បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញរបស់បេក្ខជនចំនួន ២៤ក្រុម ដែលជាក្រុមតំណាងមកពីរាជធានី-ខេត្តចំនួន ១២ ទីបំផុតរកឃើញម្ចាស់ជ័យលាភីថ្នាក់ជាតិ គម្រោងឆ្នើម ល្អ និងគំរូ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិលើគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិការពលរដ្ឋល្អ» ឆ្នាំ២០២៦។
បេក្ខជនដែលចូលរួមប្រកួតក្នុងគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិកាពលរដ្ឋល្អ» ឆ្នាំ២០២៦ មកពីថ្នាក់ទី១០ ចំនួន ១២ក្រុម និងថ្នាក់ទី១១ ចំនួន ១២ក្រុម។ ជាលទ្ធផល ជ័យលាភីថ្នាក់ជាតិ គម្រោង «ឆ្នើម» ថ្នាក់ទី១០ ជ័យលាភីលេខ១ បានទៅលើ ខេត្តកំពង់ធំ វិទ្យាល័យ ហ៊ុនសែន បល្ល័ង្ក និង ជ័យលាភីថ្នាក់ជាតិ គម្រោង «ឆ្នើម» ថ្នាក់ទី១១ ជ័យលាភីលេខ១ បានទៅលើ ខេត្តកណ្តាល វិទ្យាល័យ ហ៊ុន សែន សេរីភាព។
សម្រាប់ជ័យលាភីថ្នាក់ជាតិ គម្រោង «ល្អ» ថ្នាក់ទី១០ ជ័យលាភីលេខ១ បានទៅលើ ខេត្តស្ទឹងត្រែង វិទ្យាល័យ ហ៊ុនសែន ស្ទឹងត្រែង និង ជ័យលាភីថ្នាក់ជាតិ គម្រោង «ល្អ» ថ្នាក់ទី១១ ជ័យលាភីលេខ១ បានទៅលើ ខេត្តប៉ៃលិន វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ។ ចំពោះជ័យលាភីថ្នាក់ជាតិ គម្រោង «គំរូ» ថ្នាក់ទី១០ ជ័យលាភីលេខ១ បានទៅលើ រាជធានីភ្នំពេញ វិទ្យាល័យ ព្រះស៊ីសុវត្ថិ និង ជ័យលាភីថ្នាក់ជាតិ គម្រោង «គំរូ» ថ្នាក់ទី១១ ជ័យលាភីលេខ១ បានទៅលើ ខេត្តកំពង់ចាម វិទ្យាល័យ ព្រះសីហនុ។

ថ្លែងក្នុងពិធីប្រកាសលទ្ធផលជ័យលាភីថ្នាក់ជាតិ គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃកម្មវិធី «មនសិកាពលរដ្ឋល្អ» ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា តាមរយៈការចូលរួមក្នុងគម្រោងនេះ យុវជនទទួលបានការបណ្តុះបណ្តាលភាពជាពលរដ្ឋល្អ អភិវឌ្ឍជំនាញទន់ ការត្រិះរិះពិចារណា ភាពជាអ្នកដឹកនាំ ការធ្វើសេចក្តីសម្រេចចិត្ត និងការស្ម័គ្រចិត្តចូលរួមក្នុងការងារអភិវឌ្ឍសង្គម។ ទន្ទឹមគ្នានេះ មានគុណតម្លៃភាពជាពលរដ្ឋល្អ ស្គាល់ច្បាស់អំពីអត្តសញ្ញាណជាតិ មានការទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង និងសង្គម ចូលរួមជាវិជ្ជមានដើម្បីផលប្រយោជន៍រួម, ទទួលបានចំណេះដឹង ជំនាញ បទពិសោធពីការអនុវត្តការងារជាក់ស្តែង ថែមទាំងមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីក្លាយជាចលករដ៏មានសារៈសំខាន់មួយសម្រាប់ប្រទេសជាតិ ក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានលើកទឹកចិត្តឱ្យសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ បន្តអនុវត្តវិធីសាស្ត្ររៀននិងបង្រៀនតាមបែបទំនើបថ្មីនេះ ព្រមទាំងបន្តពង្រីកការបង្រៀនតាមបែបគម្រោងឱ្យកាន់តែទូលំទូលាយ លើកកម្ពស់ការរៀនតាមរយៈការដោះស្រាយបញ្ហាសង្គម និងត្រូវរក្សានូវប្រព័ន្ធអេកូឡូស៊ី នៃការសិក្សានេះឱ្យបានល្អប្រសើរ ដើម្បីជំរុញកំណែទម្រង់សាលារៀន សំដៅលើកកម្ពស់លទ្ធផលសិក្សាសិស្ស។
