គិតត្រឹមសប្តាហ៍ទីមួយ ខែតុលា នេះ បេក្ខជនដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ប្រមាណជាង៣ពាន់នាក់ហើយ បានដាក់ពាក្យប្រឡងយកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលផ្តល់ឱកាសដល់យុវជនបានសិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល ដោយឥតគិតថ្លៃ។
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៥០០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅសាកលវិទ្យាល័យដៃគូទាំង ៦ រួមមាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ចំនួន ២០០ កន្លែង, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន ៤០ កន្លែង, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន ៣០ កន្លែង, សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ១០ កន្លែង, សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន (Paragon International University) ចំនួន ២០ កន្លែង និង សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh) ចំនួន ២០០ កន្លែង។

លោក ង៉ែត យូដារិត អនុប្រធានវិទ្យាស្ថានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានប្រសាសន៍ថា គិតចាប់ពីថ្ងៃបើកទទួលពាក្យ រហូតដល់ថ្ងៃពុធនេះ (៨ តុលា) បេក្ខជនចំនួន ៣៣៤៥នាក់ បានចុះឈ្មោះដើម្បីប្រឡងប្រជែងយកអាហារូបករណ៍ទេពកោសល្យឌីជីថលសម្រាប់ឆ្នាំសិក្សា២០២៥នេះ ដោយក្នុងនោះបេក្ខជនជាស្រ្តីមានចំនួន ១៤១២នាក់។ បើតាមលោក យូដារិត ការចុះឈ្មោះប្រឡងយកអាហារូបករណ៍ទេពកោសល្យតេជោ នឹងបញ្ចប់នៅថ្ងៃទី២២ ខែតុលា ខាងមុខ។
តើអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ផ្តល់ផលប្រយោជន៍អ្វីខ្លះ?
លោក ង៉ែត យូដារិត មានប្រសាសន៍ថា តាមរយៈអាហារូបករណ៍ដែលផ្ដោតសំខាន់លើជំនាញឌីជីថល និងបច្ចេកវិទ្យានេះ និស្សិតនឹងទទួលបានលើសពីឱកាសសិក្សាដែលគាំទ្រផ្នែកហិរញ្ញវត្ថុ និងជាឱកាសដ៏មានតម្លៃក្នុងការកែលម្អខ្លួន និងបង្កើតអនាគតរបស់យុវជន។ លើសពីនេះ អាហារូបករណ៍បានអនុញ្ញាតឱ្យនិស្សិតផ្ដោតលើការសិក្សា និងការច្នៃប្រឌិត ដោយពុំមានការព្រួយបារម្ភពីបន្ទុកថ្លៃសិក្សា។
“ពួកគេនឹងទទួលបានការបណ្តុះបណ្តាលជាមួយគ្រូបង្រៀនជំនាញ អនុវត្តគម្រោងជាក់ស្តែង និងមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងវិស័យឧស្សាហកម្ម”
លោក ង៉ែត យូដារិត
តាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និស្សិតជ័យលាភីនៃកម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងទទួលបានអត្ថប្រយោជន៍ដូចជា កុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣១០០ – ២៤៧០០ ដុល្លារអាម៉េរិក, ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ. ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល ៤ ឆ្នាំដោយជោគជ័យ។
លោក ង៉ែត យូដារិត លើកឡើងថា អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ គឺជាការវិនិយោគដ៏សំខាន់ទៅលើធនធានមនុស្ស ដើម្បីពង្រឹង និងពង្រីកអ្នកជំនាញឌីជីថលឱ្យកាន់តែច្រើន ដែលជាសសរជួយអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កសាងឧស្សាហកម្មថ្មី បង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងពង្រឹងឥទ្ធិពលប្រទេសក្នុងតំបន់ ជាពិសេសអាចជួយដោះស្រាយបញ្ហាដែលសង្គមកំពុងប្រឈម ដូចជា ការគ្រប់គ្រងទិន្នន័យ សេវាហិរញ្ញវត្ថុឌីជីថល កសិកម្មឆ្លាតវៃ បញ្ហាឆបោកតាមប្រព័ន្ធអនឡាញ សន្ដិសុខសាយប័រ និងបរិស្ថានជាដើម។

ការប្រឡងជ្រើសរើសអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ នឹងត្រូវធ្វើឡើងចំនួន២ដំណាក់កាល ដោយលើកទី១ ជាការប្រឡងជម្រុះ ចាប់ពីថ្ងៃទី២៥ខែកញ្ញា ដល់ថ្ងៃទី២២ខែតុលា ឆ្នាំ២០២៥ តាមប្រព័ន្ធប្រឡងរបស់ CADT មានរយៈពេល៣ម៉ោង និងលើកទី២ ក្រុមការងារ CADT នឹងជ្រើសយកអ្នកដែលជាប់ជម្រុះលើកទី១ មកប្រឡងប្រជែងយក អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោដែលមានលំដាប់ពិន្ទុខ្ពស់ ដោយគ្រោងនឹងចាប់ពីផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។
មន្រ្តីការិយាល័យទំនាក់ទំនងសាធារណៈ នៃសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ដែលជាសាលាដៃគូក្នុងការផ្តល់អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ឱ្យដឹងថា មកទល់ពេលនេះ សាកលវិទ្យាល័យមិនទាន់ទទួលបានទិន្នន័យពីចំនួនអ្នកដែលបានដាក់អាហារូបករណ៍នេះប៉ុន្មាននៅឡើយទេ ប៉ុន្តែសាលាទទួលបានការជួបជាមួយសិស្សផ្ទាល់ដែលបានបង្ហាញចំណាប់អារម្មណ៍លើការដាក់អាហារូបករណ៍នេះ និងបានសួរនាំអំពីវិធីដាក់ពាក្យមួយចំនួន។ សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន នឹងផ្ដល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន ២០កន្លែង សម្រាប់ជំនាញចំនួនបី ដូចជា ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ, គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា រចនាប្លង់ និងប្រព័ន្ធផ្សព្វផ្សាយ ដែលជាជំនាញមានសក្តានុពលខ្ពស់ក្នុងសង្គមសេដ្ឋកិច្ចប្រទេសជាតិ។

មន្រ្តីដដែលលើកឡើងថា ត្បិតអាហារូបករណ៍ផ្ដល់ឱ្យច្រើនកន្លែង ប៉ុន្តែការជ្រើសរើសបេក្ខជនបេក្ខនារី នឹងធ្វើដោយតឹងរឹង មានលក្ខណៈវិនិច្ឆ័យខ្ពស់ដើម្បីធានាបានថា អាហារូបករណ៍ត្រូវបានផ្ដល់ជូនដល់បេក្ខជនដែលមានសក្តានុពលខ្ពស់បំផុត និងមានការប្ដេជ្ញាចិត្តពិតប្រាកដចំពោះជំនាញឌីជីថល ជាពិសេសអាហារូបករណ៍នឹងជាជំនួដល់សិស្សានុសិស្សដែលខ្វះខាត និងជាសិស្សានុសិស្សដែលពិតជាមានសមត្ថភាពសមនឹងទទួលបានអាហារូបករណ៍នេះ៕































