ក្រោយការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ បេក្ខជនប្រឡងជាប់ទាំងអស់ បានមកបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (NIE) ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
ការបណ្តុះបណ្តាលនេះ តម្រូវឱ្យសិក្សាចំនួន ៤៨ក្រេឌីតសម្រាប់កម្រិតវិទ្យាល័យ និង ៣០ក្រេឌីតសម្រាប់កម្រិតអនុវិទ្យាល័យ ហើយមានតែបេក្ខជនដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលពេញលេញនេះប៉ុណ្ណោះ ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។

កញ្ញា ជី ស្រីអូន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយនៅភ្នំពេញ និងជាបេក្ខជនប្រឡងជាប់ស្ថាពរ គ្រូបង្រៀនកម្រិតវិទ្យាល័យ ផ្អែកលើកិច្ចព្រមព្រៀងការងារ និយាយថា កញ្ញាប្រឡងជាប់លើ ឯកទេស ភាសាខ្មែរ នៅស្រុកទ្រាំង ខេត្តតាកែវ ដែលជាស្រុកកំណើតរបស់នាង។ ចំពោះការប្រឡងជាប់នេះ កញ្ញាពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ ព្រោះនេះជាការប្រឡងលើកទីមួយ។ ជាពិសេសនាងនឹងមានឱកាសបានវិលត្រឡប់ទៅធ្វើការនៅស្រុកកំណើត និងបានរស់នៅជិតឪពុកម្ដាយផងដែរ។
កញ្ញា ស្រីអូន បានទៅបង្ហាញខ្លួន និងកំពុងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (NIE) ឱ្យបានរួចរាល់មុនថ្ងៃផុតកំណត់។ សម្រាប់ការប្រែក្លាយជាគ្រូបង្រៀនចេញថ្មីនាពេលខាងមុខ កញ្ញា ជី ស្រីអូន បានប្ដេជ្ញាថា នឹងធ្វើជាគ្រូបង្រៀនល្អ ខិតខំយកចិត្តទុកដាក់បង្រៀនសិស្ស ចែករំលែកចំណេះដឹងដល់សិស្សានុសិស្សជំនាន់ក្រោយ ដោយប្រើប្រាស់វិជ្ជាជីវៈជាគ្រូបង្រៀនឱ្យបានត្រឹមត្រូវទៅតាមមុខជំនាញឯកទេសដែលខ្លួនបានជ្រើសរើស។

ជាមួយគ្នានេះ កញ្ញា ហាក់ ស្រីល័ក្ខ ជាបុគ្គលិកក្រុមហ៊ុនឯនជនមួយដែរ និងជាបេក្ខជនប្រឡងជាប់ស្ថាពរដែរ លើកឡើងថា កញ្ញាពិតជាមានអារម្មណ៍រំភើបរីករាយ ដែលបានប្រឡងជាប់បង្រៀនផ្អែកលើកិច្ចព្រមព្រៀង ព្រោះនេះជាការប្រឡងលើកទីមួយ ហើយកញ្ញាអាចសម្រេចក្ដីស្រមៃខ្លួនឯង និងគ្រួសារ ដែលចង់ក្លាយខ្លួនជាគ្រូបង្រៀន។
សម្រាប់ការប្រែក្លាយខ្លួនជាគ្រូបង្រៀនចេញថ្មីនាពេលខាងមុខ កញ្ញា ហាក់ ស្រីល័ក្ខ ប្ដេជ្ញាចិត្តថា នឹងនាំយកចំណេះដឹងល្អៗ ទៅបង្រៀនដល់សិស្ស ហើយកញ្ញាសង្ឃឹមថា ចំណេះដឹងរបស់ខ្លួននឹងមានប្រយោជន៍ល្អ ដើម្បីចូលរួមចំណែកបណ្ដុះបណ្ដាលធនធាននៅក្នុងសង្គមជាតិផងដែរ។
លោក ប៊ី កែវ ជាគ្រូបង្រៀន នៃសាលាឯកជន និងជាបេក្ខជនប្រឡងជាប់បម្រុងគ្រូបង្រៀនកម្រិតវិទ្យាល័យ ផ្អែកលើកិច្ចព្រមព្រៀងការងារ លើកឡើងដែរថា លោកបានប្រឡងជាប់ជាបេក្ខជនបម្រុង ឯកទេស គីមីវិទ្យា នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក ប៊ី កែវ បន្តថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានប្រឡងជាប់ ទោះត្រឹមជាបេក្ខជនបម្រុងក៏ដោយ ព្រោះលោកធ្លាប់បានប្រឡងគ្រូចំនួន ៦លើកទាំងលើកនេះរួចមកហើយ ទើបតែអាចប្រឡងជាប់នៅឆ្នាំនេះ។

