ក្រសួងអប់រំ យុវជន និងកីឡា ជំរុញការពង្រឹងយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទថ្នាក់បណ្ឌិត ដើម្បីលើកកម្ពស់គុណភាពសញ្ញាបត្របណ្ឌិតនៅកម្ពុជា និងឆ្លើយតបនឹងស្តង់ដារអប់រំក្នុងតំបន់ និងអន្តរជាតិ។ ការជំរុញនេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្តីពី «ការពិនិត្យវឌ្ឍនភាពនៃកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត» ដែលដឹកនាំដោយឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
ឯកឧត្តម ហង់ជួន ណារ៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តកំណែទម្រង់ការសិក្សាថ្នាក់បណ្ឌិត ដោយត្រូវរៀបចំយន្តការត្រួតពិនិត្យគុណភាព និងស្តង់ដារនិក្ខេបបទឱ្យបានតឹងរ៉ឹង និងច្បាស់លាស់ ដើម្បីពង្រឹងគុណភាពថ្នាក់បណ្ឌិតនៅកម្ពុជា។

ក្រសួងត្រូវពន្លឿនការរៀបចំសេចក្ដីណែនាំពាក់ព័ន្ធនឹងការធ្វើនិក្ខេបបទ និងវិធីសាស្ត្រស្រាវជ្រាវសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទាំងការសិក្សាផ្ទាល់នៅថ្នាក់រៀន និងតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ ក្រុមការងារត្រូវរៀបចំបញ្ជីគ្រឹះស្ថានសិក្សាទាំងអស់ដែលផ្តល់សញ្ញាបត្របណ្ឌិត ដើម្បីត្រៀមចុះអធិការកិច្ចគុណភាពបណ្តុះបណ្តាល និងបន្តប្រមូលស្នាដៃនិក្ខេបបទពីសាកលវិទ្យាល័យរដ្ឋ និងឯកជនទូទាំងប្រទេស ដាក់តម្កល់នៅបណ្ណាល័យសម្ដេចព្រះសង្ឃរាជ ជួន ណាត។
លោកបណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ AMS ថា ការធានាគុណភាពការសិក្សាថ្នាក់បណ្ឌិត ត្រូវផ្អែកលើការគោរពយ៉ាងម៉ឺងម៉ាត់នូវស្តង់ដារសិក្សា និងក្រមសីលធម៌វិទ្យាសាស្ត្រ ដោយមិនអាចរំលងនីតិវិធីសំខាន់ៗបានឡើយ។
លោកបណ្ឌិតបានបញ្ជាក់ថា និស្សិតថ្នាក់បណ្ឌិតត្រូវអាន និងសិក្សាឯកសារជាច្រើន ព្រមទាំងឆ្លងកាត់នីតិវិធីសិក្សា និងស្រាវជ្រាវជាបន្តបន្ទាប់ មុននឹងឈានដល់ការការពារនិក្ខេបបទ។

តាមការបញ្ជាក់របស់លោកបណ្ឌិត យ៉ង់ ពៅ និស្សិតថ្នាក់បណ្ឌិតនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបង្ហាញស្នាដៃស្រាវជ្រាវក្នុងសិក្ខាសាលាចំនួន២លើក និងមានស្នាដៃចុះផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រចំនួន២លើក មុនឈានដល់ការការពារនិក្ខេបបទ។
ការការពារនិក្ខេបបទ ត្រូវឆ្លងកាត់ការពិនិត្យ សួរនាំ និងរិះគន់ពីគណៈកម្មការ ដែលមានសមាជិកចាប់ពី៣នាក់ រហូតដល់៧នាក់។ លោកបណ្ឌិតបញ្ជាក់ថា នីតិវិធីទាំងនេះមិនអាចរំលងបានឡើយ។
លោកបណ្ឌិត យ៉ង់ ពៅ បានសង្កត់ធ្ងន់ថា គុណភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត មិនអាស្រ័យតែលើការបញ្ចប់ការសិក្សានោះទេ ប៉ុន្តែអាស្រ័យលើការគោរពស្តង់ដារសិក្សា ក្រមសីលធម៌សិក្សា និងក្រមសីលធម៌វិទ្យាសាស្ត្រ។
តាមក្រសួងអប់រំ កំណែទម្រង់ និងការពង្រឹងគុណភាពអប់រំថ្នាក់បណ្ឌិត គឺជាទិសដៅយុទ្ធសាស្ត្រមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងការអភិវឌ្ឍធនធានមនុស្សកម្ពុជា ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕












































































