ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្រសួងនឹងរៀបចំ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា ដោយផ្អែកលើលទ្ធផល នៃការ ពិភាក្សា និងការផ្លាស់ប្តូរយោបល់ក្នុងព្រឹត្តិការណ៍វដ្តវិទ្យាសាស្ត្រហ្វ្រង់កូហ្វូន «មហាសន្និបាតជាតិស្តីពីឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា»។
ឯកឧត្តមបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ព្រឹត្តិការណ៍វដ្តវិទ្យាសាស្ត្រ ហ្វ្រង់កូហ្វូន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
ឯកឧត្តមបានបញ្ជាក់ថា មហាសន្និបាតនេះជាព្រឹត្តិការណ៍លើកដំបូងដែលរៀបចំឡើងនៅកម្ពុជា ក្នុងក្របខ័ណ្ឌវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវ អ្នកជំនាញ និងតំណាងគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាអាទិភាព ព្រមទាំងកំណត់ទិសដៅអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា។
សម្រាប់មហាសន្និបាតជាតិ ប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សារួមមាន អភិបាលកិច្ចឧត្តមសិក្សា កំណែទម្រង់វិស័យឧត្តមសិក្សា ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលថ្នាក់បណ្ឌិត និងការរៀបចំកម្មវិធីសិក្សាឱ្យស្របតាមតម្រូវការទីផ្សារការងារ។
ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំផែនទីបង្ហាញផ្លូវនេះ មានគោលដៅចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការអភិវឌ្ឍមូលធនមនុស្ស ការបង្កើតឱកាសការងារសម្រាប់យុវជន និងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា។

កិច្ចពិភាក្សានឹងលើកឡើងពីតួនាទីរបស់សាកលវិទ្យាល័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ការលើកកម្ពស់សុខសន្តិភាព និងការចូលរួមដោះស្រាយបញ្ហាសង្គម។
ឯកឧត្តមបានបន្ថែមថា ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសជាមួយគ្រឹះស្ថានឧត្តមសិក្សានិយាយភាសាបារាំង និងប្រទេសបារាំង ដើម្បីបង្កើនសមត្ថភាពនិស្សិត និងសាស្ត្រាចារ្យ ព្រមទាំងពង្រីកកម្មវិធីផ្លាស់ប្តូរនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ។
ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្មវិស័យឧត្តមសិក្សាក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត ក៏ជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ ដើម្បីធានាថា ការបណ្តុះបណ្តាលធនធានមនុស្សមានភាពសមស្របនឹងការវិវត្តនៃបច្ចេកវិទ្យា និងអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានបង្ហាញក្តីរំពឹងថា កិច្ចប្រជុំនេះនឹងផ្តល់នូវធាតុចូលសំខាន់ៗចំនួនបី រួមមាន ៖ ទី១ ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យឧត្តមសិក្សានៅកម្ពុជា ទី២ ការពង្រឹងសាកលវិទ្យាល័យតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទី៣ ការពិនិត្យឡើងវិញនូវតួនាទីរបស់សាកលវិទ្យាល័យក្នុងការឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុករបស់យុវជនជំនាន់ថ្មី។
លើសពីនេះ ការពង្រឹងទំនាក់ទំនងរវាងឧត្តមសិក្សា និងមធ្យមសិក្សា ក៏ជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីធានាឱ្យប្រព័ន្ធអប់រំមានភាពស៊ីសង្វាក់គ្នា និងជួយត្រៀមលក្ខណៈយុវជនឱ្យមានសមត្ថភាពបន្តការសិក្សាកម្រិតខ្ពស់ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអាជីពការងារនាពេលអនាគត៕






























