ភ្នំពេញ – អ្នកមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយ ឬភាសាអង់គ្លេសថា Body Dysmorphic Disorder – Dysmorphophobia តែងផ្តោតលើការយកចិត្តទុកដាក់ខ្លាំងជ្រុលទៅលើគ្រប់ផ្នែកនៃរាងកាយ ។ អ្នកជំងឺនេះតែបារម្ភខ្លាំងជ្រុលពីស្លាកស្នាមលើស្បែកបន្តិចបន្តួច ដោយគិតថាកំពុងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ និងការងារប្រចាំថ្ងៃ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា ឯកទេសសុខភាពផ្លូវចិត្ត និងជានាយកប្រតិបត្តិអង្គការចិត្តសង្គមអន្ដរវប្បធម៌ TPO បានលើកឡើងថា អ្នកជំងឺចាប់អារម្មណ៍ខ្លាំងពីរាងកាយ ឬមុខមាត់ ដែលគាត់ជឿថាមានភាពអាក្រក់មើល ។ អ្នកមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយតែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើផ្នែកផ្សេងៗនៃរាងកាយ ដោយជឿជាក់ថា រាងកាយមិនមានសោភ័ណ្ឌភាព ព្រួយបារម្ភ ឬអន្ទះសារពេលរាងកាយប៉ះពាល់ចំណុចណាមួយ ។
អ្នកជំនាញខាងជំងឺផ្លូវចិត្តរូបនេះ បានបន្តថា ការព្រួយបារម្ភនេះជួនកាលរហូតនាំឱ្យអ្នកជំងឺលែងហ៊ានឆ្លុះកញ្ចក់ទៀតផង ដោយសារបញ្ហានេះ អ្នកជំងឺអាចស្វែងរកការវះកាត់កែសម្ជស្ស (plastic surgery) ម្តងហើយ ម្តងទៀត ដើម្បីកែលំអរនូវអ្វីដែលគ្មាននណាម្នាក់បានឃើញ ឬចាប់អារម្មណ៍ពីភាពមិនប្រក្រតីនោះសោះ។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា បានបញ្ជាក់ថា ៖
“ប្រសិនជាមនុស្សមានបញ្ហាទាំងអស់នេះ កុំព្រួបារម្ភព្រោះជំងឺនេះជាជំងឺអាចព្យាបាលជាដោយការផ្តល់ប្រឹក្សាផ្លូវចិត្ត និងការប្រើប្រាស់ឱសថបាន”
ទន្ទឹមនឹងគ្នាផងដែរ តាមការចុះផ្សាយរបស់គេហព័រនៃគ្លីនិក Cleveland បានបង្ហាញថា ជំងឺនេះប៉ះពាល់ដល់មនុស្សគ្រប់ភេទ វាមាននិន្នាការចាប់ផ្តើមក្នុងកំឡុងវ័យជំទង់ ឬពេញវ័យដំបូង ហើយនោះជាវ័យដែលកុមារចាប់ផ្ដើមប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ។ ចំណុចដែលបារម្ភបំផុតសម្រាប់អ្នកមានជំងឺនេះរួមមាន ភាពមិនល្អឥតខ្ចោះនៃស្បែក រួមទាំងស្នាមជ្រួញ ស្នាមមុន និងស្នាមជាំ សក់ រួមទាំងក្បាល ឬដងខ្លួន ឬទំពែកមុខ ដងខ្លួនមិនស្អាត ព្រមទាំងបញ្ហាក្រពះ និងពោះវៀន។

លើសពីនេះ អ្នកដែលមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយអាចនឹងមើលខ្លួនឯងថា “អាក្រក់” មិនចង់ការងារ ឬសាលា ព្រោះមិនចង់ឱ្យអ្នកដទៃឃើញពួកគេ ជៀសវាងការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា ជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយនេះ គឺជាជំងឺផ្លូវចិត្តមួយក្នុងចំណោមជំងឺផ្លូវចិត្តដទៃទៀត។ ជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយប៉ះពាល់ដល់មនុស្សប្រហែល ១នាក់ក្នុងចំណោម ៥០នាក់។ នៅសហរដ្ឋអាមេរិក មនុស្សប្រមាណពី ៥លានទៅ ១០លាននាក់មានជំងឺនេះ។ អ្នកដែលមានជំងឺព្រួយបារម្ភពីការខូចខាតនៃរាងកាយប៉ះពាល់អាចស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីរោគសញ្ញារបស់ពួកគេ ហើយប្រហែលជាមិនបានទទួលការធ្វើរោគវិនិច្ឆ័យទេ៕




