សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្រាប់ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិត រយៈពេល ៦ឆ្នាំ ដែលគ្រោងចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៧។
និស្សិតដែលត្រូវបានជ្រើសរើស នឹងទទួលបានការសិក្សាថ្នាក់ត្រៀមភាសាជប៉ុន និងមុខវិជ្ជាផ្សេងទៀត រួមមាន គណិតវិទ្យា វិទ្យាសាស្រ្ត និងភាសាអង់គ្លេស រហូតដល់ខែមីនា ឆ្នាំ២០២៧ មុននឹងចូលរៀននៅសាលាវេជ្ជសាស្រ្ត នៃសាកលវិទ្យាល័យ IUHW ប្រទេសជប៉ុន។
លក្ខខណ្ឌ នៃការដាក់ពាក្យ ៖ ជានិស្សិតកំពុងសិក្សាឆ្នាំទី១ ផ្នែកវេជ្ជសាស្រ្ត ដែលមានពិន្ទុប្រឡងចូលថ្នាក់ជាតិជ្រើសរើស ចូលរៀនឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេ ២០នាក់ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្រ្ត ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ដែលមានពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងលំដាប់លេខរៀងខ្ពស់ជាងគេ ២០នាក់។ មានចំណេះដឹងភាសាអង់គ្លេស (IELTS យ៉ាងតិច 6.0 ឬតេស្តផ្សេងទៀតសមមូល)។

សំណុំឯកសារដែលបេក្ខជនត្រូវភ្ជាប់ ៖ និស្សិតត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា IUHW Application form ចំនួន ១ច្បាប់, ឯកសារស្កេនវិញ្ញាបនបត្រ ឬសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១ច្បាប់, ឯកសារស្កេនសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (បកប្រែជាភាសាអង់គ្លេសដែលមានបោះត្រាក្រុមហ៊ុនបកប្រែ) ចំនួន១ច្បាប់, លិខិតឆ្លងដែនថតចម្លង (ប្រសិនបើមាន), ឯកសារស្កេនលិខិតបញ្ជាក់ការសិក្សាជាភាសាអង់គ្លេស, ឯកសារស្កេនព្រឹត្តិបត្រពិន្ទុឆ្នាំសិក្សាមូលដ្ឋាន, ឯកសារស្កេនលិខិតបញ្ជាក់កម្រិតភាសាអង់គ្លេស IELTS។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាច បំពេញពាក្យស្នើសុំ រួចស្កែនសំណុំឯកសារដែលពាក់ព័ន្ធជា PDF File (បញ្ចូលតែមួយ file) រួចផ្ញើទៅកាន់អ៊ីមែល med.exchange@uhs.edu.kh។
ការទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០ នាទី។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ 016 951 315៕





























