មនុស្សជាច្រើនតែងយល់ថា ការហាត់ប្រាណដើម្បីទទួលបានសុខភាពល្អ ទាមទារឱ្យមានការបញ្ចេញកម្លាំងខ្លាំង រត់ឱ្យអស់ល្បឿន ឬធ្វើលំហាត់ប្រាណរហូតដល់អស់កម្លាំងល្ហិតល្ហៃ។ ប៉ុន្តែ បច្ចុប្បន្ននេះ និន្នាការហាត់ប្រាណថ្មីមួយដែលកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើបណ្តាញសង្គម មកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង គឺ «Slow Jogging» ឬការរត់ក្នុងល្បឿនយឺត ដែលកំពុងផ្លាស់ប្តូរទស្សនៈនៃការហាត់ប្រាណបែបប្រពៃណី។
អ្នកជំនាញផ្នែកកាយសម្បទាបានលើកឡើងថា ការរត់ត្រឹកៗយឺតៗនេះ ជាការបោះជំហានខ្លីៗក្នុងល្បឿនស្រាលស្រទន់ ដែលស្ថិតនៅចន្លោះកណ្តាលរវាងការដើរ និងការរត់ធម្មតា។ លើសពីនេះ វាក៏ជាសកម្មភាពសង្គមដ៏រីករាយមួយ ព្រោះអ្នកហាត់អាចជជែកគ្នាលេងបានយ៉ាងស្រួលក្នុងពេលកំពុងរត់។
តើ Slow Jogging គឺជាអ្វី?
Slow Jogging គឺជាការរត់ក្នុងល្បឿនមួយដែលលឿនជាងការដើរបន្តិចបន្តួចប៉ុណ្ណោះ។ នៅប្រទេសជប៉ុន គេច្រើនហៅការរត់បែបនេះថា «Niko Niko Running» ដែលមានន័យថា «ការរត់ទាំងស្នាមញញឹម»។
នៅក្នុងផ្នែកវេជ្ជសាស្ត្រកីឡា ល្បឿននេះត្រូវបានចាត់ទុកជាការហ្វឹកហាត់ក្នុងកម្រិត Zone 2 ពោលគឺអត្រាចង្វាក់បេះដូងលោតក្នុងកម្រិតបង្គួរ ចន្លោះពី ៦០ ទៅ ៧០ ភាគរយ នៃសមត្ថភាពអតិបរមារបស់បេះដូង។
លោកវេជ្ជបណ្ឌិត ថូម៉ាស ដេននីងហ្គឺ (Thomas Denninger) អ្នកឯកទេសចលនាសម្បទាមកពីរដ្ឋ South Carolina បានគូសបញ្ជាក់ថា «ការហាត់ប្រាណមិនចាំបាច់ទាល់តែខ្លាំងក្លា ទើបទទួលបានប្រសិទ្ធភាពនោះទេ។ មនុស្សភាគច្រើនយល់ច្រឡំថា ត្រូវតែធ្វើលំហាត់ប្រាណធ្ងន់ៗ (HIIT) ឬរត់ឱ្យអស់ពីកម្លាំង ប៉ុន្តែការពិតមិនដូច្នោះឡើយ»។
អត្ថប្រយោជន៍ចម្បងៗចំពោះសុខភាព
យោងតាមការសិក្សា និងការបញ្ជាក់ពីអ្នកជំនាញសុខភាព ការរត់ត្រឹកៗយឺតៗផ្តល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដូចជា៖
១. កាត់បន្ថយសម្ពាធផ្លូវចិត្ត និងងាយស្រួលអនុវត្តជាប់លាប់ ៖ មនុស្សជាច្រើនខ្លាចការរត់ ព្រោះខ្លាចហត់ដង្ហក់ ឬមិនអាចតាមទាន់អ្នកដទៃ។ Slow Jogging បំបាត់ឧបសគ្គផ្លូវចិត្តទាំងនេះ ដែលធ្វើឱ្យមនុស្សងាយស្រួលចាប់ផ្តើម និងរក្សាទម្លាប់បានយូរអង្វែង។
