ថ្លែងក្នុងពិធីប្រកាសជ័យលាភីគម្រោងឆ្នើមថ្នាក់ជាតិ ឆ្នាំ២០២៥ «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងថា ដើម្បីក្លាយជាមូលធនមនុស្សដែលរួមចំណែកអភិវឌ្ឍប្រទេសជាតិ គឺត្រូវចាប់ផ្ដើមពីការអភិវឌ្ឍន៍សហគមន៍របស់យើងជាមុនសិន។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» របស់សមាជិកក្លឹបថ្នាក់ទី១០ និងទី១១ បានចូលរួមចំណែកយ៉ាងច្រើនតាមរយៈការលើកកម្ពស់លើវិស័យអប់រំ ក៏ដូចជាសេវាសាធារណៈផ្សេងៗ រួមមាន សុខភាព និងសុខមាលភាព កិច្ចការបរិស្ថាន ផលិតផលកសិកម្ម ការងារផ្នែកវប្បធម៌ ការលើកកម្ពស់ផ្នែកអំណាន ការពង្រឹងលើការងារឌីជីថល ការងារសង្គមកិច្ច និងសកម្មភាពគម្រោងផ្សេងៗទៀត ដែលបានរៀបចំឡើងប្រកបដោយនវានុវត្តន៍ និងមានផលជះវិជ្ជមានយ៉ាងច្រើនដល់សហគមន៍។
ជាមួយគ្នានេះ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអបអរសាទរដល់ប្អូនៗជ័យលាភីទាំង១២ក្រុម និងបានផ្តល់ដំបូន្មានដល់ពួកគេឱ្យសម្លឹងមើលលើសពីការប្រកួតដើម្បីយកឈ្នះ ជាក់ស្ដែងតាមរយៈការប្រកួតប្រជែងនេះប្អូនៗបានទទួលនូវបទពិសោធន៍ ចំណេះដឹងថ្មីៗជាច្រើន ជាពិសេសអាចវាស់ស្ទង់គំនិតសមត្ថភាពរបស់ខ្លួនដើម្បីបន្តអភិវឌ្ឍបន្ថែមទៀត។
“ប្អូនៗយុវជនត្រូវបន្តអភិវឌ្ឍចំណេះដឹងជាប្រចាំ ដោយសូមចងចាំថា ការមានចំណេះដឹង និងជំនាញពិតជាសំខាន់ តែការដែលមានសមត្ថភាពអាចប្រើចំណេះដឹងជាប្រយោជន៍ដល់សង្គមជាតិរឹតតែសំខាន់”
ឯកឧត្តមសង្កត់ធ្ងន់ថា ភាពជោគជ័យប្អូនៗ គឺជាភាពជោគជ័យរបស់ប្រទេសជាតិយើង, ប្អូនៗគ្រប់គ្នាសុទ្ធតែជាកម្លាំងស្នូលដែលពោរពេញដោយសមត្ថភាព ការខិតខំប្រឹងប្រែង ភាពប៉ិនប្រសប់ ភាពច្នៃប្រឌិត សីលធម៌ដ៏ប្រពៃ និងភាពក្លាហាន ដែលនឹងក្លាយជាធនធានមនុស្សដ៏ប្រសើរសម្រាប់អនាគតប្រទេសជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក៏បានមានប្រសាសន៍ដោយលើកឡើងថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធីមនសិការពលរដ្ឋល្អ ពិតជាបានចូលរួមចំណែកលើកកម្ពស់ការរៀន និងបង្រៀន តាមរយៈការផ្ដល់ឱកាសឱ្យយុវជនបានអនុវត្តដោះស្រាយបញ្ហាជាក់ស្ដែងនៅក្នុងសហគមន៍របស់ខ្លួន ផ្ដល់នូវបំណិនសម្បទា វិជ្ជាសម្បទា បំណិនដោះស្រាយបញ្ហា វិភាគស៊ីជម្រៅ ចេះស្វែងយល់ពីខ្លួនឯង ចេះធ្វើការងារជាក្រុម ពង្រឹងភាពជាអ្នកដឹកនាំ បំណិនបច្ចេកវិទ្យាឌីជីថល បំណិនសតវត្សទី២១ ជំរុញឱ្យយុវជនកម្ពុជាក្លាយជាធនធានប្រកបដោយចំណេះដឹង ជាពលរដ្ឋល្អ និងជាពលរដ្ឋសាកល ឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ ក្នុងការដាក់បញ្ចូលវិធីសាស្ត្របង្រៀនថ្មីៗ បណ្ដុះបំណិនសតវត្សទី២១ដល់យុវជនកម្ពុជា តាមរយៈការជំរុញលើកទឹកចិត្តឱ្យសិស្សនិស្សិតចូលរួមក្នុងការប្រកួតប្រជែងនានា ដើម្បីពង្រឹងសមត្ថភាពក្នុងការគិតពិចារណា ដោះស្រាយបញ្ហា ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងមានសមត្ថភាពអាចបង្កើតចំណេះដឹងថ្មីៗដោយខ្លួនឯង ដែលនេះហើយជាការសិក្សារៀនសូត្រជំនាន់ថ្មី៕
