ក្នុងឱកាសនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា គ្រប់លំដាប់ថ្នាក់ដែលបានជួយសម្របសម្រួលតាំងពីការចាប់ផ្តើមអនុវត្តកម្មវិធី «មនសិការពលរដ្ឋល្អ» ក្នុងឆ្នាំ២០២៤ និងនៅពេលនេះ បានបិទបញ្ចប់ការអនុវត្តគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» ប្រកបដោយភាពជោគជ័យក្នុងរាជធានី ខេត្តគោលដៅទាំង ១២។

កម្មវិធី “មនសិការពលរដ្ឋល្អ” មានកម្មវិធីសិក្សាក្នុងរយៈពេល ១ម៉ោង នៅក្នុងមួយសប្តាហ៍ ដែលមិនត្រឹមតែជាការសិក្សាលើទ្រឹស្តីនៃមេរៀននោះទេ ថែមទាំងជាការពិភាក្សាបន្ថែមនៅក្នុងថ្នាក់ ការធ្វើកិច្ចការងារជាក្រុម ដោយរួមបញ្ចូលការចូលរួមសកម្មភាពសង្គម និងការងារស្ម័គ្រចិត្តផ្សេងៗក្នុងសហគមន៍ ដែលត្រូវបានយកមកអនុវត្តក្នុងសង្គមជាក់ស្តែងផងដែរ។ ក្នុងនោះ គម្រោង “កម្ពុជាក្នុងបេះដូងខ្ញុំ” ជាយន្តការមួយដ៏សំខាន់ក្នុងការជួយលើកទឹកចិត្តសិស្សឱ្យចេះស្វែងយល់ ចេះមើលឃើញពីបញ្ហានៅក្នុងសហគមន៍ ហើយព្យាយាមជួយរកដំណោះស្រាយស្របតាមខ្លឹមសារបណ្តុះបណ្តាលមេរៀនទាំង៦ ដែលមាននៅក្នុងកម្មវិធីសិក្សា នៃកម្មវិធីមនសិការពលរដ្ឋល្អ។ ការអនុវត្តគម្រោងនេះ ជាវិធីសាស្រ្តបង្រៀន និងរៀនដែលឱ្យសិស្សអាចរៀនតាមរយៈការអនុវត្តគម្រោងជាក់ស្តែង ហើយបង្កើតជាផលិតផល ឬលទ្ធផលចុងក្រោយដោយផ្សារភ្ជាប់ជាមួយប្រធានបទធំៗលើវិស័យអប់រំ វប្បធម៌ សាសនា កីឡា សុខាភិបាល ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។
គួរជម្រាបជូនថា កម្មវិធី «មនសិការពលរដ្ឋល្អ» បានចាប់ផ្តើមដំណើរការចាប់ពីឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសមត្ថភាព ឆន្ទៈ និងស្មារតីដល់យុវជនកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អប្រកបដោយមនសិការស្នេហាជាតិ និងរួមចំណែកអភិវឌ្ឍសង្គមជាតិ។ ក្នុងឆ្នាំ២០២៦ នេះ គម្រោង «មនសិការពលរដ្ឋល្អ» នៅតែបន្តរក្សាដាក់ឱ្យអនុវត្តក្នុងរាជធានី-ខេត្តចំនួន១២ រួមមាន៖ រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ស្ពឺ ខេត្ដព្រះសីហនុ ខេត្ដបាត់ដំបង ខេត្ដស្វាយរៀង និងខេត្ដសៀមរាប ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ៕














































