២. ពង្រឹងសុខភាពបេះដូង និងដុតបំផ្លាញជាតិខ្លាញ់ ៖ ទោះបីជាមានល្បឿនយឺត ប៉ុន្តែវាជួយឱ្យបេះដូង និងសួតដំណើរការបានល្អ។ ការហ្វឹកហាត់ក្នុងកម្រិត Zone 2 ក៏ជួយរាងកាយឱ្យទាញយកជាតិខ្លាញ់មកដុតបំផ្លាញជាថាមពលចម្បងផងដែរ។
៣. ជួយដល់សុខភាពខួរក្បាល និងអារម្មណ៍ ៖ ការសិក្សាថ្មីមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី Imaging Neuroscience បានរកឃើញថា ការរត់យឺតៗត្រឹមតែ ១០ នាទី អាចជួយកែលម្អអារម្មណ៍ មុខងារប្រតិបត្តិការរបស់ខួរក្បាល និងបង្កើនសមត្ថភាពនៃការគិតឱ្យកាន់តែប្រសើរឡើង។
៤. បង្កើនការស៊ូទ្រាំ (Endurance) ៖ ការរត់យឺតៗជួយពង្រឹងសាច់ដុំ សរសៃពួរ និងឆ្អឹង ឱ្យស៊ាំទៅនឹងកម្លាំងទង្គិចនៃការរត់បន្តិចម្តងៗ ដោយមិនបង្កភាពនឿយហត់ខ្លាំងពេកឡើយ។
គន្លឹះងាយៗដើម្បីចាប់ផ្តើម Slow Jogging
សម្រាប់អ្នកដែលចង់ចាប់ផ្តើម អាចអនុវត្តតាមការណែនាំដូចខាងក្រោម៖
អនុវត្តឆ្លាស់គ្នា ៖ ចាប់ផ្តើមដោយការដើរឆ្លាស់គ្នាជាមួយការរត់ត្រឹកៗយឺតៗ រួចសឹមបង្កើនរយៈពេលនៃការរត់ឱ្យបានវែងជាងមុនជាលំដាប់។
វាស់ស្ទង់ដោយការសន្ទនា ៖ ប្រសិនបើអ្នកនៅតែអាចនិយាយពេញមួយប្រយោគ ឬជជែកគ្នាលេងបានដោយមិនដង្ហក់ នោះមានន័យថាអ្នកកំពុងស្ថិតក្នុងល្បឿនត្រឹមត្រូវហើយ។

ស្តាប់សញ្ញារបស់រាងកាយ ៖ ក្រោយពេលហាត់ សាច់ដុំគួរតែមានអារម្មណ៍ថារឹងមាំ មិនមែនឈឺចាប់ខ្លាំងហួសហេតុនោះទេ។ ប្រសិនបើមានការឈឺចាប់សន្លាក់ ឬសាច់ដុំខុសប្រក្រតី នោះជាសញ្ញាបញ្ជាក់ថាអ្នកត្រូវសម្រាក។
តើនរណាខ្លះគួរ និងមិនគួរអនុវត្ត?
Slow Jogging គឺស័ក្តិសមបំផុតសម្រាប់ អ្នកទើបចាប់ផ្ដើមហាត់ប្រាណដំបូង, អ្នកដែលទើបជាសះស្បើយពីជំងឺ, ឬអ្នកដែលចង់ពង្រឹងសុខភាពបេះដូង ប៉ុន្តែមិនចូលចិត្តការបញ្ចេញកម្លាំងខ្លាំងក្លា។
ការក្រើនរំលឹក ៖ ទោះបីជាវាជាការរត់យឺតៗក៏ដោយ វានៅតែមានកម្លាំងទង្គិចខ្លះៗទៅលើសន្លាក់ និងសាច់ដុំ។ ដូច្នេះ សម្រាប់បុគ្គលដែលមានជំងឺប្រចាំកាយទាក់ទងនឹងបេះដូង ឬបញ្ហាសន្លាក់ធ្ងន់ធ្ងរ គប្បីពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុន មុននឹងចាប់ផ្តើមការហ្វឹកហាត់៕














































































