កម្មវិធី Next-Gen Engagement Program – Batch III របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) កំពុងជួយពង្រឹងទាំងជំនាញបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់និស្សិត តាមរយៈការចែករំលែកចំណេះដឹងរវាងសិស្សច្បង និងសិស្សប្អូន ព្រមទាំងការអនុវត្តគម្រោងជាក់ស្តែង ដែលស្របតាមតម្រូវការរបស់ឧស្សាហកម្មបច្ចេកវិទ្យា។
កញ្ញា សៀត ស្រីឡេន ប្រធានអ្នករៀបចំកម្មវិធី Next-Gen Engagement Program – Batch III បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងជាលើកទី៣ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅសាលា(CADT) ក្នុងគោលបំណងផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី២ ចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់និស្សិតឆ្នាំទី១ លើមុខវិជ្ជាសំខាន់ៗ ដែលស្របតាមកម្មវិធីសិក្សារបស់សាលា ដើម្បីជួយឱ្យប្អូនៗត្រៀមខ្លួនបានកាន់តែល្អ មុនឈានចូលឆ្នាំសិក្សាបន្ទាប់។
កញ្ញាបានបន្តថា វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំតាមជំនាញសំខាន់ៗរបស់សាលា រួមមាន Computer Science, Telecom and Networking និង Digital Business ព្រមទាំងជំនាញផ្សេងៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល និងការធ្វើអាជីវកម្ម។

កញ្ញាបានបន្ថែមថា កម្មវិធីនេះផ្តល់អត្ថប្រយោជន៍ទាំងដល់អ្នកហ្វឹកហាត់ និងអ្នកបណ្តុះបណ្តាល។ អ្នកហ្វឹកហាត់ទទួលបានការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ចំណេះដឹងមូលដ្ឋាន និងឱកាសពង្រីកបណ្តាញទំនាក់ទំនងជាមួយនិស្សិតជំនាន់មុន ខណៈអ្នកបណ្តុះបណ្តាលទទួលបានបទពិសោធន៍ក្នុងការបង្រៀន ការដឹកនាំក្រុម និងការអភិវឌ្ឍជំនាញទន់ ដែលមានសារៈសំខាន់សម្រាប់ការសិក្សា និងអាជីពនាពេលអនាគត។
កញ្ញាបានឱ្យដឹងថា ឆ្នាំនេះ កម្មវិធីរំពឹងថានឹងមានអ្នកចូលរួមសរុបជាង ៥៧០ នាក់។ បច្ចុប្បន្ន មានអ្នកហ្វឹកហាត់ចំនួន ២៤០ នាក់ និងអ្នកបណ្តុះបណ្តាលចំនួន ១២០ នាក់។ បើធៀបនឹងការរៀបចំលើកដំបូង ចំនួនអ្នកចូលរួមបានកើនឡើងជាបន្តបន្ទាប់ ដែលឆ្លុះបញ្ចាំងពីការគាំទ្រ និងជំនឿទុកចិត្តកាន់តែខ្លាំងចំពោះកម្មវិធីនេះ។
លោកបណ្ឌិត ឌុច ឌីនីល ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិស្វកម្មឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) បានមានប្រសាសន៍ថា កម្មវិធីនេះផ្តោតលើការអនុវត្តគម្រោងជាក់ស្តែង (Real-world Project) ជាជាងការសិក្សាទ្រឹស្តី ដើម្បីឱ្យនិស្សិតទទួលបានបទពិសោធន៍ដែលជិតស្និទ្ធនឹងបរិយាកាសការងារពិត។
លោកបណ្ឌិតបានពន្យល់ថា និស្សិតឆ្នាំទី២ មានតួនាទីបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់និស្សិតឆ្នាំទី១ ខណៈនិស្សិតឆ្នាំទី៣ ដែលទើបបញ្ចប់កម្មសិក្សានៅតាមក្រុមហ៊ុនរយៈពេលប្រមាណ ២ខែកន្លះ នឹងនាំយកបទពិសោធន៍ពីការងារជាក់ស្តែងមកណែនាំនិស្សិតឆ្នាំទី២ ដើម្បីជួយឱ្យពួកគេអភិវឌ្ឍគម្រោងដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្ម។

លោកបណ្ឌិតបានបន្ថែមថា ការរៀនពីសិស្សច្បងទៅសិស្សប្អូន មិនត្រឹមតែជួយពង្រឹងចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបណ្តុះភាពជាអ្នកដឹកនាំផងដែរ។ លោកបានលើកឡើងថា ភាពជាអ្នកដឹកនាំមិនមែនសំដៅតែទៅលើការមានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាសមត្ថភាពក្នុងការចែករំលែក បង្រៀន និងជួយឱ្យអ្នកដទៃអាចយល់ និងអនុវត្តបាន។
លោកបានបញ្ជាក់ថា ការបន្តចែករំលែកចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ មិនត្រឹមតែជួយអភិវឌ្ឍជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងជំនាញទំនាក់ទំនង ការងារជាក្រុម និងភាពជាអ្នកដឹកនាំ ដែលជាជំនាញសំខាន់សម្រាប់ការងារក្នុងវិស័យឌីជីថល៕












































































