នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong អតីតជាងជួសជុលនាវាចូលនិវត្តន៍វ័យ ៧១ឆ្នាំ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រដោយជោគជ័យ និងក្លាយជានិស្សិតវ័យចំណាស់ជាងគេបំផុតប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមសិង្ហបុរី (SUSS) នៅក្នុងឆ្នាំនេះ។
លោក Wong ដែលបច្ចុប្បន្នជាឪពុករបស់កូនពីរនាក់ និងជាជីតារបស់ចៅបីនាក់ បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែក «ភាសា និងអក្សរសាស្ត្រចិន» កាលពីថ្ងៃទី១៣ ខែតុលា កន្លងទៅ។ លោកគឺជាបុគ្គលវ័យចំណាស់ជាងគេក្នុងចំណោមនិស្សិតជ័យលាភីសរុប ៣,៦១១ នាក់ និងជាផ្នែកមួយនៃនិវត្តជនចំនួន ៩ នាក់ដែលបានទទួលសញ្ញាបត្រនៅឆ្នាំនេះ។
ឧបសគ្គបច្ចេកវិទ្យា និងការតស៊ូជម្នះ
ដំណើរឆ្ពោះទៅកាន់ភាពជោគជ័យមិនមែនជាការងាយស្រួលនោះទេ។ នៅក្នុងការប្រឡងលើកដំបូង លោក Wong ទទួលបានត្រឹមនិទ្ទេស D+ ប៉ុណ្ណោះ ដោយសារលោកជួបការលំបាកខ្លាំងក្នុងការវាយអក្សរកាត់ឡាតាំងចិន (Pinyin) លើក្តារចុចកុំព្យូទ័រ។
លោកបានរំឭកពីអារម្មណ៍កាលនោះប្រាប់សារព័ត៌មាន Channel News Asia ថា «ខ្ញុំពិតជាវង្វេងស្មារតីខ្លាំងណាស់។ មិត្តរួមថ្នាក់ទាំងអស់វាយក្តារចុចយ៉ាងលឿន ចំណែកខ្ញុំសូម្បីតែមួយពាក្យក៏វាយមិនចេញ។ វាជាការឈឺចាប់ និងខកចិត្តបំផុត ព្រោះចម្លើយទាំងអស់មាននៅក្នុងក្បាលខ្ញុំទៅហើយ គ្រាន់តែខ្ញុំមិនអាចវាយវាចេញមកក្រៅបាន»។
ទោះជាធ្លាប់គិតចង់បោះបង់ការសិក្សាក៏ដោយ ក្រោមការលើកទឹកចិត្តពីប្រធានដេប៉ាតឺម៉ង់សិក្សាភាសាចិន លោក Wong បានសម្រេចចិត្តចាប់ផ្តើមរៀនវាយអក្សរ Pinyin ស្របពេលកំពុងរៀនមេរៀនសាកលវិទ្យាល័យ។ ការខិតខំនេះបានផ្តល់ផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយលោកដណ្តើមបាននិទ្ទេស A និង A- រហូតដល់ទៅ ៩ មុខវិជ្ជា ព្រមទាំងទទួលបានពានរង្វាន់ផ្នែកតែងនិពន្ធមួយចំនួនទៀតផង។
ក្តីស្រមៃដែលត្រូវពន្យារពេលជាង ៤០ឆ្នាំ
ក្តីស្រមៃចង់រៀនសាកលវិទ្យាល័យរបស់លោក Wong បានចាប់ផ្តើមតាំងពីយុវវ័យ។ បន្ទាប់ពីចប់ថ្នាក់មធ្យមសិក្សា លោកបានចូលបម្រើការងារជាកូនជាងនៅរោងចក្រផលិតនាវា Keppel Shipyard ហើយបានតស៊ូរហូតក្លាយជាប្រធានគ្រប់គ្រងវិស្វកម្មជើងទឹក ក្នុងអាជីពការងារជាង ៤០ ឆ្នាំ។ ទោះបីជាឆ្លៀតរៀនវគ្គបច្ចេកទេស និងប្រឡង A-Level យ៉ាងណាក៏ដោយ ក៏លោកមិនទាន់មានឱកាសទទួលបានសញ្ញាបត្រសាកលវិទ្យាល័យឡើយ ដោយសារបន្ទុកគ្រួសារ និងការងារ។

