NEA ប្រកាស​ពី​ឱកាស​ការងារជាង ២៥ម៉ឺនកន្លែង សម្រាប់ពលករដែល​ត្រឡប់​មក​ពី​ប្រទេសថៃ

ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) បានឱ្យដឹងថា នៅក្នុង​ខែសីហា​នេះ មាន​ឱកាស​ការងារសរុប​ចំនួន ២៥០ ៥៨២កន្លែង ត្រៀម​ស្វាគមន៍​សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មក​ពី​ប្រទេសថៃ។

បើតាម​តួលេខដែលបង្ហាញដោយ NEA ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំង​ពលកម្មក្នុងផ្នែកឧស្សាហកម្មសរុបចំនួន ៦៤៦២៨កន្លែង, ខេត្តស្វាយរៀង ត្រូវ​ការ​កម្លាំង​ពលកម្ម ៥២ ៩៨៩កន្លែង, ភ្នំពេញត្រូវការ​កម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្ម ៣៧ ២៣៨កន្លែង និង​សេវាកម្ម ២៤៨៥កន្លែង, ខេត្តកំពង់ឆ្នាំង ១៨ ៣៧៦កន្លែង, ខេត្តកណ្តាល ១៥ ៦៤៣កន្លែង, ខេត្តតាកែវ ១៣ ៥៨៩កន្លែង, ខេត្តកោះកុង ៩ ៧២០កន្លែង, ខេត្តកំពង់ចាម ៦៦៣០កន្លែង, ខេត្តព្រះសីហនុ ៤៥៧៩កន្លែង, ខេត្តរតនគិរី ត្រូវការកម្លាំងពលកម្ម​ក្នុងវិស័យកសិកម្ម ចំនួន ៩ ៦៩០កន្លែង, ខេត្តក្រចេះ ៦៤៣០កន្លែង និង​ខេត្តស្ទឹងត្រែង ៣៤៤៣កន្លែង។

លោក ថុន ដាណេ រដ្ឋបាល និងជាមន្រ្តីធនធានមនុស្សនៅក្រុមហ៊ុន ស៊ុមី (ខាមបូឌា) វ៉ាយរីង ស៊ីស្ទឹម ដែលជា​ក្រុមហ៊ុន ផ្នែកបង្គុំខ្សែភ្លើង​ក្នុងរថយន្ត មានទីតាំង​ស្ថិត​នៅតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់គ្រុបភ្នំពេញ មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមហ៊ុនរបស់លោក​កំពុងតែត្រូវ​ការ​កម្មករ កម្មការិនី​ប្រមាណ៣០០នាក់បន្ថែមទៀត ដូច្នេះក្រុមហ៊ុន​លោកស្វាគមន៍ចំពោះ​បងប្អូនពលករ​ដែលត្រឡប់មកពី​ប្រទេសថៃវិញ ហើយ​មានបំណងចង់ស្វែងរក​ការងារធ្វើ។

លោក ថុន ដាណេ រដ្ឋបាល និងជាមន្រ្តីធនធានមនុស្សនៅក្រុមហ៊ុន ស៊ុមី (ខាមបូឌា) វ៉ាយរីង ស៊ីស្ទឹម

បើតាម​លោក ដាណេ លក្ខខណ្ឌការងារនៅក្រុមហ៊ុន ស៊ុមី (ខាមបូឌា) គឺមិនរើសអើង​នរណាម្នាក់ឡើយ ទោះជាមានជំនាញ ឬមិនមានជំនាញ, ហើយ​ក្រុមហ៊ុន​នឹង​ផ្តល់អត្ថប្រយោជន៍ស្របតាម​ក្រសួងការងារ ដូចជា​ប្រាក់ខែគោល ប្រាក់ថែមម៉ោង ប្រាក់អតីតភាពការងារផ្សេងៗ ដែលវិស័យ​ការងារ​បានកំណត់។ លើសពីនេះទៀត ក្រុមហ៊ុន​ក៏​មាន​អគារ​សម្រាប់កម្មករចង់ស្នាក់នៅ មានអាហារពីរពេល (អាហារថ្ងៃត្រង់ និងល្ងាច) អាហារសម្រន់ មធ្យោបាយ​ធ្វើដំណើរ​ដឹកជញ្ជូនទៅមក ហើយ​ថែមទាំង​មានការ​បណ្តុះបណ្តាល ព្រមជាមួយ​ប្រាក់ឧបត្ថម្ភផ្សេងៗ។

កញ្ញា ឡៃ ស្រីម៉ៅ ជារដ្ឋបាលរោងចក្រ ស៊ីជាប់បែលយូខេអេជ ហ្កាមែន (ខេមបូឌា) ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា រោងចក្រ​របស់នាងក៏​​កំពុង​ជ្រើសរើស​កម្មករ​ក្នុងវិស័យ​កាត់ដេរ​ប្រមាណជាង១រយនាក់ដែរ ដូច្នេះសម្រាប់បងប្អូនពលករ​ដែល​កំពុង​ស្វែង​រក​ការងារធ្វើ អាចទំនាក់ទំនងទៅកាន់រោចក្រ ឬក៏​ទៅកាន់ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ។

យោង​តាម​របាយការណ៍របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយ​ពីមានទំនាស់ព្រំដែន​រវាងប្រទេស​កម្ពុជា និងថៃ រយៈពេល​២ខែមកនេះ បានបង្ខំ​ឱ្យ​ពលករខ្មែរចំនួន ៧៥ម៉ឺននាក់ហើយ បាន​ចាកចេញ​ពីប្រទេសថៃ និងវិលត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកទឹកចិត្ត​ដល់បងប្អូន​ពលករ​ខ្មែរ​ដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះធ្វើការងារនៅក្នុងស្រុក ដោយថា វាមិនត្រឹម​តែ​ជួយ​ដល់បងប្អូនពលករ​ខ្លួនឯង​ប៉ុណ្ណោះទេ តែក៏​ជួយ​ដល់ប្រទេស​ជាតិ មានលទ្ធភាពទាញរោងចក្រ​ថ្មីៗ​ឱ្យ​មក​ច្រើន​ថែមទៀត ហើយ​រោងចក្រ​មក​កាន់តែច្រើន ដែល​ក៏​បង្កើន​ឱកាស​ការងារ​ក្នុងស្រុក​កាន់តែច្រើន៕

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *