ផ្នត់គំនិតដែលធ្លាប់តែគិតថា “ជំនាញមេកានិច ឬជួសជុលរថយន្ត” សមស្របសម្រាប់តែបុរសនោះ ត្រូវបានផ្លាស់ប្តូរហើយនាពេលបច្ចុប្បន្ន។ ជំនាញបច្ចេកទេសមួយនេះ កំពុងតែលេចធ្លោខ្លាំង និងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់យុវនារី ដោយសារពួកគេមើលឃើញពីតម្រូវការទីផ្សារការងារខ្ពស់ និងប្រាក់ចំណូលសមរម្យ។
កញ្ញា ចេវ ចាន់ណា យុវតីម្នាក់ដែលកំពុងសិក្សាជំនាញមេកានិចរថយន្ត នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយថា បើទោះបីជាខ្លួនជាស្រី មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការធ្វើការងារជួសជុលរថយន្តក៏ដោយ ប៉ុន្ដែកញ្ញាស្រលាញ់ពេញចិត្តមុខជំនាញនេះខ្លាំង ហើយកំពុងខិតខំប្រឹងប្រែងក្នុងការរៀនសូត្រជំនាញនេះឱ្យកាន់តែល្អប្រសើរ។

យុវតីរូបនេះបន្ថែមថា នាងមិនខ្វល់ខ្វាយនឹងពាក្យរិះគន់ ឬការមើលឃើញពីមុនមកថាជំនាញនេះជារបស់ប្រុសៗនោះទេ ព្រោះនេះជាជំនាញដ៏មានសក្តានុពល ដែលរៀនចប់មិនខ្វះការងារធ្វើ និងទទួលបានប្រាក់ចំណូលខ្ពស់។
“បញ្ហារបស់ខ្ញុំ គឺអត់មានកម្លាំងគ្រប់គ្រាន់ក្នុងការមួលខ្ចៅធំៗ និងត្រូវលើកសម្ភារៈធ្ងន់ៗដែរ ប៉ុន្តែខ្ញុំត្រូវតែជំនះឧបសគ្គទាំងអស់នេះ ព្រោះខ្ញុំចង់សម្រេចក្តីប្រាថ្នា ដែលមានការងារល្អ និងប្រាក់ចំណូលសមរម្យនាពេលអនាគត។ ម្យ៉ាងទៀត ខ្ញុំរៀននៅទីនេះ ក៏ចង់ស្គាល់ពីសម្ភារៈសំខាន់ៗរបស់រថយន្ត ដើម្បីអាចក្លាយជាអ្នកលក់សម្ភារៈ និងគ្រឿងបន្លាស់រថយន្ត”
លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) មានប្រសាសន៍ថា កន្លងមកជំនាញមេកានិចរថយន្ត ដែលមានតែសិស្សប្រុសៗចាប់អារម្មណ៍ច្រើន ព្រោះជាជំនាញទាមទាឱ្យមានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន ប៉ុន្ដែបច្ចុប្បន្ននេះមិនដូចពីមុនទេ ដោយសារសិស្សនារីៗ ក៏បានចាប់អារម្មណ៍ និងមកចុះឈ្មោះរៀនច្រើនដែរ។ «សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសយើងទេ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត»។

បើតាម លោក ជិន តារ៉ា បច្ចុប្បន្ន សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា ITI មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ លោកលើកទឹកចិត្តឱ្យយុវជន ក៏ដូចជាយុវតីផ្សេងៗទៀត មកចុះឈ្មោះចូលរៀនជំនាញនេះឱ្យបានច្រើន ស្របពេលដែលវិស័យយានយន្តនៅកម្ពុជាកំពុងតែរីកចម្រើន៕






