រហូតដល់ចូលនិវត្តន៍នៅឆ្នាំ២០១៩ និងបានអានដំណឹងអំពីនិស្សិតវ័យ ៧០ ឆ្នាំម្នាក់បញ្ចប់ការសិក្សា លោកក៏សម្រេចចិត្តដាក់ពាក្យចូលរៀននៅ SUSS នៅឆ្នាំ២០២២។ ទោះបីជាការដាក់ពាក្យលើកទី១ ត្រូវបរាជ័យ លោកមិនចុះចាញ់ឡើយ ដោយបានសុំការណែនាំពីសាកលវិទ្យាល័យ ប្រមូលឯកសារបញ្ជាក់ការសិក្សាចាស់ៗជាច្រើនទសវត្សរ៍មកបំពេញបន្ថែម រហូតត្រូវបានទទួលស្គាល់ជាផ្លូវការ។
ភាពជោគជ័យនេះ ក៏មានការជ្រោមជ្រែងយ៉ាងធំធេងពីភរិយារបស់លោក គឺលោកស្រី Yeo Siew Guk វ័យ ៧១ឆ្នាំ ដែលតែងតែចាំទទួលលោកត្រឡប់មកពីថ្នាក់រៀនពេលយប់ រហូតដល់ម៉ោង ១១ យប់ស្ទើររាល់ថ្ងៃ ដោយក្តីមោទនភាព និងជឿជាក់លើការតស៊ូរបស់ស្វាមី។
ការរៀនសូត្រពេញមួយជីវិត
សមិទ្ធផលរបស់លោក Wong ឆ្លុះបញ្ចាំងពីចលនា «ការរៀនសូត្រពេញមួយជីវិត» (Lifelong Learning) នៅប្រទេសសិង្ហបុរី ដែលបច្ចុប្បន្នកំពុងក្លាយជាសង្គមមនុស្សចាស់ជរាជាន់ខ្ពស់ ដោយមានប្រជាពលរដ្ឋអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅរហូតដល់ ២១.៤%។ ស្ថាប័នអប់រំធំៗជាច្រើននៅសិង្ហបុរី ដូចជា Republic Polytechnic, Temasek Polytechnic និង National University of Singapore (NUS) សុទ្ធតែបានកត់ត្រានូវកំណើនយ៉ាងគំហុកនៃមនុស្សវ័យចំណាស់ដែលចុះឈ្មោះចូលរៀនវគ្គជំនាញ វគ្គសញ្ញាបត្រ និងថ្នាក់ក្រោយបរិញ្ញាបត្រ។
ក្រោយបញ្ចប់ការសិក្សា លោក Wong មានបំណងធ្វើជាគ្រូបង្រៀនស្ម័គ្រចិត្តផ្នែកភាសាចិនដល់កុមារក្រីក្រ និងបន្តលើកទឹកចិត្តមនុស្សចាស់ដទៃទៀតកុំឱ្យបោះបង់ការរៀនសូត្រ។

លោកបានផ្ញើសារយ៉ាងមានអត្ថន័យថា «កាលពីក្មេង យើងរៀនដើម្បីកសាងអនាគតដ៏ល្អប្រសើរ។ ប៉ុន្តែនៅពេលវ័យកាន់តែជ្រេ ការរៀនសូត្រគឺជាមធ្យោបាយបំពេញក្តីស្រមៃ ដែលយើងធ្លាប់បានលះបង់ដើម្បីគ្រួសារកាលពីមុន។ សំណួរសំខាន់មិនមែនសួរថា តើយើងចាស់ពេកឬអត់នោះទេ ប៉ុន្តែគឺសួរថាតើយើងមានឆន្ទៈផ្តល់ឱកាសឱ្យខ្លួនឯងរៀនម្តងទៀតដែរឬទេ?»៕













































