លោក ប៊ី កែវ ប្ដេជ្ញាចិត្តថា នឹងខិតខំប្រឹងប្រែងស្រាវជ្រាវ និងយកចិត្តទុកដាក់ក្នុងការបង្រៀនសិស្ស ព្រោះលោកមានគោលបំណងចង់ឃើញកូនសិស្សក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម។
បើតាមក្រសួងមុខងារសាធារណៈ បេក្ខជនដែលបានប្រឡងជាប់ស្ថាពរ និងជាប់បម្រុងទាំងអស់ ត្រូវមានកាតព្វកិច្ចចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ទាំងតាមទម្រង់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ស្របតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណីបេក្ខជនមិនបានមកបង្ហាញខ្លួនតាមកាលបរិច្ឆេទកំណត់ទេ នោះនឹងត្រូវចាត់ទុកថាបោះបង់ចោលការងារ ហើយឈ្មោះនឹងត្រូវលុបចេញពីបញ្ជីជ្រើសរើសទីកន្លែងការងារជាស្វ័យប្រវត្តិ។
ចំពោះការរៀបចំកន្លែងបម្រើការងារនៅតាមសាលាក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស សម្រាប់បេក្ខជនដែលបានចូលរួមក្នុងការបណ្តុះបណ្តាល នឹងត្រូវធ្វើឡើងដោយផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងនេះ។ ក្នុងករណីដែលបេក្ខជនមិនទាន់ត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅកន្លែងដែលខ្លួនបានរើស បេក្ខជនក៏នៅតែមានឱកាសទៅបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យផ្សេងទៀតដែលមានតម្រូវការ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងការរៀបចំតាមលំដាប់ពិន្ទុ ក្នុងករណីចំនួនកន្លែងការងារមានកំណត់។
លោកជំទាវ ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ឆ្នាំកន្លងមកនេះ គឺជាការអនុវត្តមួយដែលមានលក្ខណៈល្អប្រសើរ ហើយក៏មានការទទួលស្គាល់ពីនាយកសាលា ក៏ដូចជាសហការីនៅក្នុងសាលារៀន អំពីសមត្ថភាព និងការបំពេញការងាររបស់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារផងដែរ។ លោកជំទាវ ឃួន វិច្ឆិកា បន្តថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺជាកំណែទម្រង់មួយដែលឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងពេលបច្ចុប្បន្ន ទាំងគុណភាព ក៏ដូចជាភាពទន់ភ្លន់នៅក្នុងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ។
គួរជម្រាបជូនថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនកម្រិតមធ្យមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ សម័យប្រឡង៖ ១៩ ខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ សម្រាប់កម្រិតវិទ្យាល័យ បេក្ខជនប្រឡងជាប់ចំនួន ១ ២៨១នាក់ ធៀបនឹងតម្រូវការ ១ ៨០០នាក់ ក្នុងចំណោមអ្នកចូលរួមប្រឡង ៦ ៨០០នាក់ មកពី ២៤ខេត្ត។ ចំណែកឯកម្រិតអនុវិទ្យាល័យ បេក្ខជនប្រឡងជាប់ចំនួន ៤៧៣នាក់ ធៀបនឹងតម្រូវការ ១ ២០០នាក់ ក្នុងចំណោមអ្នកប្រឡង ៥ ០៤១នាក់ មកពី ២៣ខេត្ត៕













































































