នៅក្នុងព្រឹត្តិការណ៍កៀរគរហិរញ្ញប្បទាន (Multiply Possibility) ឆ្នាំ២០២៦ របស់មូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) នៅទីក្រុងញូវយ៉ក ថ្នាក់ដឹកនាំពិភពលោកបានកៀរគរថវិការហូតដល់ ៣,៥ ប៊ីលានដុល្លារសម្រាប់គាំទ្រវិស័យអប់រំ។
សម្រាប់ថវិកាដែលកៀរគរឡើងទាំងអស់នេះ ត្រូវធ្វើឡើងក្រោមការដឹកនាំរបស់ប្រទេសអ៊ីតាលី និងនីហ្សេរីយ៉ា។ ក្នុងនោះ កញ្ចប់ថវិកានេះ រួមមាន ២,១ ប៊ីលានដុល្លារពីប្រទេសផ្ដល់ជំនួយ (Sovereign Donors to GPE), ១ ប៊ីលានដុល្លារពីស្ថាប័នហិរញ្ញវត្ថុអភិវឌ្ឍន៍ និង ៤០០លានដុល្លារ ពីសប្បុរសជន និងវិស័យឯកជន។
ប្រទេសជាដៃគូ (GPE Partner Countries) បានប្ដេជ្ញាចិត្ត (Domestic Financing) ក្នុងការផ្តល់នូវថវិកាចំនួន ៤៧១ ប៊ីលានដុល្លារ ដែលធ្វើឱ្យកញ្ចប់ថវិកាសម្រាប់ចំណាយលើវិស័យអប់រំកើនដល់ ៣២% ត្រឹមឆ្នាំ២០៣០។
ការកៀរគរមូលនិធិនេះ គឺជាគ្រឹះយ៉ាងសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រឆ្នាំ២០២៦–២០៣០ របស់ GPE ដើម្បីផ្ដល់ឱកាសរៀនសូត្រដល់កុមារ និងយុវជនជាង ២៧០លាននាក់ ដែលមិនបានចូលរៀន នៅក្នុងប្រទេសដៃគូជាង ៩០ ជុំវិញពិភពលោក។ ការសន្យាផ្ដល់ហិរញ្ញប្បទាន (Pledges) នៅមានជាបន្តបន្ទាប់ទៀត។

សូមជម្រាបថា ភាពជាដៃគូសកលសម្រាប់ការអប់រំ (Global Partnership for Education ឬ GPE) មានប្រទេសជាដៃគូសរុប ជាង ៩០ ប្រទេស រួមមាន តំបន់អាស៊ីនិងប៉ាស៊ីហ្វិក , អាហ្វ្រិក , អាមេរិកឡាទីន និងការីបៀន ព្រមទាំងតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ផងដែរ (ភាគច្រើនជាប្រទេសដែលមានចំណូលទាប និងមធ្យមកម្រិតទាប) រួមផ្សំជាមួយនឹងប្រទេសម្ចាស់ជំនួយ (Donors) ធំៗជាច្រើន៕












































































