ក្នុងពិធីបើក «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទីភ្នាក់ងារជាតិ មុខរបរ និងការងារ (NEA) បានកំពុងដើរតួនាទីសំខាន់ក្នុងការជួយជំរុញភាពងាយស្រួល ក្នុងការស្វែងរកការងារធ្វើសម្រាប់យុវជន។
ឯកឧត្តម ទុយ ស៊ីផាន់ មានប្រសាសន៍ថា ពិព័រណ៌ការងារ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏សកម្ម និងរស់រវើក ទាំងការរៀបចំផ្ទាល់នៅមួយកន្លែង និងតាមរយៈប្រព័ន្ធ Online ដោយបានកៀរគរប្រមូលផ្តុំនិយោជកពីវិស័យសំខាន់ៗឱ្យចូលរួមតាំងបង្ហាញអំពីឱកាសការងារ និងការជ្រើសរើសកម្លាំងពលកម្មដែលមានសក្តានុពល ព្រមទាំងបើកឱកាសទូលំទូលាយសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនជម្រើសការងារ និងការដាក់ពាក្យស្នើសុំការងារដែលខ្លួនពេញចិត្ត។
រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ថែមថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍ការងារនេះ តែងតែខិតខំរិះរកវិធីសាស្ត្រ ដើម្បីបង្កើតបរិយាកាសប្រកបដោយភាពសកម្ម និងឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ ស្របតាមតម្រូវការរបស់និយោជក។ ឯកឧត្តមរដ្ឋលេខាធិការក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល អង្គការជាតិ-អន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់បន្តចូលរួមសហការគ្នាឱ្យបានផុសផុល ក្នុងការទ្រទ្រង់និរន្តរភាពនៃដំណើរការទីផ្សារការងារ ការលើកកម្ពស់វិស័យឯកជន និងការជំរុញឱ្យចូលដល់ឱកាសការងារចំពោះកម្លាំងពលកម្មថ្មី។
បើតាម ឯកឧត្តម ទុយ ស៊ីផាន់ បច្ចុប្បន្ននេះ ដើម្បីផ្ដល់ភាពងាយស្រួល យុវជនអាចស្វែងឱកាសការងារ និងការដាក់ពាក្យធ្វើការបានតាមរយៈទូរស័ព្ទដៃ ដោយមិនចាំបាច់មកដល់ទីតាំង NEA ក៏បាន។ ឯកឧត្តមបន្តថា យុវជន អាចទាញយកកម្មវិធីទូរសព្ទ MLVT Services ដើម្បីទទួលបានសេវា និងព័ត៌មានដ៏សម្បូរបែបទាក់ទងនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដូចជា ចុះឈ្មោះសិក្សាជំនាញការងារ, ចុះឈ្មោះស្វែងរកបុគ្គលិក, ចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ, ចុះឈ្មោះស្វែងរកការងារក្រៅប្រទេស, ចុះឈ្មោះសមាជិក ប.ស.ស., តាមដានវឌ្ឍនភាពសេវាសាធារណៈក្រសួង, ប្រអប់បណ្ដឹងអនាមិក, ប្រអប់សំណូមពរជាដើម។
យុវតី គឿង វួចលាង និស្សិតឆ្នាំទី១ ជំនាញហិរញ្ញវត្ថុ និងធនាគារ នៃសាកលវិទ្យាល័យពាណិជ្ជសាស្រអេស៊ីលីដា ដែលបានចូលរួមពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ និយាយថា ការចូលរួមរបស់ខ្លួននៅថ្ងៃនេះ ព្រោះចង់ស្វែងយល់អ្វីថ្មីៗ ឱកាសការងារ និងរបៀបសម្ភាសន៍ការងារ។ វួចលាង បន្តថា បន្ទាប់ពីបានដើរមើលស្តង់ពិព័រណ៍ការងារ រូបគេបានចាប់អារម្មណ៍ក្រុមហ៊ុនចំនួន៣ ដែលចង់សាកល្បងដាក់ពាក្យធ្វើការងារស្របតាមជំនាញដែលកំពុងសិក្សា។
ដោយឡែក យុវតី ស៊ឹម ស្រីភី និស្សិតឆ្នាំទី១ ជំនាញហិរញ្ញវត្ថុ និងធនាគារ ដូចគ្នា យល់ថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពនេះ បានផ្ដល់ឱកាសដល់យុវជនជាច្រើនបានស្វែងយល់ពីឱកាសការងារ របៀបដាក់ពាក្យធ្វើការងារ និងការត្រៀមខ្លួនចាប់យកឱកាសការងារក្នុងក្រុមហ៊ុនដែលកំពុងមានតម្រូវការ។ ស្រីភី ក៏បានលើកទឹកចិត្តដល់យុវជនផ្សេងទៀតឱ្យខិតខំសិក្សារៀនសូត្រ ដើម្បីឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុននីមួយៗ មានទាំងចំណេះដឹង សមត្ថភាព និងសីលធម៌ល្អ។
សូមជម្រាបជូនដែរថា ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព ត្រូវធ្វើឡើងក្នុងគោលបំណងសំខាន់បំផុត គឺការបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក ងាយចូលរួម ឆ្លើយតបឆាប់រហ័ស និងចំគោលដៅ។ គិតចាប់ពីឆ្នាំ២០២២-២០២៤ កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំនួន៤លើកហើយ ដោយមានអ្នកអ្នកចូលរួមផ្ទាល់ចំនួន ១១,៥៧២នាក់។
សម្រាប់ «ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព» ដែលកំពុងប្រព្រឹត្តធ្វើនៅថ្ងៃទី៩ និងថ្ងៃទី១០ ខែឧសភានេះ មានការចូលរួមពីសំណាក់ក្រុមហ៊ុន-សហគ្រាសចំនួន៣១ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទជាង៥,៤០០កន្លែង ដោយបើកឱកាសដល់អ្នកដាក់ពាក្យស្នើសុំការងារ ដោយក្នុងនោះមានមុខតំណែងគ្រប់ប្រភេទក្នុងវិស័យធនាគារ, ធានារ៉ាប់រង និងគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ, អេឡិចត្រូនិក, ព័ត៌មានវិទ្យា និងទូរគមនាគមន៍, អប់រំ, សំណង់, រដ្ឋបាល និងគ្រប់គ្រង, ប្រឹក្សាយោបល់ និងការជ្រើសរើសបុគ្គលិក, សេវាកម្ម, អចលនវត្ថុ, ឧស្សាហកម្ម, ការលក់ដុំ និងលក់រាយ, អាហារ និងភេសជ្ជៈជាដើម៕


































