កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត។ កម្មវិធីនេះកំណត់ប្រាក់ដាក់ដើមចំនួន ១,០០០ដុល្លារពីរដ្ឋាភិបាល សម្រាប់កុមារដែលបំពេញលក្ខខណ្ឌសិទ្ធិទទួលបាន។
លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាម៉េរិក បានប្រកាសពីការចុះឈ្មោះដោយស្វ័យប្រវត្តិនេះ ក្នុងពិធីមួយនៅសេតវិមាន កាលពីថ្ងៃទី៧ ខែតុលា ដោយបញ្ជាក់ថា កុមារដែលមានសិទ្ធិទទួលបានគណនីនេះ ត្រូវបានចុះឈ្មោះរួចរាល់ហើយ។
យោងតាមសារព័ត៌មាន Fortune និង Investment News ការផ្លាស់ប្តូរទៅជាការចុះឈ្មោះដោយស្វ័យប្រវត្តិនេះ បានធ្វើឡើងបន្ទាប់ពីចំនួនអ្នកចុះឈ្មោះដោយស្ម័គ្រចិត្តមានកម្រិតទាបជាងការរំពឹងទុក។ Investment News បានរាយការណ៍ថា ក្រសួងរតនាគារអាម៉េរិកបានដំណើរការពាក្យស្នើសុំប្រមាណ ៥,៦លានពាក្យ ក្នុងចំណោមកុមារប្រមាណ ៧៣,៤លាននាក់ដែលមានសិទ្ធិទទួលបាន។

កម្មវិធី Trump Accounts គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋបាលលោក ត្រាំ ដែលមានគោលបំណងជួយកុមារកសាងទ្រព្យសម្បត្តិក្នុងរយៈពេលវែង តាមរយៈគណនីវិនិយោគដែលអាចបង្កើតផលចំណេញតាមពេលវេលា។
តាមលក្ខខណ្ឌកម្មវិធី ប្រាក់ដាក់ដើមចំនួន ១,០០០ដុល្លារពីរដ្ឋាភិបាលសហព័ន្ធ ត្រូវបានកំណត់សម្រាប់កុមារដែលកើតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨ និងបំពេញលក្ខខណ្ឌសិទ្ធិដែលបានកំណត់។
ចំណែកកុមារដែលកើតនៅក្រៅចន្លោះពេលនេះ ក៏អាចមានគណនី និងទទួលការរួមចំណែកពីគ្រួសារ ឬប្រភពឯកជនបានដែរ ដោយអនុវត្តតាមបទប្បញ្ញត្តិនៃកម្មវិធី។
ដើម្បីគ្រប់គ្រងគណនី ឪពុកម្តាយ ឬអាណាព្យាបាលត្រូវបំពេញនីតិវិធីទាមទារសិទ្ធិគ្រប់គ្រងគណនី តាមរយៈកម្មវិធីផ្លូវការ Trump Accounts App។ តាមរយៈនីតិវិធីនេះ ពួកគេអាចគ្រប់គ្រងគណនី រៀបចំការរួមចំណែកពីសាច់ញាតិ និងមិត្តភក្តិ ព្រមទាំងទទួលប្រាក់ដាក់ដើមពីរដ្ឋាភិបាល ប្រសិនបើកុមារបំពេញលក្ខខណ្ឌ។
សារព័ត៌មាន Fortune ក៏ធ្លាប់រាយការណ៍ថា គ្រួសារមួយចំនួនដែលបានចុះឈ្មោះក្នុងដំណាក់កាលដំបូង នៅតែកំពុងរង់ចាំប្រាក់ដាក់ដើមចំនួន ១,០០០ដុល្លារដែលរដ្ឋាភិបាលបានសន្យាផ្តល់ជូន។

លោក ស្កត បេសសិន (Scott Bessent) រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក បានថ្លែងថា ការអនុញ្ញាតឱ្យមានការរួមចំណែកជាភាគហ៊ុនដែលជួញដូរជាសាធារណៈ នឹងបង្កើតមធ្យោបាយជាក់ស្តែងសម្រាប់វិស័យឯកជនក្នុងការរួមចំណែកក្នុងទ្រង់ទ្រាយធំ ដើម្បីគាំទ្រដល់មនុស្សជំនាន់ក្រោយ។
ទោះបីជាកម្មវិធីនេះមានគោលបំណងជួយកុមារកសាងទ្រព្យសម្បត្តិក្នុងរយៈពេលវែងក៏ដោយ ក៏ផលចំណេញពីការវិនិយោគមិនត្រូវបានធានានោះទេ។ លទ្ធផលជាក់ស្តែងអាស្រ័យលើស្ថានភាពទីផ្សារ ចំនួនទឹកប្រាក់ដែលបានបញ្ចូលក្នុងគណនី និងរយៈពេលនៃការវិនិយោគ៕











































































