ ការដឹកជញ្ជូន ឬមធ្យោបាយធ្វើដំណើរតាមយន្តហោះ គឺជាប្រភពចម្បងនៃការបំភាយឧស្ម័ននៅសហរដ្ឋអាមេរិក ក្នុងនោះគឺប្រមាណមួយភាគបីនៃការបំភាយឧស្ម័នសរុប។ ដូច្នេះបញ្ជាក់ឱ្យឃើញថា បើកាលណាមានការហោះហើរច្រើន នោះកំណើននៃការកើនឡើងកម្តៅផែនដី ក៏មានភាពគ្រោះថ្នាក់ខ្ពស់ទៅតាមនោះដែរ ដូច្នេះគួរកាត់បន្ថយជើងហោះហើរ ក្នុងករណីដែលអាចប្រើប្រាស់រថភ្លើង ឬឡានក្រុងបាន។ មួយវិញទៀត ប្រភេទមធ្យោបាយសាធារណៈដែលមានមនុស្សម្នាប្រើច្រើន ក៏បានរួមចំណែកកាត់បន្ថយកាបូន និងការកើនឡើងនៃកម្តៅផែនដី។ ការរួមចំណែកមួយទៀត គឺ ការដើរហើរក្នុងតំបន់ដែលអាចប្រើប្រាស់រថភ្លើង ឬក៏យាន្តជំនិះ ដែលប្រាស់សាំងតិច។ ហើយការរស់នៅប្រចាំថ្ងៃ ក៏បានរួមចំណែកដល់ការកាត់បន្ថយកម្តៅដែរ ដូចជា ប្រើប្រាស់ រថយន្តអគ្គិសនីក្នុងតំបន់ជិតៗ ឬជិះកង់ទៅធ្វើការ ជាពិសេសក្នុងតំបន់ដែលមានអាកាសធាតុមិនសូវក្តៅ។

៣. កាត់បន្ថយការទិញសម្លៀកបំពាក់ ៖ ការបំភាយឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើនទៅៗតាមរយៈការដុតកម្ទេចសំរាម។ បើយោងតាម មូលនិធិ Ellen MacArthur ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញបានឱ្យដឹងថា រថយន្តដឹកសំរាម ដែលមានសម្លៀកបំពាក់ត្រូវដុត ឬកប់នៅក្នុងកន្លែងចាក់សំរាម បន្តមានរៀងរាល់១វិនាទីម្តង ជាហេតុបង្ហាញឱ្យដឹងថា ក្នុងការកាត់បន្ថយការកើនឡើងកម្ដៅនៃផែនដី គប្បីកាត់បន្ថយការទិញសម្លៀកបំពាក់ថ្មីៗ ជាពិសេសពីហាងខោអាវដែលមិនបានគិតអំពីស្ថិរភាព ឬអនាគតនៃការបម្រែប្រួលអាកាសធាតុ។
ក្រៅតែពីការកាត់បន្ថយ សកម្មភាពសំខាន់មួយទៀតគឺ ការថែទាំសម្លៀកបំពាក់ដែលមានស្រាប់ ឬការកែច្នៃម៉ូតដោយខ្លួនឯងតាមរយៈរបស់របរនិងក្រណាត់ដែលមានស្រាប់ និងការជ្រើសរើសខោអាវមួយទឹក(ជជុះ) សុទ្ធសឹងតែការរួមចំណែកសន្សំថាមពលផែនដី។ ប្រសិនបើមានសម្លៀកបំពាក់ច្រើន ហើយត្រូវរុះរើចោលទៅក្នុងធុងសំរាម សូមឈប់ធ្វើបែបនេះ! ព្រោះនៅមានវិធីមួយដែលល្អជាងនេះគឺ ការកែច្នៃម៉ូត ឬរៀបម៉ូតខ្លួនឯងដើម្បីប្រែក្លាយទៅជាស្តាយថ្មីៗ ឬក៏ការលក់បន្តឱ្យទៅអ្នកដទៃ ឬផ្តល់ជូនទៅកាន់សមាជិកគ្រួសារជាដើម ឬក៏បរិច្ចាគទៅកាន់សហគមន៍ណាមួយ ដែលកំពុងតែមានតម្រូវការ។

