ក្នុងឱកាសពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ដែលរៀបចំធ្វើឡើងនៅសាលពិព័រណ៌កោះពេជ្រ កាលពីចុងសប្តាហ៍កន្លងទៅនេះ មានយុវជនប្រមាណជាង២ម៉ឺននាក់បានចូលរួម, ពួកគេបានសម្តែងក្តីសប្បាយរីករាយ និងរំពឹងថា មានកម្មវិធីបែបនេះកាន់តែច្រើនថែមទៀត ដើម្បីផ្តល់ភាពងាយស្រួល និងឱកាសក្នុងការស្វែងរកការងាររបស់ពួកគេ។
កញ្ញា ភន បុប្ឆា និស្សិតឆ្នាំទី៣ ជំនាញនីតិសាស្រ្ត មកពីសាកលវិទ្យាល័យបញ្ញាជាតិ និយាយថា នាងមិនធ្លាប់មានបទពិសោធន៍ក្នុងអាជីពការងារណាមួយនៅឡើយទេ ហើយការមកចូលរួមពិព័រណ៌ការងារនេះ គឺក្នុងគោលបំណងស្វែងរកឱកាសការងារ ក៏ដូចជាស្វែងយល់ពីតម្រូវការរបស់ក្រុមហ៊ុន ។ កន្លងមក បុប្ឆា តែងគិតថា មិនសូវសម្បូរឱកាសការងារនោះទេ ប៉ុន្តែពេលមកកាន់ពិព័រណ៌ការងារ នាងយល់ថា ការងារមានច្រើន និងមើលឃើញឱកាសកាន់តែច្រើនជាងមុនដែរ។ ជាមួយគ្នានេះ បុប្ឆា ចង់ឱ្យមានកម្មវិធីប្រភេទនេះ កើតមានជាបន្តបន្ទាប់ទៀត ព្រោះវាងាយស្រួលក្នុងការរកការងារ និងសម្លឹងមើលឱកាសនានាផ្សេងទៀត។

យុវតី ហានវុទ្ធី កូនីកា និស្សិតឆ្នាំទី១ ជំនាញសំណង់ស៊ីវិល មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងដែរថា ក្នុងនាមជានិស្សិតឆ្នាំទី១ ពិតជាមិនងាយស្រួលប៉ុន្មាននោះទេ ក្នុងការស្វែងរកឱកាសការងារ ហើយការមកពិព័រណ៌ការងារនេះ គឺដើម្បីទទួលបានព័ត៌មានបន្ថែមទាក់ទិននឹងការងារដែលសមស្របជាមួយនឹងជំនាញសិក្សានៅមហាវិទ្យាល័យ។ អ្វីដែលនាងរំពឹងទុក គឺនឹងទទួលបាននូវការងារធ្វើកំឡុងពេលបន្តការសិក្សា។
ចំណែក យុវជន ដារ៉ា វិឆៃ បច្ចុប្បន្នកំពុងសិក្សាឆ្នាំមូលដ្ឋាននៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស លើកឡើងដែរថា កម្មវិធីពិព័រណ៌នេះ នាងទទួលបានបទពិសោធន៍ខ្លះៗក្នុងការស្វែងរកការងារដែលសមស្រប និងភាពស៊ីសង្វាក់គ្នាជាមួយនឹងជំនាញដែលយុវជនរូបនេះកំពុងសិក្សានៅមហាវិទ្យាល័យ។
សម្រាប់ក្រុមហ៊ុនសហគ្រាស ដែលបានដាក់បញ្ជរនៅក្នុងឱកាសពិព័រណ៌ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ក៏បានបង្ហាញក្តីរីករាយផងដែរ ដោយថា វាបានផ្តល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុនផងដែរ។
កញ្ញា សាំណាង សុខអារីយ៉ា តំណាងក្រុមហ៊ុន Workingna ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិក លើកឡើងថា អ្វីដែលក្រុមហ៊ុនតែងជួបប្រទះកន្លងមក គឺក្រុមហ៊ុនពិបាកនឹងរកបុគ្គលិក ហើយបេក្ខជនពិបាកស្វែងរកការងារ ។ តែឱកាសពិព័រណ៌ការងារនេះ បានផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដែលកំពុងស្វែងរកបុគ្គលិក និងអ្នកស្វែងរកការងារធ្វើបានជួបគ្នា។ យ៉ាងណាក៏ដោយ កញ្ញា សុខអារីយ៉ា មើលឃើញថា សម្រាប់អ្នកដែលមានជំនាញបច្ចេកទេស ភាគច្រើនត្រូវបានផ្តល់អាទិភាព ហើយអ្វីដែលសំខាន់ គឺទៅលើជំនាញទន់ ក៏ដូចជាទាក់ទងនឹងទំនួលខុសត្រូវ ភាពអត់ធ្មត់។

ដោយឡែកលោក ជា បូរ៉ា ប្រធានផ្នែកជ្រើសរើសបុគ្គលិក ក្រុមហ៊ុន RMA Cambodia លើកឡើងថា កន្លងមកលោកមានការលំបាកក្នុងការជ្រើសរើសបុគ្គលិកដែលមានសមត្ថភាពស្របនឹងត្រូវការជំនាញដែលក្រុមហ៊ុនត្រូវការ ។ លោកថា បច្ចុប្បន្នក្រុមហ៊ុនកំពុងតែត្រូវការខ្លាំង សម្រាប់អ្នកដែលមានជំនាញជួសជុលរថយន្ត។
បើតាមប្រសាសន៍លើកឡើងរបស់លោក ជា បូរ៉ា អ្នកដែលមានជំនាញច្បាសលាស់ទាក់ទងនឹងការជួសជុលរថយន្ត គឺក្រុមហ៊ុនពិតជាពិបាកស្វែងរក ហេតុនេះហើយទើបជាក្រុមហ៊ុន RMA តែងធ្វើកិច្ចសហការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកធនធាន និងបានអនុញ្ញាតឱ្យសិស្សទទួលបានឱកាសការងារ។
ជាមួយគ្នានេះដែរ លោក ជា បូរ៉ា ក៏បានផ្តល់ដំបូន្មានដល់ប្អូនៗសិស្សនិស្សិតដែលកំពុងស្វែងរកការងារធ្វើ ឬឱកាសហ្វឹកហឺនការងារ សូមព្យាយាមសិក្សាយកជំនាញមួយជាក់លាក់ ហើយជាមួយគ្នានេះ ក៏កុំភ្លេចអភិវឌ្ឍជំនាញរបស់ខ្លួនផង ក៏ព្រោះតែបច្ចុប្បន្នបច្ចេកវិទ្យាចេះតែវិវឌ្ឍន៍ទៅមុខ ដូចនេះ ការរៀន ឬបទពិសោធន៍ប្រាំឆ្នាំមុន មិនប្រាកដថា អាចយកមកប្រើប្រាស់ជាមួយនឹងការងារបច្ចុប្បន្នបាននោះទេ៕