៤. ការចិញ្ចឹមសត្វបែបវិធីធម្មជាតិ ៖ អ្នកដែលចិញ្ចឹមសត្វ មានទឹកចិត្តស្រឡាញ់សត្វមិនខុសពីសមាជិកគ្រួសារនោះទេ។ តើកម្តៅផែនដីមានភាពពាក់ព័ន្ធអ្វីនឹងការចិញ្ចឹមសត្វ? ភាពពាក់ព័ន្ធនោះគឺ ការបង្កើតទម្លាប់សត្វចិញ្ចឹមឱ្យស៊ីអាហារ ឬចំណីដែលដាក់លក់នៅទីផ្សារ ឬការប្រើប្រាស់ឧបករណ៍សិប្បនិម្មិតដើម្បីផ្តល់ជម្រក ឬការកម្សាន្តដល់សត្វ ខណៈសម្ភារខ្លះធ្វើពីប្លាស្ទិក ហើយកម្លាំងថាមពលដែលត្រូវផលិតចំណីក៏ចំណាយធាតុផ្សំច្រើន និងការរួមចំណែកបំភាយឧស្ម័នផងដែរ។ ដូច្នេះការទម្លាប់ប្រើប្រាស់របៀបចិញ្ចឹមសត្វដែលមានវិធីបែបធម្មជាតិ ការដាក់ឱ្យរត់លេងតាមទីធ្លាមានស្រាប់ និងការបង្រៀនឱ្យស៊ីចំណីតាមទម្លាប់ធម្មជាតិរបស់សត្វនីមួយ។

៥. ការប្រើប្រាស់ពន្លឺ ឬកម្តៅដែលមានស្រាប់ពីធម្មជាតិ ៖ ទម្លាប់ខ្លួនឯងនឹងការរស់នៅប្រចាំថ្ងៃដោយប្រើប្រាស់ពន្លឺ ឬខ្យល់ធម្មជាតិដែលមានស្រាប់ ឧទាហរណ៍ពេលមេឃមានកម្តៅ ឬក៏មិនត្រូវការខោអាវប្រញាប់ មិនគួរប្រើប្រាស់វីធីសាស្រ្តសម្ងួតដោយម៉ាស៊ីនទេ គួរហាលដោយខ្យល់ ឬក៏កម្តៅធម្មជាតិ។ ព្យាយាម កាត់បន្ថយការបើកភ្លើងនៅពេលថ្ងៃប្រសិនបើមានបង្អួចជះពន្លឺពីខាងក្រៅ រួមទាំងសកម្មភាពដទៃទៀត ដែលអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនី។
៦. វិនិយោគទៅកាន់សកម្មភាពគិតគូរអំពីការរក្សាបរិស្ថាន ៖ ការគិតគូរអំពីនិរន្ដរភាព និងការប្រើប្រាស់ថវិកាដែលឆ្លើយតបនឹងការរួមចំណែកដល់ការកាត់បន្ថយកម្តៅផែនដី។ ដូច្នេះការប្រើប្រាស់ថវិកាផ្ទាល់ខ្លួនដើម្បីវិនិយោគក្ដី ការផ្តល់ជាជំនួយក្ដី ត្រូវគិតពីកន្លែងដែលប្រើប្រាស់សាច់ប្រាក់នោះសិនថា តើបានគិតពីបរិស្ថានដែរ ឬយ៉ាងណា អ្វីដែលត្រូវធ្វើគឺសួរម្ចាស់គម្រោង ឬសួរអ្នកទទួលប្រាក់បញ្ញើថា អ្វីដែលពួកគេកំពុងវិនិយោគ បានធ្វើលើគោលនយោបាយរួមចំណែកកាត់បន្ថយកម្តៅលើផែនដីឬទេ?

៧. កាត់បន្ថយសម្ភារៈដែលធ្វើពីប្លាស្ទិក ៖ ប្លាស្ទិកក្លាយជាចំណែក នៃការរស់នៅប្រចាំថ្ងៃ កាលដែលកើននេះ ត្រូវបានគេប្រមើលថា នៅឆ្នាំ២០២៥មានចំនួនកើនឡើងទ្វេដង។ ត្បិតថាបើឱ្យកាត់ផ្តាច់ទាំងស្រុង ពីការប្រើប្រាស់ប្លាស្ទិក ក៏ពិបាកនឹងទៅរួចដែរ ដូច្នេះអ្វីដែលអាចធ្វើបានដោយចាប់ផ្តើមពីយើងទាំងអស់គ្នា គឺការកាត់បន្ថយតាមដែលអាចធ្វើបាន តាមរយៈការយកកន្រ្តក់ទៅដាក់អីវ៉ាន់ពេលដើរផ្សារទិញទំនិញ ឬថង់ដែលប្រើប្រាស់រួចត្រូវលាងទុកហើយប្រើប្រាស់ឡើងវិញ ឬយកដប និងកែវផ្ទាល់ខ្លួននៅពេលត្រូវការទិញភេសជ្ជៈពិសា ។ ការកាត់បន្ថយប្លាស្ទិក មិនត្រឹមតែជួយសន្សំសំចៃផ្នែកថវិកាផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកទៅដល់ការបន្ថយកម្ដៅផែនដី៕




























